ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជួប​សំណេះសំណាល​ជាមួយ​សមាជិក តាម​ក្រសួង និង​អង្គភាព​រដ្ឋ

(​ភ្នំពេញ​)៖ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែមីនា ឆ្នាំ​២០១៩ ដែលជា​ពេលវេលា​មន្ត្រីរាជការ​ឈប់​សម្រាក​ពី​ការងារ នៅ​ថ្ងៃ​ចុង​សប្តាហ៍ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក ដែល​ធ្វើការ​នៅតាម​ក្រសួង និង​អង្គភាព​រាជរដ្ឋាភិបាល​។ កិច្ចប្រជុំ នៅក្នុង​អគារ ខេមរា​នី នៃ​ទីស្នាក់ការ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ មាន​សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តាម​វិស័យ​នានា និង​មន្ទីរ​-​អង្គភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ចូលរួម​ប្រមាណ ២.២០០ នាក់​។​

​កិច្ចប្រជុំ ដែល​ចូលរួម​ជា​អធិបតី​ដោយ​អភិបាល​រាជធានី​ភ្នំពេញ​ផង​នោះ ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​ចាត់តាំង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជាពិសេស​ពង្រឹង​ភាពស្និទ្ធស្នាល​គណៈកម្មាធិកា​រ​កណ្ដាល និង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​តាម​វិស័យ​នានា និង​មន្ទីរ​-​អង្គភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​លើកទឹកចិត្ត​ឱ្យ​យុវជន ដែលជា​សមាជិក​ស​.​ស​.​យ​.​ក នៅតាម​ក្រសួង​មន្ទីរ​ស្ថាប័នរដ្ឋ បន្ត​បំពេញ​ភារកិច្ច​​ជា​ចម្បង ធ្វើយ៉ាងណា​កុំឱ្យ​ប្រាសចាក​ពី​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន ដែល​ប្រធាន​ស្ថាប័ន​ដាក់ឱ្យ ហើយ​អ្វី​ដែលជា​ការចាំ​បាច់ និង​ជា​កត្តា​ដាច់ខាត គឺ​ការ​សម្រួច​ជំនាញ​របស់ខ្លួន​ថែមទៀត​។​

ក្នុងឱកាស​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​ជំរុញ​ឲ្យ​យុវជន ត្រូវ​ចេះ​លះបង់​កម្លាំងកាយ​ចិត្ត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រទេសជាតិ និង​ប្រជាជន បាន​សេចក្តីសុខ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com