ក្រសួងបរិស្ថានព្រមានអ្នកដែលកំពុងកាន់កាប់​ និងលក់ដូរដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ត្រូវបញ្ឈប់ជាបន្ទាន់

(ព្រះសីហនុ) ក្រសួងបរិស្ថានសូមប្រកាសជូនដំណឹងនិងស្នើដ៏ទទូចដល់បងប្អូនប្រជាជពលរដ្ឋដែលបាននិងកំពុងកាន់កាប់ និងលក់ដូរដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ខេត្តព្រះសីហនុត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពល្មើសច្បាប់នេះ។ បើនៅតែបន្តសកម្មភាពទិញលក់ដូរដីធ្លីក្នុងឧទ្យានជាតិនេះដោយខុសច្បាប់ នឹងត្រូវប្រឈមមុខច្បាប់។ នេះជាការព្រមានរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៩ នេះ ខណៈមានជនខិលខូចមួយចំនួនបាននិងកំពុង ប្រកាសលក់ដីពុះឡូតិ៍ថ្មីៗយ៉ាងអនាធិបតេយ្យដែលមានទីតាំងក្នុងតំបន់ឧទ្យានជាតិរៀម ដែលជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។

រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏បានថ្លែងអំពាវនាវដល់សាធារណជនដែលកំពុងព្យាយាមទិញដីធ្លីនៅតំបន់ឧទ្យានជាតិរាមថា សូមបងប្អូនមេត្តាមានការប្រុងប្រយ័ត្នព្រោះការទិញលក់ដូរដីស្ថិតក្នុងតំបន់ការពារធម្មជាតិជាទង្វើខុសច្បាប់ ហើយជនប្រព្រឹត្តល្មើសច្បាប់នឹងអាចត្រូវប្រឈមមុខច្បាប់។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា គ្មានជនណាម្នាក់មានសិទ្ធិយកដីរដ្ឋទៅលក់ដូរ និងចេញបណ្ណកម្មសិទ្ធិឱ្យបុគ្គលណាបានឡើយ។ លោក នេត្រ ភក្ត្រា បានថ្លែងថា ប្រសិនបើបងប្អូនបន្តសកម្មភាពទិញដូរដីធ្លីដេលស្ថិតក្នុងតំបន់ការពារធម្មជាតិក្រោមការបោកប្រាស់របស់ជនខិលខូច នោះ

អាចធ្វើឱ្យបងប្អូនខាតបង់ប្រាក់ឥតប្រយោជន៍បើសិនអជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវឃើញថាដីធ្វើការទិញដូរនោះស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ។

លោករដ្ឋលេខាធិការបានឱ្យដឹងថាជនល្មើសដែលទៅកាប់រុករានទ្ទ្រានដីរដ្ឋដោយខុសច្បាប់ ក៏ដូចជាទៅចាប់ដីលើកម្មសិទ្ធិឯកជននៅខេត្តព្រះសីហនុជាច្រើនករណីបាននិងកំពុងតែត្រូវបានចាប់ខ្លួន និងចោទប្រកាន់ រង់ចាំការជំនុំជម្រះក្តីចំពោះបទល្មើសដែលខ្លួនប្រព្រឹត្តប្រឆាំងឹងច្បាប់ស្តីពីតំបន់ការពារតំបន់ធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ និងច្បាប់ដីធ្លី។

តំបន់រាមមានផ្ទៃដីទំហំ ១៥០០០ហិកតាត្រូវបានបង្កើតជាឧទ្យានជាតិព្រះសីហនុ (រាម)ដោយព្រះរាជក្រឹត្យនៅឆ្នាំ ១៩៩៣។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ដោយសារតែដីនៅខេត្តព្រះសីហនុមានតម្លៃថ្លៃ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចលនានៃការកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ក្រុមជនខិលខូចបន្តកើតមាន កន្លែងខ្លះមានការរំលោភកាន់កាប់ដីខុសច្បាប់ពីជនខិលខូចលើដីជាទ្រព្យសម្បត្តិរដ្ឋ និងជារបស់ឯកជនខ្លះ ទោះបីជាអាជ្ញាគ្រប់ជាន់ថ្នាក់ខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់បង្ក្រាបក៏ដោយ។

