ឆាប់ៗនេះ ម្ចាស់យានយន្តនឹងអាចរក្សាទុកលេខរបស់ខ្លួនបាន ពេលលក់រថយន្តចេញ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែមេសានេះ បានដឹកនាំប្រជុំពិនិត្យសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្តីពី៑ “ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យាន​ជំនិះ​”​។

កិច្ចប្រជុំនេះ ដើម្បីពិនិត្យមើលជារួមទៅលើខ្លឹមសារនៃអនុក្រឹត្យស្តីពី “ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យាន​ជំនិះ​”​ ក្នុងគោលបំណងដើម្បីបូកសរុប និងកែសម្រួលនូវសេចក្តីព្រាងចុងក្រោយ មុននឹងដាក់ស្នើទៅរាជរដ្ឋាភិបាល ​ដើម្បីសុំការអនុម័ត ដើម្បីដាក់ប្រើប្រាស់ជាផ្លូវការ។

លក្ខណៈពិសេសបន្ថែមនៃខ្លឹមសារកែសម្រួលនៃអនុក្រឹត្យនេះ មានដូចតទៅ៖
១- លេខពិសេសផ្ទាល់ខ្លួនអនុញ្ញាតិអក្សរឡាតាំង និងលេខមិនលើសពី៨ខ្ទង់ ដើម្បីផ្តល់ជម្រើសសំបូរបែបជូនប្រជាពលរដ្ឋ
២- ម្ចាស់យានយន្តអាចរក្សាទុកលេខរថយន្តពេលដែលរថយន្តត្រូវបានលក់ និងផ្ទេរកម្មសិទ្ធិទៅឲ្យបុគ្គលទី២
៣- លេខពិសេសផ្ទាល់ខ្លួនមួយចំនួននឹងត្រូវបានដាក់ដេញថ្លៃ ដើម្បីជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធជូនរដ្ឋ។

សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យស្តីពី៑ “ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ” ត្រូវ​បានធ្វើការប្រជុំជាលក្ខណៈផ្លូវការជាមួយក្រសួងអង្គភាពពាក់ព័ន្ធចំនួន៨លើករួចមកហើយ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com