វិភាគៈ រដ្ឋាភិបាលយោធាថៃ ងាកចេញពីអាមេរិក និងបែរទៅរកចិនក្នុងវិស័យទេសចរណ៍ និងវិនិយោគ

ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ គឺចាប់តាំងពីឆ្នាំ២០១៤រហូតដល់ឆ្នាំ២០១៩នេះ រដ្ឋាភិបាលយោធារបស់ប្រទេសថៃ ហាក់ដូចជាងាកចេញពីសហរដ្ឋអាមេរិកកាន់តែខ្លាំង និងបែរទៅចាប់ដៃជាមួយប្រទេសចិន ក្នុងវិស័យទេសចរណ៍ និងការវិនិយោគ ។

មូលហេតុដែលរបបសឹកថៃ បែរខ្នងដាក់សហរដ្ឋអាមេរិក គឺដោយសារមេដឹកនាំរបស់សហរដ្ឋអាមេរិកមានភាពសាំញ៉ាំច្រើនក្នុងការផ្តល់ជំនួយ ឫការវិនិយោគនៅក្នុងប្រទេសថៃ ដោយអាមេរិកបានដាក់លក្ខខណ្ឌជាច្រើន មុននឹងផ្តល់ប្រយោជន៍អោយទៅប្រទេសថៃ ។

មូលហេតុមួយទៀត រដ្ឋាភិបាលយោធាថៃ ដែលដឹកនាំអោយលោកនាយករដ្ឋមន្ត្រី បា្រយុទ្ធ ចាន់អូចា គឺកើតចេញពីការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កាលពីឆ្នាំ២០១៤ និងឡើងកាន់អំណាចខ្លួនឯង ដោយមិនមានការបោះឆ្នោតជ្រើសរើស ។

សហរដ្ឋអាមេរិក ជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ដូច្នេះអាមេរិកមិនសូវជាពេញចិត្តប៉ុន្មានទេនឹងរដ្ឋាភិបាលយោធាថៃ ដែលកើតចេញពីការធ្វើរដ្ឋប្រហារដណ្តើមយកអំណាចពីរដ្ឋាភិបាលស៊ីវិល និងកាន់អំណាចតាមបែបយោធា ។

គេមើលឃើញថា ការបោះឆ្នោតសកលនៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩នេះ គឺជាការសម្រេចចុងក្រោយ នៃទំនាក់ទំនងរវាងប្រទេសថៃ និងសហរដ្ឋអាមេរិក ឫក៏ទំនាក់ទំនងរវាងប្រទេសថៃ និងប្រទេសចិន ។

ប្រសិនបើខាងយោធាឈ្នះឆ្នោត ទំនាក់ទំនង ថៃ និង អាមេរិក ពិតជាឃ្លាតឆ្ងាយពីគ្នាបន្តិចហើយ ប៉ុន្តែប្រសិនបើគណបក្សផ្សេង មានគណបក្សភឿថៃជាដើម ដែលជាគណបក្សលំអៀងទៅរកអតីតនាយករដ្ឋមន្ត្រីថៃ ឈ្នះឆ្នោត ទំនាក់ទំនងអាមេរិក ថៃ អាចប្រសើរឡើង ។

ចំណែកទំនាក់ទំនងរវាងប្រទេសថៃ និងប្រទេសចិនវិញ ទោះបីជាគណបក្សណាមួយឈ្នះឆ្នោត ក៏នៅតែល្អដែរ ដោយសារតែចិនកំពុងផ្តល់ផលប្រយោជន៍យ៉ាងច្រើនអោយទៅប្រទេសថៃ ចាប់តាំងពីកន្លះទសវត្សរ៍មុន ។

តាមមើលទៅ គណបក្សយោធាថៃនឹងឈ្នះឆ្នោត ហើយបើមិនឈ្នះក៏មានរដ្ឋធម្មនុញ្ញថ្មីចាំជួយសង្គ្រោះដែរ ដោយរដ្ឋធម្មនុញ្ញថ្មីបានចែងថា ចំនួនតំណាងរាស្ត្រដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតជាឯកត្តនាម គឺមណ្ឌលត្រូវកាត់បន្ថយពីចំនួន៣៧៥ មកនៅត្រឹម៣៥០ ហើយតំណាងរាស្ត្រក្នុងបញ្ជីបក្ស ត្រូវបង្កើនពី១២៥ទៅ១៥០ ។

ចំណុចមួយទៀតដែលត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញថ្មីដែរ គឺរដ្ឋសភា និងព្រឹទ្ធសភា ត្រូវបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែបញ្ហានៅត្រង់ថា សមាជិករដ្ឋសភាត្រូវបានជ្រើសរើសចេញពីការបោះឆ្នោតសកល ប៉ុន្តែសមាជិកព្រឹទ្ធសភាត្រូវបានជ្រើសរើសដោយរបបសឹកទាំងអស់ ដោយមិនជ្រើសរើសចេញពីការបោះឆ្នោតទេ ។

រដ្ឋសភាមានសមាជិកចំនួន៥០០នាក់ ដែលកើតចេញពីការបោះឆ្នោត ហើយព្រឹទ្ធសភា មានសមាជិក២៥០ ដែលរបបសឹកជ្រើសរើសទាំងអស់ ដែលនេះមានន័យថា ប្រសិនបើគណបក្សផ្សេងជាប់ឆ្នោត រដ្ឋសភានឹងជ្រើសរើសយកនាយករដ្ឋមន្ត្រីចេញពីគណបក្សនោះមែន ប៉ុន្តែព្រឹទ្ធសភាមិនយល់ព្រមទេ ប៉ុន្តែប្រសិនបើរបបសឹកឈ្នះ ទាំងរដ្ឋសភា និងទាំងព្រឹទ្ធសភា នឹងមិនជំទាស់ទេ ។

រដ្ឋាភិបាលថៃចង់បានការចួលរួមពីប្រទេសចិនក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវចំណាយទឹកប្រាក់រហូតដល់៤៥០០០លានដុល្លារអាមេរិក ដែលអាមេរិកទំនងជាមិនចួលរួមជាមួយថៃទេ ប៉ុន្តែចិនអាចចូលរួមបាន ។

ចំណែកវិស័យទេសចរណ៍វិញ កាលពីឆ្នាំ២០១៨កន្លងទៅ ថៃបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៤០លាននាក់ ដែលក្នុងចំណោមនោះមានអ្នកទេសចររបស់ប្រទេសចិនដល់ទៅជាង១០នាក់ទៅហើយ ។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបង្កើតគម្រោងមួយមានឈ្នោះថា Eastern Economic Corridor ដែលហៅកាត់ថា EEC ដែលជាមហាគម្រោងសម្រាប់អភិវឌ្ឍន៍មជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំមួយ និងគម្រោងសាងសង់ថ្លូវរថភ្លើងល្បឿនលឿន ដែលត្រូវចំណាយប្រាក់អស់ជាង៤៥០០០លានដុល្លារអាមេរិក ដែលត្រូវការចិនអោយជួយដោយចៀសមិនរួច ៕លីលី

Finance concept ,Earn money from stock market

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com