សម្តេច​ក្រឡាហោម ស ខេង ជំរុញ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច អំពាវនាវ​ល្មមៗ​បាន​ហើយ តែ​ត្រូវ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ច្រើន​!

(​ព្រៃវែង​)៖ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន​ជាង ៤០០០​នាក់ នៅ​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេង បានប្រកាសថា សេចក្តីអំពាវនាវ​រប​ស់ស​ម្តេច ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ​នឹង​វិធានការ​បង្ការ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ហាក់ដូចជា​មិនមាន​ប្រសិទ្ធភាព​ទេ​។ ប៉ុន្តែ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ណែនាំ​ឲ្យ​កម្លាំង​ជំនាញ​ចរាចរណ៍ ត្រូវ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ច្រើន​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ​«…​អំពាវនាវ​! អំពាវនាវ​ច្រើន​ហើយ តែ​មើលទៅ ដូចជា​គាត់​អត់​មាន​ស្តាប់​ទេ​។ សំខាន់​អី​យេះ ឥឡូវនេះ អំពាវនាវ​ល្មមៗ​ទេ តែ​ធ្វើ​ឲ្យ​បាន​ច្រើន​។ ត្រួតពិនិត្យ​ឲ្យ​បាន​ច្រើន​។ អ្នក​គ្រោះថ្នាក់ ៧៧% គឺ​ដោយ​សារ​អ្នកជិះ​ម៉ូតូ អត់​ពាក់មួក​។ ព្រៃវែង​យើង ម្នាក់​ពីរ​ទេ​។ តែបើ​ថា ព្រៃវែង​ម្នាក់ ហើយ​ខេត្ត​ផ្សេងទៀត ម្នាក់​ពីរៗ មិន​អស់ ២៥​នាក់​ហើយ​។ សម័យ​សង្គ្រាម វ៉ៃ​គ្នា ក៏​ស្លាប់​តិចជាង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​សម័យ​នេះដែរ​»​។​

​សម្តេច​ក្រឡាហោម ស ខេង បន្តថា «… ចរាចរណ៍ វា​មិន​អីចឹង​! សម​ឥឡូវ​ផ្លូវ​យើង វា​បាន​ពង្រីក​គួរសម​ដែរ ហើយ​ទៅ​ដាក់​អា​មួយ​ហ្នឹង (​ស្រា​) ស្រឿងៗ​ដែរ ទៅ​បណ្តោយ​។ អត់​ស្តាប់​ពុទ្ធោ​ពុ​ទ្ធំ​ទេ​។ អា​ណោះ ដាក់​ទៅ​អត់​មាន​ស្តាប់​អាណា​តែម្តង ហើយ​សម​នឹង​ខែ​ក្តៅ​អីចេះ​ផង​!…»​។​

​សូម​រម្លឹកថា របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ប្រចាំត្រីមាស​ទី​១ ឬ​៣​ខែ​ដើមឆ្នាំ​២០១៩ ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ កាល​ពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩ បង្ហាញថា គិត​ចាប់ពី​ខែមករា ដល់​ខែមីនា នៅ​ទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានកើត​ឡើង ១០៧៦​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៥១៣​នាក់ របួស ១៥៩២​នាក់​។ ក្នុងនោះ រាជធានី​ភ្នំពេញ ឈរ​លំដាប់​ទី​១ បន្ទាប់មក​គឺ​នៅ​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ដែលមាន​អ្នកស្លាប់​ច្រើនជាងគេ​។ ចំនួន​គ្រោះថ្នាក់ ចំនួន​អ្នកស្លាប់ និង​អ្នករបួស​នេះ បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឬ​៣​ខែ​ដើមឆ្នាំ​២០១៨ គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល ៣​ខែ ដើមឆ្នាំ​២០១៩ បាន​កើនឡើង​ចំនួន ២៥៧​លើក អ្នកស្លាប់​កើន ៣៣​នាក់ និង​របួស​កើនឡើង​ចំនួន ៣៥៨​នាក់​។​

​តាម​របាយការណ៍​រប​ស់​ប៉ូលិស​ចរាចរណ៍ គឺ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កម្ពុជា ជា​មធ្យម បានសម្លាប់​មនុស្ស ៦​នាក់ និង​របួស ១៨​នាក់ ក្នុង ១​ថ្ងៃៗ​។ ក្នុងនោះ ភាគច្រើន អ្នករងគ្រោះ ជា​អ្នកបើកបរ និង​ធ្វើដំណើរ​តាម​ម៉ូតូ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com