គ្រួសារ​អតីត​យុទ្ធ​ជន​ពលី​ពិការ​ និង​គ្រួសារ​ពលរដ្ឋ​ខ្វះខាត​ បាន​ទទួល​អំណោយ​ពី​ឯកឧត្តម​ ស្រី​ ឌឹ​ក​ និង​លោក​ជំទាវ​!

(​ព្រះ​វិហារ​)៖​ ឆ្លើយ​តប​ទៅ​នឹង​គុណ​បំណាច់​ដ៏​ថ្លៃថ្លា​ របស់​សមាជិក​អតីត​យុទ្ធ​ជន​ ដែល​តែងតែ​លះបង់​នូវ​កម្លាំងកាយ​ កម្លាំងចិត្ត​ ក្នុង​កាតព្វកិច្ច​បំរើ​ជាតិ​មាតុភូមិ​ ដែល​ជា​និច្ច​ជា​កាល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ តែងតែបាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ នៅ​គ្រប់​បណ្តា​ខេត្ត​-​ក្រុង​ទាំងអស់​ត្រូវ​ជួយ​ និង​ត្រួតពិនិត្យ​មើល​ការ​ខ្វះខាត​ របស់​បងប្អូន​អតីត​យុទ្ធ​ជន​។​

​នា​ព្រឹក​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស្រី​ ឌឹ​ក​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ រួម​និង​លោក​ជំទាវ​ ចាន់​ សាមី​ ស្រី​ឌឹ​ក​ អមដំណើរ​ដោយ​ឯកឧត្តម​លោក​ជំទាវ​ មេបញ្ជាការ​រង​ នាយ​ នាយ​រង​ការិយាល័យ​ ជំនាញ​ពាក់ព័ន្ធ​ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​៣​ទាំងមូល​ និង​អាជ្ញាធរ​មូលដ្ឋាន​សរុប​ប្រមាណ​ជាង​៩០​នាក់​ បាន​ចុះ​សួរសុខទុក្ខ​ បងប្អូន​អតីត​យុទ្ធ​ជន​ពលី​ពិការ​ និង​គ្រួសារ​ទីទាល់​ក្រ​ ៦០​គ្រួសារ​ រស់នៅ​ភូមិ​ពាក់​ស្បែក​ ឃុំ​រំដោះ​ស្រែ​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។​

​ឯកឧត្ដម​ ក៏​បាន​សំណុំ​ពរ​ទៅ​ដល់​បងប្អូន​ដែល​ជា​គ្រួសារ​អតីត​យុទ្ធ​ជន​ពលី​ពិការ​ ក៏​ដូច​ជា​បងប្អូន​គ្រួសារ​ដែល​មាន​ជីវភាព​ទីទាល់​ក្រ​ ធ្វើ​យ៉ាងណា​ខិតខំ​បន្ត​ជម្រុញ​លើ​ការងារ​បង្កបង្កើន​ផល​ រួម​និង​ការ​ដាំ​ដំណាំ​ ជា​លក្ខណៈ​ប្រឡងប្រណាំង​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ ដោយ​មិន​ត្រូវ​ផ្ដេកផ្ដួល​ទៅ​តាម​ព្រេងវាសនា​ឡើយ​។​

​បន្ថែម​ពី​នេះ​ឯកឧត្ដម​ ក៏​បាន​ណែនាំ​ជំរុញ​ ទៅ​ដល់​មេបញ្ជាការ​ មេបញ្ជាការ​រង​នៅ​គ្រប់​អង្គភាព​បណ្ដា​ការិយាល័យ​ទាំងអស់​ត្រូវ​ត្រួតពិនិត្យ​ ដោយ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ ចំពោះ​ចំនួន​សមាជិក​អតីត​យុទ្ធ​ជន​ បន្ត​ជួយ​ឧ​បត្ត​ម្ភ​ជូន​ដល់​បងប្អូន​ អតីត​យុទ្ធ​ជន​ ដែល​មាន​ជីវភាព​ខ្វះខាត​ឲ្យ​បាន​ទាន់​ពេលវេលា​។​

​សូម​ជម្រាប​ថា​ គ្រួសារ​អ​តី​យុទ្ធ​ជន​ពលី​ពិការ​ រួម​នឹង​បងប្អូន​គ្រួសារ​ខ្វះខាត​៦០​គ្រួសារ​ ទទួល​បាន​អំណោយ​ផ្ទាល់​ពី​លោក​ជំទាវ​ ចាន់​ សាមី​ស្រី​ឌឹ​ក​ នា​ឱកាស​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ ថវិកា​ចំនួន​៥០០០០៛​ អង្ករ​១​បេ​ មី​១​កេស​ និង​ក្រ​ម៉ា​១​។​ បន្ថែម​ពី​នោះ​លោក​ជំទាវ​បាន​សំរេច​ជួយ​ឧបត្ថម្ភ​អណ្តូងទឹក​ចំនួន​១​អណ្តូង​ ទុក​ឲ្យ​បងប្អូន​ប្រើប្រាស់​រួម​ក្នុង​មូលដ្ឋាន​ ឧបត្ថម្ភ​កុំព្យូទ័រ​ ព្រី​ន​ធ័​រ​មួយ​កំ​ផ្លេ​ ជូន​ដល់​លោក​មេ​ភូមិ​ពាក់​ស្បែក​ផង​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ូ​ ណា​រិ​ន​ មេបញ្ជាការ​រង​ នាយសេនាធិការ​ និង​លោក​ជំទាវ​បាន​ជួយ​ឧបត្ថម្ភ​ពីលើ​មួយ​គ្រួសារ​ថវិកា​១​ម៉ឺន​រៀល​ ដោយឡែក​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ស៊ុ​ ប៊ុ​ន​ធឿ​ន​ មេបញ្ជាការ​រង​ ទទួល​បន្ទុក​ការងារ​អភិវឌ្ឍន៍​ និង​លោក​ជំទាវ​ បាន​ជួយ​ឧបត្ថម្ភ​ក្បឿង​ ៥០០០​សន្លឹក​សម្រាប់​ជួសជុល​ដំបូលផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ើង​ដោយសារ​គ្រោះ​ខ្យល់​កន្ត្រាក់​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​៕​ (SN-​សួន​ពិសិដ្ឋ​)


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com