មេ​ប៉ូលិស​ភ្នំពេញ​ថា ក្លឹប ម៉ៃ អា​មី ជា​កន្លែង​លួចលាក់​ផលិត​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបាន​បង្ក្រាប កាលពី​កណ្តាល​អា​ធ្រា​ត្រ យប់​ថ្ងៃទី​១០ ឈានចូល​ថ្ងៃទី​១១​មេសា​

(​ភ្នំពេញ​)៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១១​មេសា ឆ្នាំ​២០១៩ ថា «​កាលពី​វេលា​ម៉ោង ១ និង​៣០​នាទី ខ្ញុំ​បាន​បន្ត​ចុះបង្ក្រាប​កន្លែង​លួចលាក់​ផលិត​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ទីតាំង​ក្លឹប ម៉ៃ អា​មី ទីតាំង​លេខ ១៥៩ ផ្លូវ​៣៦០ ភូមិ ៨ សង្កាត់​បឹង​កេងកង​មួយ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឃាត់​មនុស្ស​បាន​ចំនួន ៥០​នាក់ ក្នុងនោះ​ស្រី ១២​នាក់ និង​ដកហូត​ម៉ាស៊ីន​ផលិត​គ្រឿងញៀន​មួយចំនួន និង​សារធាតុ​ញៀន​មួយចំនួន​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បន្តថា «​កិច្ចការ​សម្រេច​ទៅបាន ដោយមាន​ការអនុញ្ញាត​ពី​លោក លី សុផាន់​ណា ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​សហការ​ពី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ព្រមទាំង​កម្លាំង​ប៉ុស្តិ៍នគរបាល​ដ្ឋា​ន​បឹង​កេងកង​។ បច្ចុប្បន្ន មនុស្ស និង​សម្ភា​រះ បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​»​។​

​ក្លឹប​កម្សាន្ត ម៉ៃ អា​មី ជា​ក្លឹប​កម្សាន្ត​ទី​២​ហើយ នៅក្នុង​រាជធានី​ភ្នំពេញ ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទាំង​កណ្តាល​អា​ធ្រា​ត្រ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ កាលពី​យប់​ថ្ងៃទី​២២ ឈានចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ក្លឹប​កម្សាន្ត រ៉ុ​ក ជាប់​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ក្នុង​រាជធានី​ភ្នំពេញ​។

យ៉ាងណាក៏ដោយ ថៅកែក្លឹបកម្សាន្ត ម៉ៃ អាមី មិនត្រូវបាន​ប៉ូលិសអះអាងថា ត្រូវបានចាប់ខ្លួន ឬក៏យ៉ាងណានោះទេ។ ដោយ​ឡែក ថៅកែក្លឹបកម្សាន្ត រ៉ុក លោកឧកញ៉ា គិត ធាង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ហើយ​ត្រូវបាន​តុលាការ​​ចោទ​ប្រកាន់ និងបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com