វិភាគៈ គណបក្សយោធាទទួលបានសម្លេងគាំទ្រនាំមុខគេក្នុងការបោះឆ្នោតសកលនៅថៃ

ផ្អែកលើលទ្ធផលនៃការរាប់សន្លឹកឆ្នោតបានប្រមាណ៩៤%នៅទូទាំងប្រទេសថៃ បានបង្ហាញថា គណបក្ស ប៉ាឡាំង ប្រាឆារ៉ាត របស់កងកម្លាំងយោធា ទទួលបានសម្លេងនាំមុខគេ ក្នុងចំណោមគណបក្សចំនួន៨១គណបក្សដែលបានចូលរួមការបោះឆ្នោត ។

គណបក្សនយោបាយចំនួន៣គណបក្ស ដែលទទួលបានសម្លេងឆ្នោតគាំទ្រច្រើនជាងគេនៅក្នុងការបោះឆ្នោតសកលនៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩នេះ ប៉ុន្តែគណបក្សចំនួន២គណបក្ស ទទួលបានសម្លេងគាំទ្រប្រកៀកប្រកិតគ្នាបំផុត ។

គណបក្ស ប៉ាឡាំង ប្រាឆារ៉ាត (Palang Pracharath Party) បានទទួលសម្លេងគាំទ្រនាំមុខគេ បន្ទាប់មកគណបក្ស ភឿថៃ (Pheu Thai Party) ឈរក្នុងលំដាប់លេខ២ និងគណបក្សអនាគតថ្មី (Future Forward Party) ឈរក្នុងលំដាប់លេខ៣ ។

ក្នុងចំណោមគណបក្សនយោបាយថៃទាំង៣គណបក្ស ដែលទទួលបានសម្លេងឆ្នោតគាំទ្រច្រើនជាងគេនេះ គឺមានតែគណបក្ស២ទេ ដែលទទួលបានសម្លេងគាំទ្រប្រកៀកប្រកិតគ្នា ខណៈដែលសន្លឹកឆ្នោត៩៤%ត្រូវបានរាប់រួចរាល់ហើយនោះ ។

បើគិតតែទៅលើសម្លេងគាំទ្រគណបក្សនីមួយៗ ក្នុងចំណោមសន្លឹកឆ្នោត៩៤% ដែលត្រូវបានរាប់រួចរាល់នេះបង្ហាញថា គណបក្ស Palang Pracharath Party បានទទួលសម្លេងគាំទ្រប្រមាណជាង៧លាន៦សែន៩ម៉ឺនសម្លេង ។

គណបក្ស Pheu Thai Party ទទួលបានសម្លេងគាំទ្រប្រមាណជាង៧លាន២សែន៣ម៉ឺនសម្លេង ដែលឈរក្នុងលំដាប់លេខ២ ហើយគណបក្សអនាគតថ្មី (Future Forward Party) ទទួលបានសម្លេងគាំទ្រជាង៦លានសម្លេងដែលឈរក្នុងលំដាប់លេខ៣ ។

សូមបញ្ជាក់ជូនថា គណបក្សPalang Pracharath Party ជាគណបក្សដែលគាំទ្រដោយ កងកម្លាំងយោធារបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា, គណបក្ស Pheu Thai Party ជាគណបក្សដែលលំអៀងទៅរកអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។

រហូតមកដល់រសៀលថ្ងៃចន្ទ ទី២៥ ខែមីនានេះ គណៈកម្មាធិការរៀបចំការបោះឆ្នោត នៅមិនទាន់ចេញផ្សាយពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតសកលនេះនៅឡើយទេ ដែលលទ្ធផលខាងលើ គឺជាលទ្ធផលដែលបានចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ ។

គណៈកម្មាធិការរៀបចំការបោះឆ្នោត អាចនឹងចេញផ្សាយពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតសកលនេះ នៅល្ងាចថ្ងៃចន្ទដដែលនេះ ឫអាចចេញផ្សាយនៅថ្ងៃអង្គារស្អែក ហើយលទ្ធផលផ្លូវការគណៈកម្មាធិការរៀបចំការបោះឆ្នោត នឹងចេញផ្សាយនៅដើមខែឧសភាខាងមុខ ។

