អ្នកជំនាញប្រើបច្ចេកទេសបុរាណ មកអនុវត្តការជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ​ដើម្បីរក្សាតម្លៃបេតិកភណ្ឌ

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានបង្ហាញពីគម្រោងជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្តប្រវែង ១០ម៉ែត្រ ភ្ជាប់ចន្លោះគម្រោង​របស់អ៊ីតាលី និងគម្រោងជំហានដំបូងរបស់អាជ្ញាធរជាតិអប្សរា ដែលបានបញ្ចប់កាលពីពេលកន្លងទៅ។

ការជួសជុលច្រាំងកសិន្ធុប្រវែង ១០ម៉ែត្រនោះ គឺនៅទីតាំងបង្ហូរទឹករបស់បារាំងពីត្រពាំងសេះចូលក្នុងកសិន្ធុដែលជាចំណុចកណ្ដាល ឬភ្ជាប់គម្រោងទាំងពីរមិនទាន់មានការជួសជុលនៅឡើយ។ ទើបពេលនេះអាជ្ញាធរជាតិអប្សរា ជួសជុលដើម្បីបំពេញចំណុចដែលនៅជាចន្លោះប្រហោងនៃច្រាំងកសិន្ធុនេះ។

ចំពោះបច្ចេកទេសជួសជុល បន្ទាប់ពីកំណាយស្រាវជ្រាវ អ្នកជំនាញបានឲ្យដឹងថា ចាស់បុរាណកសាងច្រាំងកសិន្ធុដោយដីបុកបង្ហាប់បាតគ្រឹះក្រោម ដូច្នេះដើម្បីរក្សាតម្លៃនៃបេតិកភណ្ឌវប្បធម៌ អាជ្ញាធរជាតិអប្សរាបានជ្រើសយកបច្ចេកទេសបុរាណមកអនុវត្ត ដោយកាយយកដីចាស់ ដីស្អុយចេញ ហើយជំនួសដោយដីថ្មី ហើយបុកបង្ហាប់គ្រឹះក្រោមឱ្យមាំជាមួយថ្មភ្នំ ថ្មក្រលៀន ដីខ្សាច់ និងល្បាយដីដែលបានពីកម្ទេចថ្មបាយក្រៀម ដីឥដ្ឋ កំបោរស។ ចំពោះគ្រឹះ គឺបានពង្រីកទំហំគ្រឹះចាស់៨០សង់ទីម៉ែត្រទៅ១២០សង់ទីម៉ែត្រ ហើយជម្រៅគ្រឹះទៅក្រោម៣០សង់ទីម៉ែត្រទៅ៨០សង់ទីម៉ែត្រ ធ្វើយ៉ាងណាឱ្យកាំកសិន្ធុរឹងមាំបានល្អ។

ក្រៅពីពង្រឹងគ្រឹះហើយ អ្នកជំនាញក៏បានពង្រឹងរចនាសម្ពន្ធច្រាំងកសិន្ធុដោយប្រើថ្មបាយក្រៀមថ្មីជំនួសថ្មបាយក្រៀមចាស់ ដែលពុកផុយមិនអាចប្រើឡើងវិញបាន ហើយបានរៀបជាជណ្ដើរចំនួន ៨កាំ ដោយដាក់ឆ្លាស់គ្នា និងដាប់ចុះក្រោម១សង់​ទីម៉ែត្រសម្រាប់ប្រទាក់គ្នាពីមួយទៅមួយក្នុងការរក្សាលំនឹងឱ្យបានល្អមិនឱ្យថ្មរអិល ហើយបិទភ្ជាប់ថ្មពីមួយទៅមួយដោយបាយ​អររាវ​ ដើម្បីការពារជម្រាបទឹកចូលក្នុងថ្ម ធ្វើឱ្យថ្មឆាប់ពុកផុយ។

រីឯថ្មភក់ដែលរៀបនៅផ្នែកខាងលើថ្មបាយក្រៀម មាន៥កាំ ក៏រៀបទៅតាមលំនាំដើម ដោយប្រើថ្មដែលមានស្រាប់ និងថ្មជំនួសថ្មីដែលមិនអាចទ្រទម្ងន់បានទៀត ហើយបិទភ្ជាប់ថ្មដោយបាយអរម្សៅ ដើម្បីផ្ជឹតស្នាមមិនឱ្យទឹកចូលក្នុងថ្ម ធ្វើឱ្យថ្មឆាប់ខូច។

សូមបញ្ជាក់ថា មូលហេតុសំខាន់ៗដែលធ្វើឱ្យរចនាសម្ពន្ធសំណង់កសិន្ធុអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងរងនូវការខូចខាតយ៉ាងខ្លាំង គឺដោយសារតែអាយុកាលនៃសំណង់ ការពុកផុយនៃស្រទាប់ថ្មបាយក្រៀមខាងក្រោម ឫសឈើចាក់ជ្រែកទៅក្នុងថ្មធ្វើឱ្យថ្មរំកិលពីទីតាំងដើម។ល។ តាមការបញ្ជាក់ពីអ្នកជំនាញ គម្រោងសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្តឡើងវិញនេះ នឹង​ប្រើ​ពេល ៦ខែ ដោយចាប់ពីខែមីនា រហូតដល់ ខែកញ្ញា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com