សុភាសិតខ្មែរ ៖ « ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង »

អត្ថន័យគ្រប់ទម្រង់នៃសុភាសិតខ្មែរ ៖ « ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង »

១. អត្ថន័យបែបប្រជាប្រិយ ៖ ភាសិតខាងលើ ជាលក្ខណៈពាក្យបណ្តៅ របស់អ្នកស្រុកអ្នកភូមិខ្មែរ ជំនាន់បុរាណ ប្រើសម្រាប់ ប្រាជ្ញប្រាយកំសាន្ត ផឹកទឹកតែ ដេញបញ្ញាគ្នា ទៅវិញទៅមក ក្រោយការងារ។ រីការបកស្រាយវិញគឺ ខែរះឆ្លងផ្លូវ សំដៅទៅលើ ដើមចេក ពេលណាចេញផ្លែ ច្រើនមានរាងកោង ដូចចំណិតខែ ដុះកោងពីលើផ្លូវដើរ បង្ហាញនូវផ្លែចេកដែលទុំលើដើម ពណ៌មាស ដូចពន្លឺខែ អោយអ្នកស្រុកឃើញហើយ ស្រក់ទឹកមាត់ ចង់តែកាច់ឆីលេង។ កូនកើតមុនឪ មានន័យថា កូនចេកថ្មីដែលដុះមកពីក្តិលដើមចាស់ ព្រោះថា ពេលដើមចេកចាស់ ស្លាប់ទៅហើយ ដុះកូនមកថ្មី មិនដែលមានឪទេ។ ពតាដើរលេង មានន័យថាជា ត្រយូងចេក ភាសានិយាយ គេច្រើននិយាយថា តាយ៉ូងចេក គឺកូនចេក ពេលធំពេញក្តី ក៏ពតា ដើរលេង គឺយោលយោគ លើអាកាស តាមកំសួលខ្យល់បក់។ ដូច្នេះ ចម្លើយរបស់ពាក្យបណ្តៅនេះ គឺជា ដើមចេក ។

២. អត្ថន័យបែបលោកធម៌ ៖

ខែរះឆ្លងផ្លូវ ៖ ដួងខែច្រើនរះនៅពេលយប់ ហើយនៅពេលយប់ងងិត សូម្បីតែពន្លឺខែតែបន្តិច ក៏អាចជួយបំភ្លឺផ្លូវ មនុស្សលោក អោយមើលផ្លូវធ្វើដំណើរ បានងាយស្រួលជាង មានសុវត្ថិភាព ជាងមុន មិនធ្លាក់ទឹក មិនជំពប់ដួល មិនដើរជល់ មិនទាល់ច្រក ប្រសើរជាងពេល ដែលគេធ្វើដំណើរ​ ដោយឥតមានពន្លឺអ្វីសោះ។ ដួងខែ សំដៅទៅលើ ពន្លឺសតិប្រាជ្ញា ដែលនាំយើង អោយមើលឃើញផ្លូវ ប្រសើរ សម្រាប់ដើរឆ្លង ទៅរកត្រើយមង្គលនៃជីវិត។ ដូច្នេះ បើសិនគ្រប់គ្នា មានអារម្មណ៍អាប់អួរ មានជីវិតជុំវិញខ្លួន ងងិតឈឹង រកជឿទុកចិត្ត ពឹងពំនាក់អ្វីមិនបាននោះ គប្បីយកពេល អង្គុយគិត ដុះខាត់សតិប្រាជ្ញា ស្វែងរកពន្លឺនៅក្នុងខ្លួន ថាតើ យើងមានអ្វីខ្លះ ជាកម្លាំងចិត្តជាមធ្យោបាយ ដោះស្រាយ សម្រាប់ជួយរំដោះខ្លួន អោយផុតពីជីវិត ដ៏ងងិតនោះ។ ម៉្យាងទៀត ដើម្បី ហ្វឹកហ្វឺន ដុសខាត់ ប្រាជ្ញាអោយបាន កាន់តែភ្លឺស្វាង និងមានប្រសិទ្ធភាព យើងត្រូវការ ការសិក្សារៀនវិជ្ជា និងការត្រងសីលវិន័យ (ព្រះធម៌) ដែលជាផ្លូវ ជាស្ពាន នាំយើងឆ្លង ទៅត្រើយ ជីវិត សុខសប្បាយ។

