សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង ប្រ​ទស​ចិន​

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែមេសា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ដែលជា​មន្ត្រីជាន់ខ្ពស់របស់​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ចូលរួម​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ រួម​និង​កិច្ចប្រជុំ​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩​។​

​យោងតាម​កម្មវិធី នៅក្នុង​សម័យប្រជុំ​ជាន់ខ្ពស់​នៃ​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើក​ទី​២​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​ពី​មូលបទ​របស់​វេទិកា «​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវ៉ាត់ និង​ផ្លូវ​៖ បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះត្រចង់​»​។ នៅ​ថ្ងៃ​បន្ទាប់ ​នៅក្នុង​សម័យប្រជុំ​តុមូល​របស់​ថ្នាក់ដឹកនាំ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចែករំលែក​ទស្សនវិស័យ​លើ​មូលបទ «​ការជំរុញ​ការតភ្ជាប់ ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការរីកចម្រើន​»​។​

​បន្ទាប់ពី​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើក​ទី​២ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​ផ្សេងទៀត នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ​២០១៩ ដែល​នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល នឹង​សម្ពោធ​ពន្លា​ជាតិ​របស់​កម្ពុជា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង​, លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង​, លោក វ៉ាង ហ៊ុន​នី​ង សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខា​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ក៏​នឹង​ជួប​ជាមួយលោក លី យ៉ុង អគ្គនាយក​អង្គការ​ឧស្សាហកម្ម​អង្គការសហប្រជាជាតិ ព្រមទាំង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​ពី​តំណាង​ក្រុមហ៊ុន​ចិន​មួយចំនួន​។ ក្នុងកំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ស្តីពី​ជំនួយ​របស់​ចិន ព្រមទាំង​គម្រោង​កិច្ចសហប្រតិបត្តិការ​នា​នា​ផងដែរ​។

លើសពីនេះទៅទៀត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​សំខាន់​មួយ​នៅក្នុង​ពិធី​ជួប​ជាមួយ​និស្សិត និង​សាស្ត្រា​ចារ្យ នៅ​សកល​វិទ្យាល័យ​ប៉េកាំង ហើយ​ក្នុងឱកាស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ទទួលបាន​នូវ​ការ​ប្រគល់​គោរមងារ «​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​» ពី​សាកលវិទ្យាល័យ​ប៉េកាំង​ផងដែរ​៕

     

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com