កុមារារបួសភ្នែកនឹងទួណឺវីសពេលរឹតហ្វ្រាំងកង់ នៅខេត្តកំពង់ស្ពឺ ត្រូវបានលោក ហ៊ុន ម៉ានី និងលោកស្រីជួយសង្គ្រោះ រហូតជាសះស្បើយ

(ភ្នំពេញ)៖ កុមារាក្រីក្រកំសត់របួសភ្នែកធ្ងន់ធ្ងរ ដោយសារចាក់នឹងទួណឺវីសពេលរឹតហ្វ្រាំងកង់ទៅសាលា ត្រូវបានលោក ហ៊ុន ម៉ានី អ្នកតំណាងរស្ត្រមណ្ឌលកំពង់ស្ពឺ និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក​​​ ជួយវះកាត់ និងព្យាបាលបានដោយជោគជ័យ នាមន្ទីរអង្គឌួង ក្នុងរាជធានីភ្នំពេញ។

កុមារារបួសភ្នែកនេះ ឈ្មោះ អុឹម ឯកមុន្នី អាយុ១៣ឆ្នាំ មានឱពុកឈ្មោះ ម៉ម ចាន់ថន អាយុ៤៨ឆ្នាំ និងម្តាយឈ្មោះ ឡុង រិទ្ធី អាយុ៣៧ ឆ្នាំ ជាគ្រួសារកសិករក្រីក្រ រស់នៅក្នុងភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ការព្យាបាលរហូតបានជោគជ័យនេះ គឺធ្វើឡើងដោយមានការសម្របសម្រួលពីលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទីរពេទ្យអង្គឌួង ពិនិត្យ វះកាត់ ព្យាបាល និងលាងសំអាតជាបន្តបន្ទាប់តាមបច្ចេកទេសទំនើបនាសម័យបច្ចុប្បន្ន បន្ទាប់ពីឯកឧត្តម ហ៊ុន ម៉ានី បានចាត់បញ្ជាមកលោកបណ្ឌិត ហេង សុខគង់ និងលោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុប្រធាន និងជាប្រធានប្រតិបត្តិ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដើម្បីស្នើសុំបញ្ជូនបន្ទាន់កុមារារងគ្រោះមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យនេះ។

សូមរំឭកថា កុមារា អុឹម ឯកមុន្នី បច្ចុប្បន្នរៀននៅថ្នាក់ទី៨ នៃអនុវិទ្យាល័យត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នាថ្ងៃមួយ ក្នុងខែមេសា ឆ្នាំ២០១៩នេះ ពេលឃើញហ្វ្រាំងកង់ធូរខ្លាំងពេក កុមារារូបនេះ បានខ្ចីទួណឺវីសផ្ទះអ្នកជិតខាងមករឹតហ្វ្រាំងកង់ ដែលនៅពេលកំពុងរឹតឲ្យតឹង ផ្លែទួណឺវីសក៏ភ្លាត់ចេញពីស្រោម ហើយចាក់ចំភ្នែកខាងស្តាំតែម្តង​​​ រហូតធ្វើឲ្យភ្នែកម្ខាងហូរឈាមខ្លាំងណាស់ ហើយចាប់ចាប់ផ្តើមងងឹតមុខបន្តិចថែមទៀតផង។

ជុំវិញករណីរបួសភ្នែកនេះ លោកគ្រូ ឈុម សុវង្ស បង្រៀននៅអនុវិទ្យាល័យត្រែងត្រយឹង បានបង្ហោះនៅទំព័តហ្វេសប៊ុក របស់លោកថា «កំសត់លើកំសត់ហើយប្អូនប្រុស គ្រួសារក៏លំបាក គ្រាន់តែរឹតហ្វ្រាំងកង់ដើម្បីជិះទៅសាលាសោះ ត្រូវភ្លាត់ទួណឺវីសចូលភ្នែក បណ្តាលឲ្យបែកកែវភ្នែកខ្វាក់។ ប្អូនទើបបានរៀនដល់ថ្នាក់ទី៨ ស្លូតបូត លោកគ្រូអាណិតណាស់ លោកគ្រូអាចជួយបានត្រឹមតែប៉ុណ្ណឹង ឆាប់ជាណាប្អូន»។

ក្រោយពីបានដឹងព័ត៌មាននេះភ្លាម លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានទាក់ទងសួរយោបល់ពីលោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ហើយលោកបណ្ឌិតក៏បានរាយការណ៍បន្តជូនលោក ហ៊ុន ម៉ានី និងលោកស្រី ដើម្បីរកវិធីជួយសង្គ្រោះរហូតបានជោគជ័យ។

ក្រោយពីការវះកាត់ និងព្យាបាល ភ្នែករបស់កុមារា អុឹម ឯកមុន្នី ចាប់ផ្តើមមើលឃើញជាបណ្តើរៗវិញហើយ ចំណែកម្តាយមានក្តីរំភើបឥតឧបមា ដោយមិននឹកស្មានថា ភ្នែកកូន អាចមើលឃើញពន្លឺព្រះអាទិត្យសារជាថ្មី ដូច្នេះសោះ ហើយនានលើកដៃសំបូងសំរូង ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតដល់លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន ព្រមទាំងអ្នកសម្រសម្រួល និងក្រុមគ្រូពេទ្យទាំងអស់ ដែលជាអ្នកផ្តល់នូវជីវិតថ្មីដល់ប្អូន សូមបានជួបប្រទះតែនឹងសេចក្តីសុខចម្រើន និងសុខសុភមង្គលជានិច្ចតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com