ការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹង​មិនបាន​ពេញលេញ​ទេ រយៈពេល ៤​ថ្ងៃ ពីថ្ងៃ​ទី​១៤-១៧​មេសា​

(​ភ្នំពេញ​)៖ សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា ការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹង​មិនបាន​ពេញលេញ​ទេ ក្នុង​រយៈពេល ៤​ថ្ងៃ ពីថ្ងៃ​ទី​១៤-១៧​មេសា ឆ្នាំ​២០១៩​។ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​នេះ បងប្អូន​កម្មករ​-​កម្មការិនី​របប​ស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ត្រូវបាន​ឈប់សម្រាក និង​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត ជួបជុំ​ក្រុមគ្រួសារ​។​

​ក្នុង​សេចក្តីជូនដំណឹង សាលា​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ម្ចាស់​លំនៅឋាន​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ មេត្តា​យោគយល់ និង​អធ្យាស្រ័យ កុំ​បញ្ចេញ​សំរាម មក​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ នៅក្នុង​អំឡុងពេល ដែល​ការផ្តល់សេវា​មិនបាន​ពេញលេញ​នេះ ដោយ​សូម​រក្សា​ការ​ទុកដាក់​សំរាម​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន​ជា​បណ្តោះអាសន្ន​សិន​។​

​យ៉ាងណាក៏ដោយ ជាការ​កត់សម្គាល់ នៅ​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ដូចជា នៅ​ប្លុក​ផ្សារ​ដេប៉ូ នៅ​អូរ​បែកក្អម ជាដើម គឺ​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ មិនបាន​ដឹកជញ្ជូន​ទៀងទាត់​ទេ គឺ​បី​ទៅ​បួន​ថ្ងៃ ទើប​ឡាន​ស៊ីន​ទ្រី មក​ដឹក​សំរាម ដែល​នាំ​ឲ្យ​សំរាម​គរ និង​ជះក្លិន​តាមផ្លូវ​។​

​ប្រជាពលរដ្ឋ​បាន​សំណូមពរ សូម​ឲ្យ​ស៊ីន​ទ្រី និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បង្កើន​ការយកចិត្តទុកដាក់ ប្រមូល និង​ដឹកជញ្ជូន​សំរាម​ឲ្យ​បាន​ទៀងទាត់​រាល់ថ្ងៃ ព្រោះថា ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ តទៅ តម្លៃ​សេវា​សំរាម ឡើងថ្លៃ ដោយ​ផ្ទះ​ធម្មតា ពីមុន​ត្រឹមតែ ៤០០០ រៀល ក្នុង ១​ខែ តែ​ត្រូវ​ឡើង​ជាង ១​ម៉ឺន​រៀល ក្នុង ១​ខែ​។ រីឯ​តាម​ភោជនីយដ្ឋាន សណ្ឋាគារ និង​ក្រុមហ៊ុន សិប្បកម្ម ជាដើម ក៏​ឡើងថ្លៃ​ខ្ពស់ លើ​សេវា​សំរាម​នេះ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com