អត្ថាធិប្បាយៈ ទប់ស្កាត់ និង​កាត់បន្ថយ​បទឧក្រិដ្ឋ​គ្រឿងញៀន​ ​ឲ្យ​ស្ថិតនៅក្នុង​កម្រិត​អប្បបរមា​

(​ភ្នំពេញ​)៖ បច្ចុប្បន្ននេះ សង្គមជាតិ​កម្ពុជា មានការ​រីកចម្រើន​យ៉ាងខ្លាំង សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ កាន់តែ​ត្រូវបាន​ពង្រឹង ធ្វើ​ឲ្យ​ប្រជាជន​កាន់តែ​មាន​ស្ថេរភាព និង​សុវត្ថិភាព​ទាំង​ផ្លូវចិត្ត ផ្លូវកាយ និង​ក្នុង​ជីវភាព​រស់នៅ ។ ក៏ប៉ុន្តែ​នៅមាន​បញ្ហា​សំខាន់​មួយ ដែល​បង្ក​ការព្រួយបារម្ភ​នោះ​គឺ បទឧក្រិដ្ឋ​គ្រឿងញៀន ដែល​បាននិងកំពុង​កើតមាន​ទាំង​នៅ​ទីប្រជុំជន និង​ជន​បទ ហើយ​ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​បង្ក្រាប ទប់ស្កាត់ តាម​វិធានការ​ជាច្រើន។ ​គ្រឿងញៀន​ នៅតែ​ជា​ប្រធានបទ​ក្តៅគគុក ក្នុង​សង្គមជាតិ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ជាទីបំផុត។​

​គ្រឿងញៀន​ បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ណាស់ មិន​ត្រឹមតែ​សម្រាប់​អ្នកប្រើប្រាស់​វា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​បង្ក ផលប៉ះពាល់​ជា​អវិជ្ជមាន​ទៅដល់​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល។ ​ជាការ​ខាតបង់​​ក្នុង​ទំហំ​មួយ ដែល​មិនអាច​សន្និដ្ឋាន​ជាមុន​បាន មិនអាច​ប៉ះប៉ូវ​បាន ហើយ​កាន់តែ​ធ្ងន់ធ្ងរ​បំផុត​នោះ គឺ​វា​ឈានទៅដល់​ការបំផ្លាញ​សង្គមជាតិ​យើង​ទាំងមូល​តែម្តង។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ភារកិច្ច​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ​២០១៩-២០២០ និង​ឆ្នាំ​ខាងមុខ ដើម្បី​កាត់បន្ថយ​ជា​អតិបរមា និង​ឈានទៅ​លុបបំបាត់ ការចែក​ចាយ និង​ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ប្រទេស។ សមត្ថកិច្ច​របស់​យើង ​ក៏បាន​ដាក់ចេញ​វិធានការ ម៉ឺងម៉ាត់​ចំពោះ​ម្ចាស់​ទីតាំង​ក្លឹប​កម្សាន្ត ផ្ទះសំណាក់​នានា ដើម្បី​បង្ការ និង​ទប់ស្កាត់​ការប្រើប្រាស់ជួញដូរ និង​ចែកចាយ​សារធាតុ​ញៀន ។ រាជរដ្ឋាភិបាល​ថែមទាំង​បាន​ណែនាំ និង​ដាក់​វិធានការ​ឲ្យ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ត្រូវតែ​ស្អាតស្អំ ដោយ​មិនត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដែលជា​បទឧក្រិដ្ឋ​នេះ​ឡើយ ហើយ​ត្រូវ​ចូលរួម​ទាំងអស់គ្នា អប់រំ ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់។

