លោក​ ពេជ្រ​ ស្រស់​ បង្ហាញ​លទ្ធផល​សង្ខេប៤ចំណុចនៃ​កិច្ចប្រជុំ​រវាង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ ជាមួយ​ក្រសួងពាណិជ្ជកម្ម​ ស្តី​ពី​ «​ការ​រឹត​បន្តឹង​នូវ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​មាន​លក្ខណៈ​យ៉ាង​អនាធិបតេយ្យ​»

(​ភ្នំពេញ​)៖​ លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ បាន​បង្ហាញ​ពី​លទ្ធផល​សង្ខេប​ នៃ​កិច្ចប្រជុំ​រវាង​ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ ជាមួយ​ក្រសួងពាណិជ្ជកម្ម​ ស្តី​ពី​ «​ការ​រឹត​បន្តឹង​នូវ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​មាន​លក្ខណៈ​យ៉ាង​អនាធិបតេយ្យ​»​ នាព្រឹកថ្ងៃទី១១​ខែមេសា ឆ្នាំ២០១៩នេះ នៅទីស្តីការគណរដ្ឋមន្រ្តី។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ លោក​ ពេជ្រ​ ស្រស់​ បានបញ្ជាក់ពីលទ្ធផល​សង្ខេប​ នៃ​កិច្ចប្រជុំ​រវាង ដែល​សម្រេចបាន​ជាលទ្ធផល៤ចំណុច ​ដូច​ខាងក្រោម​៖

១.​ ប្រតិភូ​ក្រសួងពាណិជ្ជកម្ម​បាន​ប្តេជ្ញា​ចំពោះ​មុខ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ ក្នុង​កិច្ចការ​រឹត​បន្តឹង​នូវ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​គ្រប់​រូបភាព​ឲ្យ​ថយ​ចុះ​ ដើម្បី​ទប់ស្កាត់​ការ​គ្រោះថ្នាក់​ចរាចរណ៍​និង​ការ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ផ្សេងៗ​នៅ​ក្នុង​សង្គម​កម្ពុជា​ដែល​កើត​ចេញពី​ការ​សេព​គ្រឿង​ស្រវឹង​ ដោយ​មិន​មានការ​ ទទួលខុសត្រូវ​ក្រោយ​ពី​ទទួលទាន​នូវ​គ្រឿង​ស្រវឹង​ ។​

២.​ ប្រតិភូ​ក្រសួងពាណិជ្ជកម្ម​នឹង​ព​ន្លឿ​ន​ច្បាប់​គ្រប់គ្រង​នូវ​គុណភាព​អាហារ​ និង​ច្បាប់​ការពារ​អ្នក​ផឹក​និង​ទប់ស្កាត់​អ្នក​ផឹក​គ្រឿង​ស្រវឹង​ដើម្បី​ធានា​ឲ្យ​បានការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ និង​កំណត់​អត្តសញ្ញាណ​អ្នក​ផឹក​ ។​

៣.​ ប្រតិភូ​ក្រសួងពាណិជ្ជកម្ម​បាន​ទទួល​សំណើរ​របស់​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា​ ដើម្បី​ ចេញ​នូវ​សេចក្តី​ប្រកាស​រួម​មួយ​ក្នុង​ការ​លុប​បំបាត់​នូវ​ការ​ផ្សព្វផ្សាយ​ អំពី​គ្រឿង​ស្រវឹង​ដែល​ដាក់​រង្វាន់​និង​តាម​បណ្តា​ទីប្រជុំជន​និង​ការ​ប្រគុំ​តន្ត្រី​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅ​តាម​ ឃុំ​ស្រុក​ ខេត្ត​ យ៉ាង​អនាធិបតេយ្យ​ ដើម្បី​ ទប់ស្កាត់​នូវ​អំពើ​អ​សីលធម៌​ទាំងឡាយ​ក្នុង​សង្គម​ជាតិ​ ជា​ពិសេស​ គឺ​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា​។​

៤.​ កិច្ចប្រជុំ​រវាង​ប្រតិភូ​ក្រសួងពាណិជ្ជកម្ម​និង​ប្រតិភូ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​បាន​បញ្ចប់​ទៅ​ដោយ​ក្រោម​ស្មារតី​រួម​គ្នា​លុប​ប​បាត់​អំពើ​អ​សីលធម៌​និង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​រយៈ​ការ​លុប​បំបាត់​នូវ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​មាន​លក្ខណៈ​លើកទឹកចិត្ត​ដល់​អ្នក​ផឹក​ និង​ រឹត​បន្តឹង​អំពី​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​គ្រប់​រូបភាព​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ និង​នៅ​តាម​ទីប្រជុំជន​ផង​ដែរ​ ជា​ពិសេស​គឺ​ការ​ប្រគុំ​តន្ត្រី​តែ​ម្តង​…..​។​

​លោក​ ពេជ្រ​ ស្រស់​ បាន​បញ្ជាក់​ថា​ «​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា​ នឹង​បន្ត​ធ្វើ​កិច្ចការ​ជាមួយ​ភាគី​ដទៃ​ទៀត​ អំពី​ការ​ផ្សព្វផ្សាយ​នូវ​គ្រឿង​ស្រវឹង​មាន​លក្ខណៈ​លើកទឹកចិត្ត​អ្នក​ផឹក​ ដើម្បី​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ និង​លុប​បំបាត់​អំពើ​អ​សីលធម៌​នានា​នៅ​ក្នុង​សង្គម​ជាតិខ្មែរ​យើង​ ជា​ពិសេស​ គឺ​ទប់ស្កាត់​យុវជន​ប្រព្រឹត្ត​នូវ​អំពើ​អបាយ​មុខជា​ហេតុ​នាំ​ឲ្យ​យុវជន​ខូចអនាគត​»៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com