ស្នងការ​ក្រុង​ជំរុញ​ឲ្យពលរដ្ឋ​​បំពាក់​កាមេរ៉ា​សុវត្ថិភាព​​ នៅ​កន្លែងវេលុយ​​ ដូរលុយ​​ ​

(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក​ ស ថេត បានណែនាំឲ្យមន្ត្រីមានសមត្ថកិច្ច នៅតាមខណ្ឌទាំង ១២ ក្នុងរាជធានីភ្នំពេញ បន្តជំរុញ និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ​បំពាក់កាមេរ៉ាសុវត្ថិភាព​ ជាពិសេស កន្លែងវេលុយ​ ដូរលុយ​ និងសហការជាមួយសមត្ថកិច្ចនៅពេលមានបទល្មើសកើតឡើង។ ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែ ​របស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យផែនការ​បង្ការ​ ទប់ស្កាត់​ និង​ បង្រ្កាបអំពើលួច​-ឆក់នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី​០៣​ ខែឧសភានេះ។

​បើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក​ ស ថេត ក្នុងចំណោយមខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ មានខណ្ឌចំនួន​៤ ដូចជាខណ្ឌចំការមន​ ខណ្ឌដូនពេញ​ ខណ្ឌទួលគោក​ និងខណ្ឌ៧មករា​ សភាពការណ៍សន្តិសុខ​ មានភាពល្អប្រសើរជាងមុន​ និងបទល្មើសលួច​ ឆក់​ ប្លន់​ និងបញ្ហាផ្សេងបានកាត់បន្ថយ​។

ជាមួយគ្នានេះ ស្នងការក្រុងក៏បានណែនាំបន្ថែមនូវចំណុចសំខាន់ៗមួយចំនួនទៀតដូចជា បន្តពង្រឹងរបាយការណ៍ប្រចាំថ្ងៃ ខែ និងឆ្នាំ ដើម្បីដឹងថាបទល្មើសកើន ឬថយចុះ, បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ រឹតបន្តឹងអាវុធជាតិផ្ទុះ​ និង​គ្រឿងស្រវឹង​នាពេលយប់, ការពារគណ:ប្រតិភូ និងថ្នាក់ដឹកនាំកំពូលអន្តរជាតិ អធិការខណ្ឌត្រូវចុះផ្ទាល់ មិនត្រូវបណ្តោយឲ្យតែអធិការរងចុះនោះឡើយ ដើម្បីពិនិត្យកងកម្លាំង និងរៀបរយរបៀបធ្វើការអោយបានល្អ ព្រោះជាមុខមាត់ប្រទេសជាតិ និងត្រូវបន្តពង្រឹងការងារសន្តិសុខ ដោយបើកវគ្គបំប៉នសិក្សាផ្សេងៗ និងបន្ថែមកម្លាំងថ្មី ដើម្បីដើរឲ្យទាន់សម័យកាល៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com