អ្នកតាមដានស្ថានភាពនយោបាយនៅប្រទេសថៃជាច្រើន បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា អាចនៅរក្សាតំណែងនាយករដ្ឋមន្ត្រីថៃដដែលក្រោយការបោះឆ្នោតសកលនៅឆ្នាំ២០១៩នេះ ដោយសារមានជំនួយជាច្រើន ។

ជំនួយដល់លោក បា្រយុទ្ធ ចាន់អូចា ក្នុងការរក្សាតំណែងនាយករដ្ឋមន្ត្រី គឺការគាំទ្រពីប្រជាពលរដ្ឋថៃកាន់តែច្រើនតាមរយៈការបោះឆ្នោត ដោយនាំមុខគណបក្ស Pheu Thai Party ដែលលំអៀងទៅរកអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ធ្លាប់តែឈ្នះ ។

ជំនួយដល់លោក បា្រយុទ្ធ ចាន់អូចា មួយទៀត គឺរបបសឹកថៃ បានរៀបចំជើងព្រួលទុកជាមុនរួចរាល់ហើយ គឺរបបសឹកបានកែប្រែប្រព័ន្ធបោះឆ្នោតថ្មី តាមរយៈការបង្កើតរដ្ឋធម្មនុញថ្មីកាលពីឆ្នាំ២០១៧កន្លងទៅ ដែលរបបសឹកខ្លួនឯងជាអ្នកតាក់តែងឡើង ដើម្បីការពារអំណាចរបស់ខ្លួនកុំអោយរបូតទៅអ្នកដ៏ទៃ ។

រដ្ឋធម្មនុញ្ញថ្មីដែលត្រូវបានតាក់តែងឡើងដោយរបបសឹកថៃនេះ គឺជារដ្ឋធម្មនុញ្ញដែលលម្អៀងខ្លាំងទៅលើរបបសឹក ដែលអាចបន្តកាន់តំណែងជាបន្តទៀតដោយស្របច្បាប់ ដោយអាស្រ័យលើរដ្ឋធម្មនុញ្ញថ្មីនេះ ។

រដ្ឋធម្មនុញ្ញថ្មីបានចែងថា ចំនួនតំណាងរាស្ត្រដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតជាឯកត្តនាម គឺមណ្ឌលត្រូវកាត់បន្ថយពីចំនួន៣៧៥ មកនៅត្រឹម៣៥០ ហើយតំណាងរាស្ត្រក្នុងបញ្ជីបក្ស ត្រូវបង្កើនពី១២៥ទៅ១៥០ ។

ចំណុចមួយទៀតដែលត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញថ្មីដែរ គឺរដ្ឋសភា និងព្រឹទ្ធសភា ត្រូវបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែបញ្ហានៅត្រង់ថា សមាជិករដ្ឋសភាត្រូវបានជ្រើសរើសចេញពីការបោះឆ្នោតសកល ប៉ុន្តែសមាជិកព្រឹទ្ធសភាត្រូវបានជ្រើសរើសដោយរបបសឹកទាំងអស់ ដោយមិនជ្រើសរើសចេញពីការបោះឆ្នោតទេ ។

រដ្ឋសភាមានសមាជិកចំនួន៥០០នាក់ ដែលកើតចេញពីការបោះឆ្នោត ហើយព្រឹទ្ធសភា មានសមាជិក២៥០ ដែលរបបសឹកជ្រើសរើសទាំងអស់ ដែលនេះមានន័យថា ប្រសិនបើគណបក្សផ្សេងជាប់ឆ្នោត រដ្ឋសភានឹងជ្រើសរើសយកនាយករដ្ឋមន្ត្រីចេញពីគណបក្សនោះមែន ប៉ុន្តែព្រឹទ្ធសភាមិនយល់ព្រមទេ ប៉ុន្តែប្រសិនបើរបបសឹកឈ្នះ ទាំងរដ្ឋសភា និងទាំងព្រឹទ្ធសភា នឹងមិនជំទាស់ទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com