សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន ប៉ុន្មាន​លើក​ហើយ​?

(​ភ្នំពេញ​)៖ តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​ក្នុង «​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​» និង​កិច្ចប្រជុំ​សំខាន់ៗ​ផ្សេងទៀត ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​គិត​ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត ឆ្នាំ​១៩៩៣ មកដល់​ខែមេសា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច និង​បំពេញការងារ​ផ្លូវការ​នៅ​ប្រទេស​ចិន ចំនួន ៨ លើក ដោយ​លើកដំបូង កាលពី​ខែកុម្ភៈ ឆ្នាំ​១៩៩៩ តាំងពី​ជំនាន់​ប្រធានាធិបតី​ចិន គឺ​លោក ចាង ហ្សេ​មិន ( Jiang Zemin) បន្ត​ដល់​ប្រធានាធិបតី លោក ហ៊ូ ជិន​តាវ ( Hu Jintao) នៅ​ខែមេសា ឆ្នាំ​២០០៤ រហូតដល់​ជំនាន់​លោក ស៊ី ជិន​ពីង (Xi Jinping ) កាលពី​ឆ្នាំ​២០១៣ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​នេះ​។​

១-​ចាប់ពី​ថ្ងៃទី​០៩-១២ ខែកុម្ភៈ ឆ្នាំ​១៩៩៩ សម្តេច​តេ​ជោ ហ៊ុន សែន បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន ដោយ​កាលណោះ កម្ពុជា​ទទួលបាន​ប្រាក់កម្ចី​សម្បទាន​ពី​ចិន ២០០​លាន​ដុល្លារ ហើយ​ចិន ក៏បានផ្តល់​ជំនួយ​បន្ថែម​ដល់​កម្ពុជា ១៨,៣ លាន​ដុល្លារ​ថែមទៀត​។​

២-​កាលពី​ថ្ងៃទី​២៤-២៥ ខែមេសា ឆ្នាំ​២០០៤ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ដោយ​សម្តេច បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ចិន លោក ហ៊ូ ជិន​តាវ ក្នុងពេល​សម្តេច ចូលរួម​វេទិកា​សេដ្ឋកិច្ច Boao​។ កម្ពុជា​-​ចិន បាន​ចុះ​កិច្ចព្រមព្រៀងទ្វេភាគី ចំនួន ១៦​។​

៣-​ចាប់ពី​ថ្ងៃទី​១៣-១៧ ខែធ្នូ ឆ្នាំ​២០១០ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​ប៉េកាំង ដោយ​សម្តេច​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក Wen Jaibao​។ មេដឹកនាំ​ទាំង​២ បាន​ឯកភាព​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ដល់ ២៥០០ លាន​ដុល្លារ នៅត្រឹម​ឆ្នាំ​២០១៥​។ ចិន ក៏បាន​ប្រកាស​ត្រៀមខ្លួន​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​វិស័យ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និង​ហិរញ្ញវត្ថុ និង​ការបន្ត​ផ្តល់ជំនួយ​មក​កម្ពុជា​។​

៤-​ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៣ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ដោយ​សម្តេច​បាន​ជួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង ( Li Keqiang) បន្ទាប់ពី​សម្តេច ចូលរួម​វេទិកា Boao សម្រាប់​សន្និសីទ​តំបន់​អាស៊ី ប្រចាំឆ្នាំ​២០១៣ នៅ​ខេត្ត​ហៃ​ណាន់​។ មេដឹកនាំ​កម្ពុជា​-​ចិន បាន​ជំរុញ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ ឱ្យបាន ៥០០០ លាន​ដុល្លារ នៅត្រឹម​ឆ្នាំ​២០១៧​។​

៥-​នៅក្នុង​ខែតុលា ឆ្នាំ​២០១៥ សម្តេច ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ចិន ដោយ​សម្តេច បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ក្នុងអំឡុងពេល​សម្តេច ចូលរួម​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​សកល នៅ​ប្រទេស​ចិន​។ ក្នុងជំនួប​នោះ ភាគី​ចិន បាន​សន្យា​នាំចូល​អង្ករ ១០​ម៉ឺន​តោន ក្នុង​មួយឆ្នាំ​ពី​កម្ពុជា និង​ផ្តល់ជំនួយ​ជាង ១៥៧​លាន​ដុល្លារ មក​កម្ពុជា​។​

