អគារ១០ខ្នងនៃ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំមានតម្លៃជាង៤០ម៉ឺនដុល្លារ ជាជំនួយយោធាក្រុងហូជីមិញនឹងត្រៀមសម្ពាធមុនចូលឆ្នាំខ្មែរខាងមុខ!

(កំពង់ធំ)៖ អគារ១០ខ្នង នៃបណ្តាផ្នែកសឹករង ស្រុក ក្រុង ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដែលចំណាយទឹកប្រាក់ជាង៤០ម៉ឺនដុល្លា ត្រូវបានត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

អគារដែលបានសាងសង់នៅតាមបណ្តាផ្នែកសឹករង ស្រុក ក្រុង ក្នុងខេត្តកំពង់ធំ១០ខ្នង សម្រាប់បំម្រើការងារយោធា ដែលជាជំនួយរបស់បញ្ជាការដ្ឋានយោធាក្រុងហូជីមិញ នៃយោធភូមិភាគទី៧ បានផ្ដល់ជូន បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមសំណូមពរ របស់លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ។

អគារទាំង១០ខ្នងនេះ បានសាងសង់ ដែលក្នុងមួយខ្នងៗ មានទំហំ ១៩៤ម៉ែត្រការ៉េ សាងសង់ពីបេតុង ប្រក់ក្បឿងថៃ ផ្ដល់ជូន ផ្នែកសឹករងក្រុង ស្រុក ទាំង៨ និងវរសេនាតូចទាំង២ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ជាទីបញ្ជាការចាត់ចែងការងារ និងជាកន្លែងស្នាក់នៅរបស់បងប្អូនយោធិន។

លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា  ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយកិតិបណ្ឌិត ជាចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សន្តិភាព និងការអភិវឌ្ឍន៍ ប្រទេសជាតិមានការរីកចម្រើនគួរជាទីមោទនៈ និងបានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះកិច្ចសហការជាមួយកងទ័ពនៃប្រទេសជិតខាង  ហើយខិតខំថែរក្សាអគារទាំងនេះឲ្យបានល្អ ទុកជាសម្បត្តិរបស់អង្គភាពតទៅ។

មុនពេលឈានដល់បើកពិធី សម្ពាធអគារ១០ខ្នង បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំឧត្តមសេនីយ៍ទោ សោម ស៊ុន បានបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៩ ដើម្បីបែងចែកភារកិច្ច ទទួលខុសត្រូវជូនដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីឲ្យដំណើរការ កម្មវិធីប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យ៕ (SN-សុផាត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង