ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ស្នើ​សុំ​ការ​គាំទ្រ​ ការ​រឹត​បន្តឹង​នឹង​ឈាន​ទៅ​ការ​បិទ​ការ​ផ្សព្វផ្សាយ​នូវ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅ​កម្ពុជា​

(​ភ្នំពេញ​)៖​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ លោក​ ពេជ្រ​ ស្រស់​ មុន​នេះ​បន្តិច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ដោយ​ស្នើ​សុំ​ការ​ គាំទ្រ​ការ​រឹត​បន្តឹង​ នឹង​ឈាន​ទៅ​ការ​បិទ​ការ​ផ្សព្វផ្សាយ​ នូវ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅ​កម្ពុជា​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​លុប​បំបាត់​អំពើ​អសន្តិសុខ​នានា​នៅ​ក្នុង​សង្គម​ជាតិខ្មែរ​របស់​យើង​…!​។​

​លោក​ពេជ្រ​ស្រស់​បញ្ជាក​ដូច្នេះ​ថា​ «​យើង​រួម​គ្នា​លុប​បំបាត់​នូវ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ហួសហេតុ​ពេក​នៅ​កម្ពុជា​ ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​ខ្មែរ​យើង​ !»​។​

​សូម​រំឭក​ថា​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ បាន​ទទួលយក​សំណើ​របស់​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា​ដើម្បី​ចេញ​អនុក្រឹត្យ​ហាមឃាត់​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​កញ្ចក់​ទូរទស្សន៍​ វិទ្យុ​ និង​តាម​ទី​សាធារណៈ​នានា​ ដោយ​ឃោសនា​ផ្តល់​រង្វាន់​ និង​ការ​ប្រគុំ​តន្ត្រី​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ នៅ​តាម​មូលដ្ឋាន​។​

​លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ប្រាប់​ Swift​ News​ ឲ្យ​ដឹង​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​នៅ​វិមាន​សន្តិភាព​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សន្យា​រៀបចំ​ប្រជុំ​អន្តរក្រសួង​ ដើម្បី​ព្រាង​អនុក្រឹត្យ​នេះ​ឲ្យ​បាន​ចេញ​ឆាប់ៗ​ខាង​មុខ​នេះ​។​

​លោក​ ពេជ្រ​ ស្រស់​ បាន​មាន​ប្រសាសន៍​ថា​ «​ប្រតិភូ​របស់​គណបក្ស​យុវជន​កម្ពុជា​ បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ ឲ្យ​ចេញ​អនុ​ក្រឹ​ត​ស្តី​ពី​ការ​លុប​បំបាត់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ហួសហេតុ​ពេក​ តាម​ការ​ផ្តល់​រង្វាន់​ និង​ការ​ធ្វើ​ប្រគុំ​តន្ត្រី​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាម​ ឃុំ​ ស្រុក​ ខេត្ត​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ដូច្នេះ​ឆន្ទៈ​យើងខ្ញុំ​ចង់បាន​ការ​រឹត​បន្តឹង​ និង​ការ​លុប​បំបាត់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​គ្រប់​រូបភាព​។​

«​កន្លង​មក​ក្រសួងសុខាភិបាល​ធ្លាប់​បាន​តាក់​តែ​សេចក្តីព្រៀងច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង​ ដែល​មាន​១១​ជំពូក​ និង​មាន​៣៩​មាត្រា​ ប៉ុន្តែ​ច្បាប់​នេះ​នៅ​ជាប់​គាំង​មិន​ទាន់​បាន​ចេញ​រួច​នៅឡើយ​ទេ​ ដូច្នេះ​ខ្ញុំ​នឹង​តាម​រឿង​ធ្វើ​ច្បាប់​នេះ​ឲ្យ​ដល់ទី​បញ្ចប់​ ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​»​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ច្បាប់​នេះ​ត្រូវ​បាន​ក្រសួងសុខាភិបាល​តាក់តែង​តាំងពី​ឆ្នាំ​២០១៥​មក​ម្លេះ​ ហើយ​នៅ​ពេល​នេះ​ លោក​បាន​សំណូមពរ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ដឹកនាំ​ធ្វើ​បន្ត​ ដើម្បី​បាន​ចប់​សព្វគ្រប់​ នា​ពេល​ខាង​មុខ​។​

