សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបការងារ ​និងលើកទិសដៅបន្ត ​របស់អគ្គនាយកដ្ឋានភស្តុភារ​ និងហិរញ្ញវត្ថុ​

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់អគ្គនាយក​ដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ ក្នុងឆ្នាំ២០១៨កន្លងទៅ អគ្គនាយករដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអនុវត្តយ៉ាងសកម្មក្នុងការងារគ្រប់​គ្រងចំណូលចំណាយ ផ្គត់ផ្គង់សម្ភារបច្ចេកទេស ឱសថ និងបរិក្ខាវេជ្ជសាស្រ្ត ឯកសណ្ឋាន មធ្យោបាយ និងស្បៀងអាហារ ការផ្សព្វផ្សាយអប់រំ ការជួសជុល និងសាងសង់ជំរំ និងជម្រកជូងកម្លាំងនគរបាល មន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ ដើម្បីលើកកម្ពស់ការបំរើសេវាសាធារណៈ ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវវត្ថិភាពសង្គម។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញឡើងថ្លែងសន្ទរកថាទៅកាន់អង្គសន្និបាត ដោយសម្ដេចបានសម្ដែងការកោតសរសើរអគ្គនាយករដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ចំពោះលទ្ធផលនៃការបំពេញការងារក្នុងឆ្នាំ២០១៨កន្លងទៅ ដែលជាការរួមចំណែកធ្វើឲ្យការបំពេញការងាររបស់ក្រសួងមហាផ្ទៃកាន់តែទទួលបានលទ្ធផលល្អពីមួយឆ្នាំទៅមួយឆ្នាំ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ទាញចំណាប់អារម្មណ៍អង្គសន្និបាត អំពីការធ្វើកំណែទម្រង់ ទាំងវិជ្ឈមការ វិសហមជ្ឈការ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលការងារទាំងនេះ គឺជាកិច្ចការអាទិភាពដែលមិនអាចនៅរង់ចាំយូរបានឡើយ ហើយទាមទារឲ្យគ្រប់អង្គភាព និងមន្រ្តី ត្រូវខិតខំបំពេញការងារឲ្យមានប្រសិទ្ធភាព ច្បាស់លាស់ និងទាន់ពេលវេលា ពិសេសគឺទាមទារឲ្យមានការអត់ធ្មត់ខ្ពស់បំផុត។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានកត់សំគាល់ចំពោះវឌ្ឍនភាពមួយចំនួនរបស់អគ្គនាយករដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្នុងនោះមានដូចជាការប្រមូល និងគៀងគរចំណូល ការបង្កើតកិច្ចសហប្រិបត្តិការជាមួយមិត្តបរទេស ការចូលរួមក្នុងការងារសាង​សង់ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ហើយសម្ដេចបានណែនាំឲ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការងារអស់ទាំងនេះ។

សម្ដេចឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំអង្គសន្និបាតឲ្យតក់សំគាល់អំពីឋាន្តរសក្ដិ និងតួនាទីនៅក្នុងក្របខណ្ឌនគរបាលជាតិ ថាមិនមែនសក្ដិទាំងអស់ សុទ្ធតែឡើងតាមតួនាទីនោះទេ។ ត្រង់ចំណុចនេះ សម្ដេចបានលើកឡើងថាពេលខ្លះ មន្រ្តីនគរបាលកម្ពុជា ដែលមានតួនាទីដូចគ្នាជាមួយមន្រ្តីនគរបាលបរទេស ប៉ុន្តែពេលជួបពិភាក្សាគ្នា បែរជាមានសក្ដិខុសគ្នាឆ្ងាយទៅវិញ។ ដូច្នេះសម្ដេចអះអាថានឹងមិនឲ្យមានករណីនេះកើតឡើងទៀតឡើយ។

ពាក់ព័ន្ធនឹងការចំណាយលើប្រាប់បេសកកម្មរបស់មន្រ្តី និងនគរបាលវិញ សម្ដេចក្រឡាហោម បានណែនាំឲ្យបង្កើនភាពច្បាស់លាស់ សម្រាប់ការចំណាយទាំងបេសកកម្មក្នុងស្រុក និងនៅក្រៅប្រទេស ពិសេសការបើកប្រាក់បេសកកម្មលើសចំនួនមន្រ្តីចុះបំពេញការងារជាក់ស្ដែង។ ជាមួយគ្នានេះ សម្ដេចក៏បានក្រើនរំលឹកមន្រ្តីចុះបំពេញបេសកកម្ម មិនត្រូវបើកប្រាក់បេសកម្មពីរដ្ឋទៅបំពេញការងារគណបក្សនយោបាយឡើយ។

នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តក្រើនរំលឹកថ្នាក់ដឹកនាំនគរបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ ត្រូវតាមដានរាល់ការចុះផ្សាយរបស់សារព័ត៌មាន និងការរាយការណ៍របស់ពលរដ្ឋ គ្រប់បញ្ហាទាំងអស់ ហើយត្រូវមានវិធានការជាបន្ទាន់ ពីព្រោះការបណ្ដែតបណ្ដោយ ឬមិនអើពើ ប្រាកដជានឹងនាំឲ្យពលរដ្ឋ និងសារព័ត៌មាន ដាក់ការសង្ស័យថាថ្នាក់ដឹកនាំនគរបាល ឬអាចមានមន្រ្តីនគរបាលណានៅពីក្រោយបញ្ហានោះមិនខានឡើយ។

សម្ដេចក៏បានបន្តក្រើនរំលឹកមន្រ្តី ត្រូវបង្ក្រាបដោយគ្មានរើសមុខ ចំពោះអ្នកប្រព្រឹត្តិបទល្មើសគ្រឿងញៀន ហើយបានស្នើឲ្យក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពបើអាច គួរបំពាក់ឧបករណ៍ចាក់បញ្ចាំងយ៉ាងហោចណាស់មួយនៅតាមអនុវិទ្យាល័យ ឬវិទ្យាល័យ ដើម្បីឲ្យសិស្សមានលទ្ធភាពរៀនសូត្រផង និងដើម្បីរៀបចំកម្មវិធីចាក់បញ្ចាំងអំពីផលប៉ះពាល់នៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀនផង។

ជាចុងបញ្ចប់នៃសន្ទរកថា សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការជឿជាក់ថាថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់អង្គភាពទាំងអស់ នឹងខិតខំរួមគ្នាបំពេញការងារទទួលបានជោគជ័យបន្ថែមទៀត ហើយសម្ដេច ក៏បានអញ្ជើញបំពាក់ឋាន្តរសក្ដិថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលមួយចំនួន មុនបិទបញ្ចប់សន្និបាតរបស់អគ្គនាយករដ្ឋានភស្តុភារ និង​ហិរញ្ញវត្ថុ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com