លោករដ្ឋលេខាធិការ បានថ្លែងថា កន្លងមក ការទន្ទ្រាន រុករានកាន់កាប់ដីដោយខុសច្បាប់របស់បងប្អូនប្រជាពលរដ្ឋខ្លះ ត្រូវបានធ្វើឡើងក្រោមការបំផុសពីឈ្មួញរកស៊ីដីធ្លីដែលពួកគេបានញុះញង់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានរំលោភបំពានច្បាប់ និងបផ្លាញធនធានធម្មជាតិក្រោមច្រើនរូបភាព ដូចជា ការដាំដំណាំចេក ស្វាយ ខ្លុរ អាកាស្យា.. ជាដើមដើម្បីបន្លំថាជាដី និងដំណាំដែលខ្លួនបានកាន់កាប់ និងអាស្រ័យផលជាកម្មសិទ្ធិ ឬខ្លួនបានគ្រប់គ្រងជាយូរមកហើយ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា ល្បិចកលក្នុងការបំផ្លាញធនធានធម្មជាតិខ្លះ ដែលជនខិលខូចខ្លះបានធ្វើក្នុងការទន្ត្រានកាន់កាប់ដីព្រៃខុសច្បាប់នោះ គឺដូចជាការបោះព្រំដី ការត្រាយព្រៃតូចៗឱ្យងាប់ រួចដុតសម្អាត សម្រាប់ដាំដំណាំតាមរដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ ។ល។ ក្នុងរូបភាពអាស្រ័យផល និងឈានទៅដាក់ស្នើសុំការវាស់វែង ផ្តល់កម្មសិទ្ឋិជូនពួកគាត់ទៅ អាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ឋ ជាពិសេសស្នើទៅរដ្ឋាភិបាលជាបន្តបន្ទាប់។

លោកបន្តថា កន្លងមក ក្នុងករណីមានការបង្ក្រាប ឬបដិសេធការផ្តល់កម្មសិទ្ធិ ក្រុមឈ្មួញបានញុះញង់ឱ្យមានការតវ៉ា និងពេលខ្លះឡើងមកតវ៉ានៅរាជធានីភ្នំពេញ ហើយត្រូវបានបំពងសំឡេង ដោយក្រុមអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សមួយចំនួនថា ជាការរំលោភបំពានលើសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋានជាដើម។ តាមពិត នេះគឺជាការរំលោភច្បាប់យ៉ាងច្បាស់។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ជាទូទៅនៅតាមតំបន់ការពារធម្មជាតិនីមួយៗ មន្ត្រីឧទ្យានុរក្សមិនមានការរឹតបន្តឹង ឬហាមឃាត់ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ដែលប្រកបរបរចិញ្ចឹមជីវិត អាស្រ័យលើការប្រមូលអនុផល ព្រៃឈើ មានដូចជា រកផ្តៅ វល្លិ៍ ឫស្សី បន្លែ ផ្លែឈើ ឬអុសសម្រាប់ដុតប្រចាំថ្ងៃនោះទេ។ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថាន បានគិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ការពារធម្មជាតិនានា តាមរយៈការជួយបង្កើតមុខរបរ បង្កើតប្រភពចំណូល បង្កើនចំណូលសម្រាប់អភិវឌ្ឍជីវភាពគ្រួសារបងប្អូន។

ដើម្បីទប់ស្កាត់នូវរូបភាពការទន្ទ្រានកាន់កាប់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានដោយសហការ ជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ឋ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដូចបានរៀបរាប់ខាងលើ ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការយក ពលរដ្ឋមកធ្វើជាលេសដើម្បីទន្ទ្រានកាន់កាប់ដីរដ្ឋជារឿងខុសច្បាប់ និងមិនត្រូវបានអត់ឱនឱ្យឡើយ ។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលប្រទេសកម្ពុជា មានដើម្បីទុកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ លោកបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋណាខ្វះដីពិតប្រាកដ សូមដាក់សំណើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរ មិនគួរទន្ទ្រាន រុករានកាប់ឆ្ការព្រៃ កាន់កាប់ដីរដ្ឋដោយខុសច្បាប់ឡើយ។ ជនទាំងឡាយដែលបំពាននឹងត្រូវប្រឈមមុខច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com