​នៅក្នុង​ឆ្នាំ​២០១៨​កន្លងមក មាន​គ្រឿងញៀន​ជាង​កន្លះ​តោន​ត្រូវ​បង្ក្រាប និង​រឹបអូស​បាន​ក្នុងពេលដែល​បទល្មើស​នេះ កំពុង​តែបន្ត​កើតមាន​ក្នុង​រាជធានី និង​រាលដាល​ដល់​បណ្តា​ខេត្ត​មួយចំនួន ។ ដោយឡែក ក្នុង​រយៈពេល​ជិត ៤​ខែ ដើមឆ្នាំ​២០១៩​នេះ មានការ​បង្ក្រាប​ទៅលើ​បទល្មើស​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ធំៗ​មួយចំនួនទៀត ដូចជា នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​កណ្តាល​រាជធានី​ភ្នំពេញ ក្លឹប​កម្សាន្ត​មួយ​នៅ​ខេត្ត សៀមរាប និង​ការបង្ក្រាប​ទីតាំង​ផលិត​ថ្នាំញៀន​ដ៏​ធំ​មួយកន្លែង​នៅ​ភ្នំពេញ ដោយបាន​ដកហូត​ថ្នាំញៀន​ប្រមាណ ២០០​គីឡូ ក្រាម គឺជា​សារធាតុ​ញៀន​ថ្មី ប្រភេទ ពី​រ៉ូ​វ៉ា​ឡេ​រ៉ូ​ន រួមទាំង​សារធាតុ​គីមី​ផ្សំ​ជាង ៥០០​គីឡូក្រាម ម៉ាស៊ីន​ផលិត ម៉ាស៊ីន​គ្រីប​ជា​គ្រាប់ និង​ម៉ាស៊ីន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​មួយចំនួន ។ ក្រុម​មេខ្លោង និង​បក្ខពួក ដែល​សុទ្ធតែជា​ជនបរទេស ពេលនេះ សមត្ថកិច្ច​កម្ពុជា​កំពុង​ស្នើ​ឲ្យ​ប៉ូលីស​អន្តរជាតិ​អាំងទែរ​ប៉ូល តាម​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនេះ​យកមក​ផ្តន្ទាទោស​នៅ​កម្ពុជា។

​យើង​ត្រូវ​ទទួលស្គាល់ថា ការលុបបំបាត់​ចោលកា​រ​ប្រើប្រាស់ និង​ការជួញដូរ​គ្រឿងញៀន​មិនមែនជា​រឿង​ងាយស្រួល​ទេ យើង​មិនអាច​លុបបំបាត់​វា​ឲ្យ​អស់ ក្នុងពេល​ដ៏​ខ្លី​បានឡើយ ហើយ​មិនត្រូវ​ទម្លាក់​បន្ទុក​ទៅ​ឲ្យ​ស្ថាប័ន​ណាមួយ​ទទួលខុសត្រូវ​តែម្នាក់​ឯង​​បានឡើយ ប៉ុន្តែ​នេះ​ជាការ​រួមចំណែក​ទាំងអស់​គ្នា ។ យើង​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​ផ្តល់​អាទិភាព​ដល់​ការអប់រំ ផ្សព្វ​ផ្សាយ​​ដើម្បី​បង្ការ ទប់ស្កាត់​ការ​ចរាចរណ៍ ការលក់ដូរ ការចែក​ចាយ ការប្រើប្រាស់​គ្រឿងញៀន​ក្នុងសង្គម​ជាតិ​របស់​យើង។

នៅពេលនេះ ​មានការ​ផ្តួច​ផ្តើមគំនិត និង​ការដាក់ចេញ​វិធានការ​របស់​រាជរដ្ឋាភិបាល​តម្រូវ​ឲ្យ​គ្រឹះស្ថានសិក្សា​ចាប់ពី​កម្រិត​អនុវិទ្យាល័យ រហូតមកដល់​សាកលវិទ្យាល័យ ត្រូវមាន​បន្ទុក​ពិសេស​មួយ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ដល់​សិស្ស​និស្សិត​ឲ្យ​បង្ការ​ទប់ស្កាត់​ការ​ចរាចរណ៍ និង​ការប្រើប្រាស់​គ្រឿងញៀន ។ ពី​ពេលនេះ​តទៅ​មុខ ក្នុង​ដំណើរ​រីកលូតលាស់​យ៉ាង​លឿន​នៃ​សង្គមជាតិ យើង​ត្រូវការ​ធនធានមនុស្ស ដែលមាន​គុណភាព​ពិតប្រាកដ ដូច្នេះ​បើ​យើង​បណ្តែតបណ្តោយ​ឲ្យ​ស្រទាប់​យុវជន​រងគ្រោះថ្នាក់​ដោយ​សារ​គ្រឿងញៀន នោះ​យើង​មិនមាន​ធនធានមនុស្ស​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​ឡើយ ។

