របាំ​ត្រុដិ ត្រូវបាន​សម្តែង នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​!

(​ភ្នំពេញ​)៖ របាំ​ត្រុដិ គឺជា​របាំ​មួយ​ប្រភេទ ដែល​គេ​តែងតែ​សម្តែង នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។ របាំ​ត្រុដិ ត្រូវ​សម្តែង ដើម្បី​បណ្តេញ​ឧបទ្រពចង្រៃ ក្នុង​ឆ្នាំ​ចាស់ និង​នាំមក​នូវ​ភាពសម្បូរ​សប្បាយ​ប្រកបដោយ​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី​។

​សៀវភៅ​របាំ​ប្រជាប្រិយ​ខ្មែរ បង្ហាញថា ត្រុដិ ជា​ភាសាបាលី​សំស្ក្រឹត ប្រែ​ថា ផ្តាច់ ឬ កាត់ផ្តាច់ គឺ​សំដៅ​ដល់​ការផ្តាច់​ឆ្នាំ ឬ​ការ​កាត់ផ្តាច់​ឆ្នាំ​ចាស់ ចូលទៅក្នុង​ឆ្នាំ​ថ្មី ហើយ​ដែល​នៅមាន​ជាប់​នាម​ព្រះ​រាជពិធី​មួយ ហៅថា “​ត្រស្តិ​សង្ក្រាន្ត​”​។

​តាម​ទម្លាប់​របស់​អ្នកស្រុក ជួនកាល គេ​លេង​របាំ​ត្រុដិ នៅពេល​ប្រា​រព​ពិធី​សុំ​ទឹកភ្លៀង នៅ​គ្រា​ដែល​ស្រុកទេស មាន​គ្រោះ​រាំងភ្លៀង​។

​កាលពី​ជំនាន់​បុរាណ​វង់​ត្រុដិ​របស់​ជនជាតិ​សំរែ បាននាំគ្នា ទៅលេង​ថ្វាយ​ព្រះរាជា នៅ​រៀង​រាល់ពេល​បុណ្យចូលឆ្នាំ ដើម្បី​ថ្វាយព្រះពរ​សួស្តី​សិរី​មង្គល​។​

​ចំពោះ​ប្រដាប់ប្រដា ដែល​ត្រូវ​លេង នៅក្នុង​ពិធី​នេះ តាម​ធម្មតា​វង់​របាំ​ត្រុដិ មាន​ក្រុម​តូច​ក្រុម​ធំ​យោងទៅតាម​ការនិយមរ​បស់​អ្នកស្រុក និង​និយម​តាម​ចំនួន​មនុស្ស ដែល​ស្ម័គ្រចិត្ត​ចូល​លេង​។

​ប្រដាប់ប្រដា ដែល​ត្រូវយក​មកលេង ក្នុង​របាំ​ត្រុដិ មានដូចជា កញ្ឆា ចង្ក្រង់​ដំបែ ចង្ក្រង់​រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូច ជាដើម​។ ចំពោះ​គ្រឿង​តុបតែង​វិញ មានដូចជា មុខ​ត្លុក មកុដ ស្នែង​ប្រើស ស្នែងទន្សោង កន្ទុយក្ងោក និង​ក្រចក​។​

​ចំណែក​តួ​សម្តែង គឺមាន​ក្រុម​អ្នក​ពាក់​មុខ ឬ​ពាក់​ស្នែង ក្រុម​តួ​រាំ និង​ក្រុម​តួ​បន្ទាប់បន្សំ​ដទៃទៀត​។ នៅក្នុង​របាំ​ត្រុដិ ក៏មាន​ចំរៀង​ជាច្រើន​បទ សម្រាប់​ច្រៀង នៅក្នុងពេល​រាំ​ផងដែរ ដែលមាន​នៅតាម​ដំណាក់កាល ដូចជា ច្រៀង​នៅពេល​ទៅដល់ ច្រៀង​នៅពេល​ប្រមូល​ថវិកា ច្រៀង​ជ​ញ្ចា​ត់​ប្រាក់ ដែល​គេ​បាច​ទាន និង​ច្រៀង​ឲ្យ​ពរ​ដល់​អ្នក​ដាក់​ទាន ជាដើម​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com