វិភាគៈ ខួបកំណើត៧០ឆ្នាំអង្គការណាតូ ត្រូវបានអបអរដោយសង្គ្រាមពាក្យសម្តីពីសមាជិក

ប្រមុខការទូតមកពីប្រទេសចំនួន២៩ប្រទេសនៅជុំវិញពិភពលោក ដែលជាសមាជិករបស់អង្គការណាតូ បានប្រារព្ធខួបកំណើតទី៧០ឆ្នាំនៃអង្គការពហុជាតិសាសន៍មួយនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩នេះ ។

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty Organisation) ដែលហៅកាត់ថា អង្គារណាតូ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៤៩កន្លងមក ដោយមានប្រទេសជាសមាជិកចំនួន២៩ប្រទេស ។

អង្គការនេះត្រូវបានបង្កើតឡើងក្នុងគោលដៅ ការពារសន្តិសុខដល់ប្រទេសជាសមាជិក ,ធានាសុវត្ថិភាពដល់ប្រទេសលោកខាងលិច កុំអោយមានការឈ្លានពានពីប្រទេសអាល្លឺម៉ង់ និងកុំអោយប្រឈមនឹងការទន្ទ្រានយកទឹកដីពីអតីតសហភាពសូវៀត ។

ជាគោលការណ៏របស់អង្គការណាតូ បើប្រទេសជាសមាជិកណាមួយទទួលរងការវាយប្រហារដោយយោធា គឺកងទ័ពពហុជាតិសាសន៍របស់អង្គការនេះ នឹងចូលទៅជួយប្រទេសជាសមាជិករបស់ខ្លួន ដោយរួមគ្នាទាំង២៩ប្រទេស ។

ក្រោយពីត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤៩ អង្គការណាតូបានជួបប្រទះនូវបញ្ហាប្រឈមជាបន្តបន្ទាប់ ដែលបញ្ហាប្រឈមមុនដំបូង គឺអង្គការនេះមានការលំបាកយ៉ាងខ្លាំងក្នុងការទប់ទល់ជាមួយឥទ្ធិពលប្រជែងទីតាំងភូមិសាស្ត្ររបស់អតីតសហភាពសូវៀត ។

ក្រោយពីអតីតសហភាពសូវៀតដួលរលំកាលពីឆ្នាំ១៩៩១ អង្គការណាតូបានប្រឈមនឹងបញ្ហាថ្មីមួយទៀត គឺការផ្តាច់ទឹកដីនៅតាមប្រទេសជាសមាជិកមួយចំនួន ដែលជាប្រទេសប្លុកកម្មុយនីស និងប្លុកសេរី ដែលជាបញ្ហាពិបាកដោះស្រាយបំផុត ។

បន្ទាប់មកទៀត ចលនាភេរវនិយមអន្តរជាតិ ក៏ជាបញ្ហាប្រឈមសម្រាប់អង្គការណាតូដែរ ហើយបញ្ហាប្រឈមចុងក្រោយរបស់អង្គការនេះ គឺប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ខំអោយប្រទេសជាសមាជិក បង់ថវិកាវិភាគទានអោយបានច្រើនជាងមុន ។

ចាប់តាំងពីបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៧កន្លងទៅ លោក ដូណាល់ ត្រាំ ហាក់មិនញញើតសោះឡើយ ក្នុងការរិះគន់លើមេដឹកនាំរបស់ប្រទេសជាសមាជិក ដែលត្បិតត្បៀតលុយកាក់ក្នុងការចំណាយលើប្រតិបតិ្តការរបស់អង្គការនេះ ។

នៅពេលបច្ចុប្បន្ននេះ អាមេរិកបានចំណាយទឹកប្រាក់២០%នៃថវិកាសរុបរបស់អង្គការណាតូ ខណៈដែលប្រទេសជាសមាជិកផ្សេងទៀត ត្រូវបង់ថវិកាវិភាគទានតិចច្រើនទៅតាមផលិតផលក្នុងស្រុកសរុបរបស់ខ្លួន បើបានតិចចេញតិច ហើយបើបានច្រើនចេញច្រើន ។

បញ្ហានៅត្រង់ថា បច្ចុប្បន្ននេះ ប្រទេសជាសមាជិកមួយចំនួនរបស់អង្គការណាតូ មានប្រទេសអាល្លឺម៉ង់ បារាំង អង់គ្លេសជាដើម ដែលមានជីវភាពធូរធាខ្លាំងណាស់ហើយ ប៉ុន្តែនៅតែបង់ថវិកាវិភាគទានដល់អង្គការនេះមិនបាន២%នៃផលិតផលសរុបក្នុងស្រុក ។

ដោយសារតែរឿងលុយ ការបែកបាក់ផ្ទៃក្នុងរបស់អង្គការណាតូ បានលេចចេញជារូបរាងហើយ ដែលមុនគេ គឺមានសហរដ្ឋអាមេរិក ប្រទេសអាល្លឺម៉ង់ និងប្រទេសទួរគី ដោយអាមេរិកម្នាក់ឯង ទៅឈ្លោះប្រកែកជាមួយអាល្លឺម៉ង់ផង និងទួរគីផង ។

អាមេរិកក្តៅក្រហាយនឹងអាល្លឺម៉ង់ ដែលនៅតែបង់ថវិកាវិភាគទានដល់អង្គការណាតូតិចតួចដដែល ទោះបីជាប្រទេសនេះមានកំណើនសេដ្ឋកិច្ចលំដាប់លេខមួយនៅអឺរ៉ុបហើយក៏ដោយ ហើយរឿងមួយទៀតដែលអាមេរិកខឹងច្រឡោតដែរ គឺការអនុវត្តន៍គម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន ដោយតភ្ជាប់ពីប្រទេសរុស្ស៊ីរហូតដល់អាល្លឺម៉ង់ ។

អាមេរិកក៏ឈ្លោះប្រកែកយ៉ាងតឹងសរសៃ ក ជាមួយទួរគីដែរ ដោយអាមេរិកបានចោទប្រកាន់ទួរគីថាមានភាពយឺតយ៉ាវក្នុងការបង់ថវិកាវិភាគទាន និងគម្រោងទិញមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ដែលអាមេរិកចង់ទួរគីទិញមីស៊ីលពីអាមេរិកវិញ កុំទិញពីរុស្ស៊ី ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com