ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ធ្វើ​បាឋកថា​ ក្នុង​ឱកាស​ខួប​២០​ឆ្នាំ​ នៃ​ការ​ចូល​ជា​សមាជិក​អាស៊ាន​របស់​កម្ពុជា​

(​ភ្នំពេញ)​៖​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ធ្វើ​បាឋកថា​ ក្នុង​ឱកាស​ខួប​២០​ឆ្នាំ​ នៃ​ការ​ចូល​ជា​សមាជិក​អាស៊ាន​របស់​កម្ពុជា​ លើ​ប្រធានបទ​”​កម្ពុជា​នៅ​ក្នុង​ដំណើរការ​នៃ​ការ​កសាង​សហគមន៍​អាស៊ាន​”​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​វិទ្យាស្ថាន​អប់រំ​។​

​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ មាន​ប្រសាសន៍​ថា​ សមាគម​ នៃ​ប្រជាជាតិ​អាស៊ី​អា​គ្នេ​ហ៍​ ហៅ​កាត់​ភាសា​អង់គ្លេស​”​ Association​ of​ Southeast​ Asian​ Nations​ -​ ASEAN”​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​១៩៦៧​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ តាម​រយៈ​”​ ASEAN​ Declaration​ គឺ​សេចក្តីថ្លែងការណ៍​អាស៊ាន​”​ ឬ​ជា​ទូទៅ​ត្រូវ​បាន​ហៅ​ថា​”​សេចក្តីថ្លែងការណ៍​ទីក្រុង​បាងកក​-​ Bangkok​ Declaration”​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​សមាជិក​ចំនួន​៥​គឺ​ឥណ្ឌូ​នេ​ស៊ី​ ម៉ា​ឡេ​ស៊ី​ ហ្វី​លី​ពី​ន​ សិង្ហ​បុរី​ និង​ថៃ​ ដែល​ជា​ស្ថាបនិក​ដំបូង​។​

​តាម​រយៈ​សេចក្តីថ្លែងការណ៍​ អាស៊ាន​មាន​គោលដៅ​រួម​សំខាន់​៣​គឺ​៖
១-​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ វឌ្ឍនភាព​សង្គម​ រក្សា​សន្តិភាព​ និង​ស្ថិរភាព​តំបន់​។​
២-​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ជា​សមាជិក​។​
​និង​ទី​៣-​ជា​វេទិការ​សម្រាប់​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា​ក្នុង​តំបន់​។​

​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ មាន​ប្រសាសន៍​បន្ត​ថា​ កម្ពុជា​បាន​សម្រេច​ចូល​ជា​សមាជិក​អាស៊ាន​ ដោយ​មូលហេតុ​ធំៗ​៤​យ៉ាង​គឺ​៖
១-​គោលការណ៍​មិន​ជ្រៀត​ជ្រែកចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​។​ គោលការណ៍​នេះ​ បាន​ផ្តល់​មូលដ្ឋាន​គតិ​យុ​ត្ត​ដ៏​សំខាន់​ដល់​កម្ពុជា​ក៏​ដូច​ជា​ដល់​សមាជិក​ដទៃ​ទៀត​ទាំងអស់​ ដើម្បី​ការពារ​នូវ​ផលប្រយោជន៍​ជាតិ​ គេច​ផុត​ពី​ការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​។​
២-​អាស៊ាន​ធ្វើការ​សម្រេច​លើ​កិច្ចការ​នានា​ផ្អែក​តាម​កុងសង់ស៊ីស​(Consensus)​ការ​បញ្ចេញ​ទស្សនៈ​ និង​ផ្លាស់​ប្តូរ​យោបល់​ផ្នែក​នយោបាយ​ដោយ​ស្មើភាព​ និង​ស្មើ​សិទ្ធ​។​
៣-​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​យ៉ាង​ធំធេង​ខាង​ផ្នែក​សេដ្ឋកិច្ច​ តាម​រយៈ​ការ​អភិវឌ្ឍន៍​សង្គម​ ការ​ពង្រីក​ទីផ្សារ​ជា​ពិសេស​កា​រត​ភ្ជាប់​អាស៊ាន​ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។​
៤-​អាស៊ាន​ជា​ច្រក​និង​ជា​ស្ពាន​ការទូត​ដ៏​ធំ​របស់​កម្ពុជា​ ឆ្ពោះទៅ​កាន់​តំបន់​នានា​ និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ​តាម​រយៈ​ដៃគូ​សន្ទនា​របស់​អាស៊ាន​ ដៃគូ​ខាងក្រៅ​ផ្សេងៗ​ទៀត​ រួម​ទាំង​អង្គការ​តំបន់​ និង​អង្គការ​អន្តរជាតិ​នានា​។​

​សូម​បញ្ជាក់​ថា​ កម្ពុជា​បាន​ក្លាយជា​សមាជិក​អាស៊ាន​ នៅ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​១៩៩៩​ កម្ពុជា​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សមាជិក​ដទៃ​ទៀត​ ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន​មួយ​ ដែល​”​ផ្តោត​លើ​ប្រជាជន​ និង​យក​ប្រជាជន​ជា​ស្នូល​”​ ក្នុង​ស្មារតី​នៃ​ភាព​ម្ចាស់​ការ​ និង​ការ​ទទួលខុស​ត្រូ​វួ​ម​។​

​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ មាន​ប្រសាសន៍​បន្ថែម​ថា​ កម្ពុជា​ក៏​នឹង​កំពុង​នឹង​ជួប​ប្រទះ​នូវ​បញ្ជា​ប្រឈម​​មួយ​ចំនួន​បើ​ប្រៀបធៀប​នឹង​ប្រទេស​សមាជិក​អាស៊ាន​ដូច​ជា​៖​ ធនធានមនុស្ស​ និង​ការ​ពង្រឹងសមត្ថភាព​ស្ថាប័ន​នៅ​មាន​កម្រិត​ កង្វះ​ពលកម្ម​ជំនាញ​ កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្រភព​ធនធាន​ ការ​អនុវត្ត​កិច្ចព្រមព្រៀង​អាស៊ាន​ផ្សេងៗ​នៅ​ថ្នាក់​ជាតិ​មិន​ទាន់​មាន​ភាព​ស៊ីជម្រៅ​ និង​បាន​ទូលំទូលាយ​។​ ​ប្រភព​ធនធាន​និង​មូលនិធិ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​និង​មធ្យ​នៅ​មាន​កម្រិត​ មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​នៅ​មាន​កម្លាំង​តូច​ ដែល​ពុំ​ទាន់​អនុញ្ញាត​ឲ្យ​មាន​កម្លាំង​ប្រកួតប្រជែង​រឹង​មាំ​ គម្លាត​អភិវឌ្ឍន៍​រវាង​និង​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ កង្វះ​បច្ចេកវិទ្យា​ជា​បញ្ហា​គន្លឹះ​ ដែល​កម្ពុជា​នឹង​កំពុង​ប្រឈម​ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com