ពិតជា​មិនធម្មតា​! ឯកឧត្តម ប៉ា សុជាតិ​វង្ស សុខចិត្ត លាលែង​តំណែង​ជា​តំណាងរាស្ត្រ និង​ប្រធាន​គណៈកម្មការ​រដ្ឋសភា មក​ធ្វើជា​បេក្ខជន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​!

(​ភ្នំពេញ​)៖ ឯកឧត្តម ប៉ា សុជាតិ​វង្ស អ្នកតំណាងរាស្ត្រ លំដាប់​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា បាន​បាន​សុំលាលែង ក្រោយពេល​អតីត​អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ តាមរយៈ​ការបោះឆ្នោត កាលពី​ខែកក្កដា ឆ្នាំ​២០១៨​។ តាមពិត ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​ឈរឈ្មោះ ជា​បេក្ខជន​ពេញសិទ្ធិ​លំដាប់​លេខ​រៀង​ទី​១ ក្នុងចំណោម​បេក្ខជន​ពេញសិទ្ធិ ២៧​រូប នៃ​បញ្ជី​ផ្លូវការ គណបក្ស​ប្រជាជន​កម្ពុជា បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។​

​ដោយ​គ្មាន​សង្ស័យ​ទេ ឯកឧត្តម ប៉ា សុជាតិ​វង្ស នឹង​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​អសកល នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ដែល​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​តំណែង ជា​អ្នក​ទៅ​បោះឆ្នោត​។ រឹតតែ​គ្មាន​ការសង្ស័យ​ទៀត​នោះ គឺ​ឯកឧត្តម ប៉ា សុជាតិ​វង្ស នឹងត្រូវ​តែងតាំង ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ជាក់​ជាមិនខាន​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ និង​បានសម្រេច​យល់ព្រម ប្រកាស​ទទួលស្គាល់​លោកស្រី គឹម សុ​វណ្ណា ជា​តំណាងរាស្ត្រ​ថ្មី មណ្ឌល​រាជធានី​ភ្នំពេញ ជំនួស​ឯកឧត្តម ប៉ា សុជាតិ​វង្ស ដែល​បាន​សុំលាលែង​។​

​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បានបញ្ជាក់​ទៅកាន់​អ្នកកាសែត​ថា ឯកឧត្តម ប្រាជ្ញ ច័ន្ទ នឹងត្រូវ​ជ្រើសរើស​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា នៃ​រដ្ឋសភា ជំនួស​ឯកឧត្តម ប៉ា សុជាតិ​វង្ស ផងដែរ​។​

​កើត​នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​១៩៥៧ ឯកឧត្តម ប៉ា សុជាតិ​វង្ស ជា​អភិបាល​រាជធានី​ភ្នំពេញ កាល​ខែឧសភា ឆ្នាំ​២០១៣ បន្ត​ពី​ឯកឧត្តម កែប ជុតិមា​។ មកដល់​ខែមិថុនា ឆ្នាំ​២០១៧ ឯកឧត្តម ប៉ា សុជាតិ​វង្ស ត្រូវបាន​បញ្ចប់​តំណែង ជា​អភិបាល​រាជធានី​ភ្នំពេញ ដោយសារ​ឯកឧត្តម ដល់​អាយុ​ចូល​និវត្ត ( ៦០​ឆ្នាំ ) ហើយ​ឯកឧត្តម ឃួ​ង ស្រេង បាន​ចូលកាន់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ បន្ត​ពី​ឯកឧត្តម ប៉ា សុជាតិ​វង្ស​។​

​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​លំដាប់​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ភ្នំពេញ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ឯកឧត្តម ក៏បាន​ជាប់ឆ្នោត ក្លាយជា​តំណាងរាស្ត្រ ដូច​ឯកឧត្តម កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ ចាប់តាំងពី​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ បន្ត​ដល់​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com