វិភាគៈ ប្រជាជនចិនស្រលាញ់សន្តិភាព និងបន្តដើរលើផ្លូវអភិវឌ្ឍន៍ប្រកបដោយសន្តិភាព

ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ដោយបញ្ជាក់ពីជំហររបស់ចិនថា ប្រជាជនចិន ស្រលាញ់សន្តិភាព និងបន្តដើរលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ។

សេចក្តីថ្លែងការណ៍របស់លោក ស៊ី ជីនពីង ត្រូវបានធ្វើឡើងក្នុងពិធីខួបលើកទី៧០ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន (People’s Liberation Army) ដែលហៅកាត់ថា PLA នៅចំពោះមុខគណៈប្រតិភូមកពីជាង៦០ប្រទេស ។

លោក ស៊ី ជីនពីង បានថ្លែងថា ចិនអោយតម្លៃខ្ពស់លើការសហការ ការពិភាក្សា និងការផ្តល់ប្រយោជន៍អោយគ្នាទៅវិញទៅមក លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងការទូត ជាមួយនឹងបណ្តាប្រទេសនៅជុំវិញពិភពលោក ។

លោក ស៊ី ជីនពីង បានបញ្ជាក់ថា ការគម្រាមកំហែងគ្នាទៅវិញទៅមក ការញុះញង់អោយមានជម្លោះ ការបង្កអោយមានភាពតានតឹងក្នុងតំបន់ និងការគាំទ្រអោយមានសង្គ្រាម គឺជាអ្វីដែលប្រទេសចិនចៀសវាង និងមិនយកមកអនុវត្តទេនៅពេលខាងមុខ ។
ពិធីខួបលើកទី៧០ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន PLA ត្រូវបានរៀបចំឡើងនៅកំពង់ផែ ឃ្វីងតាវ (Quingdao) និងមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃអង្គារ ទី២៣ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ។

នាវាចម្បាំងមកពី១០ប្រទេស មានប្រទេសរុស្ស៊ី អ៊ីរ៉ង់ ឥណ្ឌា អូស្រ្តាលី វៀតណាម និងប្រទេសជប៉ុនជាដើម បានចូលរួមក្នុងក្បួនព្យូហយាត្រាយោធារយៈពេល៣ថ្ងៃ ក្នុងពិធីខួបទី៧០ឆ្នាំ PLA នេះ និងមានគណៈប្រតិភូមកពីជាង៦០ប្រទេសចូលរួមផងដែរ ។

ក្នុងក្បួនព្យូហយាត្រាយោធានេះដែរ ក្រសួងការពារជាតិចិនបានបង្ហាញនាវាចម្បាំងទំនើបៗរបស់ខ្លួនចំនួន៣២គ្រឿង យន្តហោះចម្បាំងជាង៤០គ្រឿង និងគ្រឿងយុទ្ធោបករណ៍ជាច្រើប្រភេទផ្សេងទៀត ដែលនឹងចូលរួមក្នុងក្បួនព្យូហយាត្រាយោធានេះ ។

ក្នុងពិធីខួបលើកទី៧០ឆ្នាំ PLA នៅឆ្នាំនេះ មានចំណុចមួយដែលខុសប្លែកពីឆ្នាំកន្លងទៅ គឺចិនបានដាក់បង្ហាញនាវាមុជទឹកថ្មីរបស់ខ្លួន ដែលជាប្រភេទនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងត្រូវបានបំពាក់ដោយប្រព័ន្ធបាញ់មីស៊ីលដ៏ទំនើប ។

នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនេះ គឺជានាវាលើកដំបូងហើយសម្រាប់ប្រទេសចិន ដែលត្រូវបានផលិតនៅប្រទេសចិនផ្ទាល់ និងត្រូវបានបំពាក់ដោយប្រព័ន្ធការពារ រួមទាំងប្រព័ន្ធប្រយុទ្ធដោយបច្ចេកវិទ្យារបស់ចិនផ្ទាល់ ។

នាយទាហានជើងទឹកចិន បានអោយដឹងថា ការអភិវឌ្ឍន៍នាវាចម្បាំង នាវាមុជទឹក និងយន្តហោះចម្បាំងរបស់ចិន គឺត្រូវបានធ្វើឡើងក្នុងគោលដៅការពារផលប្រយោជន៍របស់ចិនតែប៉ុណ្ណោះ ដោយមិនមានបំណងគម្រាមកំហែងលើប្រទេសណាមួយនោះទេ ។

ជាការកត់សម្គាល់នៅក្នុងទិវាខួបលើកទី៧០ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន PLA នៅឆ្នាំនេះ គេមិនឃើញមានមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកណាម្នាក់ចូលរួមនោះទេ ដោយអាមេរិកបានបញ្ជូនត្រឹមតែអ្នកតំណាងអោយចូលរួម ។

ការកត់សម្គាល់មួយទៀត គឺនាវាចម្បាំងទី៧របស់សហរដ្ឋអាមេរិក បានចូលចតនៅកំពង់ផែទីក្រុងហុងកុងចាប់តាំងពីថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩នេះ ប៉ុន្មានថ្ងៃមុនពិធីខួបលើកទី៧០ឆ្នាំ PLA ត្រូវបានប្រារព្ធឡើង ។

តាមមន្ត្រីការពារជាតិអាមេរិក នាវាចម្បាំងទី៧របស់ខ្លួន នឹងបន្តដំណើរតាមដែនសមុទ្រអន្តរជាតិ ក្នុងប្រតិបត្តិការធានាសេរីភាពនាវាចរណ៍លើដែនសមុទ្រអន្តរជាតិ ជាពិសេសគឺនៅសមុទ្រចិនខាងត្បូង ដែលចិនបានអះអាងថាជាកម្មសិទ្ធរបស់ខ្លួន ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com