បណ្តឹង​តាម​ហ្វេ​ស​ប៊ុ​ក មាន​ប្រសិទ្ធភាព​មែន​! បុរស​ម្នាក់ ទទួលបាន​ដី​ពី​ក្រុមហ៊ុន 7NG នៅ​វិហារ​សួគ៌​ហើយ និង​ប្រាប់​ឲ្យ​អ្នកផ្សេង ទៅ​ជួប​ក្រុមហ៊ុន​ផ្ទាល់​!

(​ភ្នំពេញ​)៖ តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក ម៉ិច សីហា បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​ក្រុមហ៊ុន 7NG របស់លោក​ឧកញ៉ា ស្រី ច​ន្ធូ និង​ស្រី ចាន់ថន ដែល​មិនបាន​ផ្តល់​ដី​ឲ្យ ក្រោយពេល​បង់លុយ បង់​រំ​លោះ​គ្រប់​ចំនួន​ចាប់តាំងពី​ឆ្នាំ​២០០៨ គឺ​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ ក្រុមហ៊ុន​បាន​ជួប​ដោះស្រាយ​ជាមួយ​លោក​ម៉ិច​សីហា ហើយ​បានប្រគល់​ដី និង​នាំ​លោក​ទៅ​ដី ដែល​កំពុង​ឈូសឆាយ នៅ​ប្លុក​តំបន់​អភិវឌ្ឍន៍ Sky Land ជិត​វិហារ​សួគ៌​។​

​លោក ម៉ិច សីហា បានប្រកាស​តាម​ហ្វេ​ស៊​បុក​ថា នៅ​ថ្ងៃទី​២៤​មេសា​នេះ លោក​បាន​ជួប​លោក​ឧកញ៉ា ស្រី​ចាន់ថន អគ្គនាយក​ក្រុមហ៊ុន Sky Land ដើម្បី​ដោះស្រាយ​នូវ​ភាព​យល់​ច្រ​លំ ក្នុងការ​យឺតយ៉ាវ​ជូន​ដី​ទ្បូ​ត៍ ទៅកាន់​អតិថិ​ន​ក្រុមហ៊ុន 7NG​។
​លោក ម៉ិច សីហា បន្តថា ក្រោយ​ការពិភាក្សាគ្នា លោក​បាន​យល់ច្បាស់​ថា ក្រុមហ៊ុន 7NG និង​ក្រុមហ៊ុន Sky Land គឺ​ម្ចាស់​ពីរ​ផ្សេងគ្នា និង​មិនមាន​អ្វី​ពាក់ព័ន្ធ​គ្នា​ទេ​។ ក្នុងនោះដែរ លោក​ឧកញ៉ា ស្រី ចាន់ថន ក៏បាន​សម្របសម្រួល​ជួយ​លោក ដោយ​ក្រុមហ៊ុន បាន​កាត់​ដី ៣​ប្លង់​រួចរាល់​ហើយ ឲ្យ​លោក​។

​លើសពីនោះ​ទៀត លោក ម៉ិច សីហា បន្ថែមថា លោក​ឧកញ៉ា ស្រី ចាន់ថន បានដឹងថា លោក ( ម៉ិច សីហា ) ជា​អតីត​ប្រធាន​អង្គការ​ជំនាញ​យុវជន​ឈានមុខ ដែល​លោក​មានចិត្ត​ស្រឡាញ់​កិច្ចការ​សង្គម ជួយ​យុវជន គាំទ្រ​ស្មារតី​បញ្ញាជន លោក​ឧកញ៉ា ក៏បាន​ជួយ​ជំរុញ​ឧបត្ថម្ភ​ដល់​អង្គការ អោយ​ដំណើរការ​ទ្បើង​វិញ លើ​ផ្នែក​សិ​ល្បះ​តន្ត្រី សិប្បកម្ម កិច្ចការ​សង្គម ជំនាញ​ឯកទេស​យុវជន និង​ធានា​លើ​ការងារ​យុវជន ក្រោយ​បញ្ចប់​ការសិក្សា និង​បន្ត​សិក្សា​គំរោង​ពង្រីក​វិស័យ​អប់រំ បើក​សាកលវិទ្យាល័យ​លើ​ទីក្រុង​រណប Sky Land ផងដែរ​។

​លោក ម៉ិច សីហា បាន​គូសបញ្ជាក់ថា «​បើសិនជា​បងប្អូន​អតិថិជន​ក្រុមហ៊ុន 7NG ចង់​សួរ​ព័ត៌មាន សូម​អញ្ជើញ មក​ក្រុមហ៊ុន​ផ្ទាល់ ដើម្បី​ពិភាក្សា ហើយ​ក្រុមហ៊ុន រក្សា​គោលជំហរ​ដោះស្រាយ​ជូន​បងប្អូន និង​ក្រុមហ៊ុន​ធានាថា មាន​ដី​ជូន​បងប្អូន​ទាំងអស់គ្នា ពិតប្រាកដ​មែន សូមកុំ​បារម្ភ​»​។

​សូម​រម្លឹកថា ក្រោយពី​លោក​ម៉ិច​សីហា បាន​បង្ហោះ​សារ ដែលជា​បណ្តឹង​លើ​ហ្វេ​ស​ប៊ុ​ក ពី​ការទន្ទឹងរង់ចាំ​ទទួល​ដី ពី​ក្រុមហ៊ុន 7NG របស់លោក​ឧកញ៉ា ស្រី ច​ន្ធូ និង​លោក​ឧកញ៉ា ស្រី ចាន់ថន ជា​បងប្អូន​នឹង​គ្នា យូរ​ឆ្នាំ ដោយ​ទទួលបាន​ត្រឹមតែ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់ តែ​មិនឃើញ​ដី​នោះ ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​ច្រើន​នាក់ បាន​អះអាងថា ខ្លួន​ក៏បាន​បង់​រំ​លោះ​ដី ជាមួយ​ក្រុមហ៊ុន 7NG នៅ​វិហារ​សួគ៌ ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ជាប់​នឹង​តំបន់​អរិយ​ក្សត្រ ក្នុងស្រុក​ល្វាឯម ខេត្តកណ្តាល តែ​មិនឃើញ​ដី​ឡើយ​។​

​ករណីនេះ បណ្តឹង​តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ម៉ិច​សីហា បាន​បញ្ជូន​ចូល​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន និង​ចម្លងជូន​កូន ៤​រូប​របស់​សម្តេច រួមមាន លោក​ហ៊ុន​ម៉ា​ណែ​ត លោកស្រី​ហ៊ុន​ម៉ា​ណា លោក​ហ៊ុន​ម៉ានិត និង​លោក​ហ៊ុន​ម៉ា​នី​។ ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន និង​កូន​សម្តេច​ទាំង ៤​រូប មិនបាន​បញ្ចេញ​ប្រតិកម្ម​លើ​បណ្តឹង​ដីធ្លី​នោះទេ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com