៦-​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅកាន់​ប្រទេស​ចិន ដោយ​ជួប​លោក លី ខឺ​ឈាង ( Li Keqiang) នាយករដ្ឋមន្ត្រី​ចិន ក្នុងអំឡុងពេល​សម្តេច ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ ក្នុង​កិច្ចពិភាក្សា​ការងារ នៅ​ក្រុង​ប៉េកាំង មេដឹកនាំ​ទាំង​២ ក៏បាន​ធ្វើជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ អនុស្សារណៈ និង​កិច្ចព្រមព្រៀង​សំខាន់ៗ​ជាច្រើន​។​

៧-​កាលពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន ដើម្បី​ចូលរួម​ការតាំងពិព័រណ៍​ខួប​អនុស្សាវរីយ៍ លើក​ទី​៤០ នៃ «​កំណែទម្រង់ និង​ការបើក​ទូលាយ​» ប្រទេស​ចិន អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម កម្ពុជា​-​ចិន ឆ្នាំ​២០១៩ និង​ជួប​សំណេះសំណាល ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន ផងដែរ​។ ជា​លទ្ធផល នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ចិន កាលពី​ខែមករា ឆ្នាំ​២០១៩ គឺ​ចិន​បានផ្តល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​ដល់​កម្ពុជា និង​សន្យា​ទិញ​អង្ករ ៤០​ម៉ឺន​តោន​ពី​កម្ពុជា នៅ​ឆ្នាំ​២០១៩​នេះ​។​

៨-​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង «​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​» និង​កិច្ចប្រជុំ​សំខាន់ៗ​ផ្សេងទៀត នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​លើក​នេះ ក៏​ដូច​លើក​មុនៗ​ដែរ អំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួ​បប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង និង​នាយករដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង ព្រមទាំង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ចិន​ជាច្រើន​ទៀត ដើម្បី​ពង្រឹង​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ក្នុងនាម​ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ពិសេស​កិច្ចពិភាក្សា​លើ​ការពង្រឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ហើយ​ក្នុងនោះ អនុស្សារណៈ និង​កិច្ចព្រមព្រៀង​មួយចំនួន ក៏​ត្រូវបាន​ចុះហត្ថលេខា​ផងដែរ​។​

​ជាការ​កត់សម្គាល់ នៅ​រាល់​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ក្នុងពេល​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន ទាំង ៣ ជំនាន់ ក៏ដូចជា​ជួប​នាយករដ្ឋមន្ត្រី​ចិន គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រៅពី​ទទួលបាន​នូវ​ការពិភាក្សា​ដ៏​ស្និទ្ធស្នាល​ស្មើមុខ​ស្មើមាត់​ជាមួយ​ភាគី​ចិន កម្ពុជា​ក៏​ទទួលបាន​ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​មិត្ត​ចិន សម្រាប់​អភិវឌ្ឍ​ប្រទេស ព្រមទាំង​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ និង​ទាក់ទាញ​អ្នកវិនិយោគ​ចិន មកកាន់​កម្ពុជា​។​

​ក្នុងនោះ រាល់​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​ម្តងៗ គឺ​ក្រៅតែពី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន គឺ​កម្ពុជា​តែងតែ​ទទួលបាន​ជំនួយ ជា​កម្ចីសម្បទាន និង​ជា​ជំនួយឥតសំណង ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដូចជា ផ្លូវ និង​ស្ពាន ជាដើម​។

​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៩ ស្ថានទូត​ចិន បានប្រកាសថា ប្រទេស​ចិន បាន​ជួយ​ប្រទេស​កម្ពុជា សាងសង់​ជួសជុល​ផ្លូវ ចំនួន ៣១​ខ្សែ និង​ស្ពាន​ចំនួន ៨ សរុប​ប្រវែង​ប្រមាណ​ជាង ៣០០០ គីឡូម៉ែត្រ​។ រីឯ​ទំនប់​វា​រី​អគ្គិសនី នៅ​ប្រទេស​កម្ពុជា​ទាំងអស់ សុទ្ធ​ត្រូវបាន​សាងសង់ឡើង​ដោយ​ចិន​៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com