ពាក្យស្លោកបុរាណខ្មែរ ៖ « ផែនដីចេះតែដុះ អារាមកាន់តែធាត់ វដ្ដកាន់តែស្គម »

នៅក្នុងសង្គមខ្មែរយើង តាំងតែពីដូនតារៀងមក រហូតមកដល់បច្ចុប្បន្ននេះ ចាស់បុរាណដូនតាខ្មែរដែលជាកវីបណ្ឌិត្យ ព្រឹទ្ធាចារ្យ លោកតែងចងក្រងបង្កើតនូវស្នាដៃនានាជាច្រើន ដែលបង្កប់នូវ​តម្លៃ  អត្ថន័យ អត្ថរូប និងអត្ថរស យ៉ាងល្អប្រសើរ ក្នុងគោលបំណងអប់រំទូន្មាន ប្រៀនប្រដៅកូនចៅគ្រប់សម័យកាល ជាគតិក្នុងការគិតពិចារណាជាដើម ។ មិនថាចំនេះដឹង ជាវណ្ណកម្មស្នាដៃអក្សរសិល្ប៍ រឿងប្រឡោមលោក ពាក្យកម្រងកែង ស្នាដៃកំណាព្យ សុភាសិតខ្មែរ ឬពាក្យស្លោក ពាក្យកាព្យជួន ផ្ទួន​ រណ្តុំ នោះទេ គឺសុទ្ធសឹងតែជាកញ្ចក់បង្កប់នូវតថភាពនៃសម័យកាល និងតម្លៃយ៉ាងប្រត្យត្ស។

ថ្ងៃនេះSwift News សូមបង្ហាញជូនលោកអ្នកនូវអត្ថន័យនៃពាក្យស្លោកបុរាណមួយឃ្លា ដែលទាក់ទងទៅ និងវិស័យព្រះ ពុទ្ធសាសនា បានពោលមកថា « ផែនដីចេះតែដុះ អារាមកាន់តែធាត់ វដ្ដកាន់តែស្គម » តើមានន័យដូចម្តេច?

  • បកស្រាយ៖

ពាក្យស្លោកដែកបានពោលថា « ផែនដីចេះតែដុះ អារាមកាន់តែធាត់ វដ្ដកាន់តែស្គម » នេះ មានន័យថា:

ផែនដីចេះតែដុះ  :   គឺសំដៅដល់ផែនដីនៃលោកនេះទាំងមូល ឬហៅម្យ៉ាងទៀតតាមព្រះពុទ្ធសាសនាថា ភទ្រកប្ប ឬជម្ពូទ្វីប ដែលបានឧបត្តិឡើងនៅក្នុងកប្បនីមួយៗទៅតាមពេលវេលា។ ដែលភទ្រកប្ប ឬផែនដីនេះ តាំងពីកកើតមក រហូតមកដល់ពេលនេះ គឺមានអាយុកាលរាប់លាន់ឆ្នាំមកហើយ នៅតែបន្តដុះវិវត្តអាយុកាលទៅអនាគត។

–  អារាមកាន់តែធាត់ :   គឺសំដៅចំពោះ វត្ត ឬអារាម ដែលដូនតាខ្មែរតែងហៅភ្ជាប់ពាក្យគ្នាថា« វត្តអារាម » ជាទីតាំងនៃ នៃការគោរពបូជារបស់ពុទ្ធសាសនិក ឬជាទីតាំងដែលព្រះទ្រង់បដិបត្តធម៌វិន័យ ។ អារាមកាន់តែធាត់នេះ ដូចដែលយើង បានឃើញស្រាប់ហើយ នាពេលបច្ចុប្បន្នមិនថាប្រទេសកម្ពុជា ឬបណ្តាប្រទេសផ្សេងៗដែលជាអ្នកកាន់ និងគោរពព្រះពុទ្ធ សាសនានោះឡើយ គ្រប់បណ្តាប្រទេសទាំងអស់រួមទាំងកម្ពុជាយើងផង ទីវត្តអារាម ឬវត្តអារាម ព្រះវិហារ កុដិ បានរីកដុះ ដាលច្រើនសន្ធឹកសន្ធាប់គួរជាទីរីករាយក្នុងការគោរពបូជាគុណព្រះរតនត្រ័យ នៅក្នុងសាសនាព្រះសមណគោតម ដែល មានអាយុកាល៥០០០ឆ្នាំ ហើយដែលគិតទល់ពេលនេះគឺជាពុទ្ធសករាជ​២៥៦២។

–  វដ្ដកាន់តែស្គម   :  គឺសំដៅទៅដល់ « វដ្តបដិបត្ត »របស់ព្រះសង្ឃ ជាការគោរពប្រតិបត្តព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ពីព្រះសង្ឃ ដែលជារតនត្រ័យទីបីនៃព្រះត្រ័យបិដក ដែលមាន ព្រះអភិធម្ម ព្រះវិន័យ ព្រះសូត្រ ។ដែលការគោរព និងការ ប្រតិបត្តរបស់ព្រះសង្ឃចំពោះធម៌វិន័យកាន់តែខ្សោយទៅៗ ទៅតាមអាយុកាលនៃសាសនារបស់ព្រះពុទ្ធ។

ដូចនេះ ពាក្យស្លោកខាងលើ គឺបានន័យជាសង្ខែបថា ផែនដីយើងនេះ គឺកាន់តែដុះទៅៗ ហើយចំណែកវត្តអារាម ដែលជាទីសក្ការៈបូជានៃព្រះពុទ្ធសាសនាកាន់តែមានច្រើន ក៍ប៉ុន្តែបែរជាការបដិបត្តរបស់ព្រះសង្ឃ មានការធ្លាក់ចុះទៅ វិញ ដែលជាហេតុធ្វើអោយសាសនារួយរាយបន្តិចម្តងៗទៅតាមសម័យកាលនៃអាយុ៥០០០ឆ្នាំនៃសាសនារបស់ព្រះពុទ្ធ សមណគោតម ដែលជាព្រះពុទ្ធអង្គទី៤នៃភទ្រកប្បនេះ៕

(បកស្រាយដោយ ពេជ្រ វុឌ្ឍា)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com