កូនកើតមុនឪ ៖ ពាក្យថា កូន សំដៅទៅលើចិត្ត គឺ កូនចិត្ត ហើយ កូនចិត្ត មិនដែលមានឪចិត្តទេ។ កូនចិត្ត នេះ សំដៅទៅលើ ការមានស្មារតីភ្ញាក់រលឹក ឬការមានចំណង់ ចង់ងើប ចង់ធ្វើអ្វីមួយ ដោយមិនចាំបាច់ មានគេដាស់តឿន រំលឹកប្រាប់។ ធម្មតា មនុស្សយើង កាលបើដុះកូនចិត្តហើយ តែងមានបំណងប្រាថ្នា រួចហើយ ក៏ប្រឹងរកមធ្យោបាយ​ ដោះស្រាយនិងអនុវត្តន៍ រហូតដល់បាន សម្រេចបំណងប្រាថ្នា។ ឧទាហរណ៍ នាយសុខ ដុះកូនចិត្ត ចង់រៀនព្រះធម៌ និងស្រង់យក វិជ្ជា ខាងអក្សរសាស្រ្តខ្មែរ ក៏ទៅក្រាបសុំឪពុកម្តាយ ដើម្បីសុំចូលព្រះផ្នួស ចំនួនបីបួនវស្សា។

ពតាដើរលេង ៖ ពាក្យថា​ តា មានន័យថា​ ចាស់ទុំ ព្រឹទ្ធាចារ្យ ឬបុព្វបុរស។ ពតាដើរលេង មានន័យថា​កាលបើបានបួសរៀន ចេះដឹងហើយ ក៏កូនចៅ គួរធ្វើដំណើរត្រេចចរក្នុងជីវិត ផ្សព្វផ្សាយ គំនិត និងវិជ្ជាល្អៗ របស់ ដូនតាចាស់ទុំព្រឹទ្ធាចារ្យ បុព្វបុរស ទៅគ្រប់កន្លែង អោយអ្នកដទៃទៀត បានស្រូបយកការចេះដឹង ដើម្បីអនុវត្តន៍ការងារក្នុងជីវិត បានរីកចម្រើនដុះដាល រុងរឿង គ្រប់ៗគ្នា។

៣. អត្ថន័យបែបលោកធម៌ ទីពីរ៖

ខែរះឆ្លងផ្លូវ ៖ ខែរះ សំដៅទៅលើវិជ្ជា ឬអាជីព ពេលកូនចៅបានទៅរៀនសូត្រ ឬទៅរកស៊ី បានភ្លឺស្វាង រុងរឿង ឆ្លងពីជីវិតក្រីក្រ ទៅជីវិតត្រើយម្ខាងទៀត។

កូនកើតមុនឪ ៖ មានន័យថា កាលបើកូនចៅបានទទួលវិជ្ជាល្អ មានអាជីពល្អហើយ កូនក៏កើតក្លាយ ជាអ្នកមាន អភិជន ប្រសើររុងរឿង មុនឪ ដែលនៅស្រុកស្រែចំការ មិនបានសិក្សារៀនសូត្រ ចេញធ្វើការល្អប្រសើរ ដូចកូន។

ពតាដើរលេង ៖ លុះកូនបានទទួលភាពរុងរឿងសំបូរសប្បាយ កូនចៅអាចនាំតា (ដូនតា ឬតាយាយ) ដើរលេងគ្រប់កន្លែង ក្នុងលក្ខណៈជាការសងគុណ។ ពតា ក្នុងន័យមួយទៀត គឺកិត្តិនាមគ្រួសារ ឮល្បីខ្ចរខ្ចាយ ខ្ទ័រខ្ទារ (កូនអ្នកនេះ ចៅអ្នកនោះ ត្រកូល (ជីតា) ឈ្មោះអី) មានន័យថា​ជាការ មានឈ្មោះ បោះសម្លេង នាមគ្រួសារ តាមរយៈការចម្រើនរុងរឿង របស់កូនចៅ។

(ដកស្រង់ចេញពីអត្ថបទ អ្នកស្រីកែវ ច័ន្ទបូរណ៍)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com