​កាលពី​ថ្មីៗ​នេះ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ធ្លាប់​បាន​ណែនាំ​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ ទូរទស្សន៍​ និង​ម្ចាស់​ផលិតកម្ម​ភាពយន្ត​ វី​ដេ​អូ​ ឲ្យ​បញ្ឈប់​ការ​ផលិត​ និង​ចាក់​ផ្សាយ​វី​ដេ​អូ​ ឬ​ចម្រៀង​ដែល​យក​គ្រឿង​ស្រវឹង​ធ្វើ​ជា​ការ​ដោះស្រាយ​វិបត្តិ​។​

​តាម​សេចក្ដីជូនដំណឹង​មួយ​ហាម​អ្នក​ពាក់ព័ន្ធ​មិន​ឲ្យ​ផលិត​ និង​ចាក់​ផ្សាយ​វី​ដេ​អូ​ដែល​បង្ហាញ​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដើម្បី​បំបាត់ទុក្ខ​ ដោយ​ថា​ ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សីលធម៌​ និង​សណ្ដាប់ធ្នាប់​សង្គម​។​សេចក្ដីជូនដំណឹង​ ដែល​ចេញ​ដោយ​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​ណែនាំ​ថា​ ការ​ផលិត​ខ្សែភាពយន្ត​ ឬ​វី​ដេ​អូ​ខារ៉ាអូខេ​ ដែល​ជ្រើស​យក​គ្រឿង​ស្រវឹង​ជា​គុណសម្បត្តិ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិបត្តិ​ស្នេហា​ ឬ​ទុក្ខ​កង្វល់​ផ្សេងៗ​ បាន​នាំ​ឲ្យ​យុវជន​ដែល​ពុំ​ទាន់​មាន​មូលដ្ឋាន​ក្នុង​ការ​ពិចារណា​ មានការ​ភាន់ច្រឡំ​ និង​យកតម្រាប់​តាម​។​

​ការ​យល់​ច្រឡំ​ និង​យកតម្រាប់​តាម​របស់​យុវជន​ បាន​ធ្វើ​ឲ្យ​ពួក​គេ​ប្រើប្រាស់​គ្រឿង​ស្រវឹង​រហូត​បាត់បង់​សតិ​ ឈាន​ទៅ​រក​ការ​ប្រើប្រាស់​គ្រឿងញៀន​ និង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ សេចក្ដី​ថ្លៃថ្នូរ​ និង​សណ្ដាប់ធ្នាប់​សង្គម​។​«​ដើម្បី​ជៀសវាង​ផល​អវិជ្ជមាន​ខាងលើ​ ក្រសួង​ព័ត៌មាន​សូម​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ ទូរទស្សន៍​ និង​ម្ចាស់​ផលិតកម្ម​ភាពយន្ត​ វី​ដេ​អូ​ ដែល​តែង​និពន្ធ​បទ​ចម្រៀង​ ឬ​ភាពយន្ត​ វី​ដេ​អូ​ សាច់​រឿង​តួអង្គ​មាន​វិបត្តិ​ផ្លូវចិត្ត​ សូម​បង្ហាញ​នូវ​វិធី​ដោះស្រាយ​សម​ស្រប​ ឬ​ការ​អប់រំ​ផ្លូវចិត្ត​ ឬ​ការ​តាំងសមាធិ​ធ្វើ​ជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ ប្រសើរ​ជាង​ការ​បង្ហាញ​រូបភាព​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ដើម្បី​ដោះស្រាយ​បញ្ហា​បំបាត់​ទុក្ខសោក​របស់​តួអង្គ​»៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com