​ដោយឡែក អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កាលពីពេល​ថ្មីៗ​នេះ ក៏បាន​ជំរុញ​ឲ្យ​នាយទាហាន និង​និស្សិត​នាយ​ទាហាន​សកម្ម​ចំនួន ១២០០​នាក់ ដែល​ចូល​សិក្សា​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង ក្នុង​ខេត្តកំពង់ស្ពឺ ត្រូវ​ធ្វើជា​ជន​បង្គោល​សម្រាប់​ស្ថាប័ន​សហគមន៍ និង​គ្រួសារ​មួយ​ដែល​មានការ​ទទួលខុស ត្រូវ​ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​បញ្ហា​គ្រឿង​ញៀន ត្រូវតែ​ចូលរួម​លុបបំបាត់​គ្រឿងញៀន ដោយ​ចាត់ទុកថា គ្រឿងញៀន​ជា​បញ្ហា​រួម​របស់​យើងទាំងអស់គ្នា និង​ត្រូវ​ចូល​រួម​ទាំងអស់គ្នា​ ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាជន និង​ដើម្បី​សុវត្ថិភាព​សង្គមជាតិ​យើង។​
​ ​
​ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានធ្វើការ​កត់សម្គាល់​ថា ដើម្បី​លុបបំបាត់​បញ្ហា​នេះ​យើង​ត្រូវតែមាន​ការអនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​តាំងពី​ថ្នាក់ជាតិ ដល់ ថ្នាក់ក្រោម​ជាតិ ហើយ​មន្ត្រី​អនុវត្ត​ទាំងអស់​ត្រូវមាន​ភាពស្មោះត្រង់​ក្នុងការ​បំពេញភារកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ។

ទោះបីជា​រយៈពេល​ចុងក្រោយ អាជ្ញាធរ​បានធ្វើការ​បង្ក្រាប​ករណី​ធំៗ ​បានជា​បន្តបន្ទាប់​ក៏ដោយ ប៉ុន្តែ​វិធានការ​សំខាន់ គឺ​ត្រូវ​ទប់ស្កាត់​ចរាច​ចរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅតាម​ព្រំដែន​ជាមុន។ ដោយឡែក ការ​ចែកចាយ​គ្រឿងញៀន​នៅតាម​ទីជនបទ ភូមិ ឃុំ ក៏​គ្មាន​ការថយចុះ​ឡើយ។

ហេតុនេះ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា ស៊ើបអង្កេត​ស្វែងរក​ម្ចាស់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​នាំចូល​គ្រឿងញៀន​នេះ​បន្ថែមទៀត ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ឲ្យ​មានការ​ថយចុះ ដើម្បី​សុវត្ថិភាព​ដល់​ប្រជាជន និង​សង្គម​ជាតិខ្មែរ​ទាំងមូល ។ នៅពេលដែល​គ្រឿងញៀន​រីក​រាលដាល​ដល់ទី​ជនបទ អាជ្ញាធរ​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវធ្វើ​ការប្តេជ្ញា​ចិត្ត​​លុបបំបាត់​ការចែក​ចាយ និង​ការប្រើប្រាស់​គ្រឿងញៀន​ជាដាច់ខាត​៕ កញ្ញា ថ្មដា​

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង