អបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវានារីអន្តរជាតិ ៨ មិនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយក ប.ស.ស កោតសរសើរ នារី ប.ស.ស ដែលបានខិតខំបំពេញការងារយ៉ាងល្អនាពេលកន្លងមក

(ភ្នំពេញ)៖  បច្ចុប្បន្ន ស្រ្តីកម្ពុជាជាថ្នាក់ដឹកនាំ ក្នុងស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និង ស្ថាប័នក្រសួងមន្ទីរនានារបស់រាជរដ្ឋាភិបាល កំពុងត្រូវបានមើលឃើញថា បានយកចិត្តទុកដាក់ និងលើកកម្ពស់ពីតួនាទីរបស់ខ្លួនជាបន្តបន្ទាប់។

ដោយឡែកនារី នៅបេឡាជាតិរបបសន្តិសុខសង្គម (ប​.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រមាណជា ៤៥% បានចូលរួមបំពេញការងាររបស់ខ្លួនយ៉ាងល្អ ជាមួយការអភិវឌ្ឍន៍លើវិស័យសន្តិសុខសង្គម ដែលផ្តល់ការធានា​សន្តិសុខប្រាក់ចំណូលជាមូលដ្ឋានដល់កម្មករនិយោជិតនៅកម្ពុជា។

នេះជាការថ្លែងឡើងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស នៅក្នុងខណៈប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវានារីអន្តរជាតិ ៨ មិនា ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃចន្ទ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នេះ ស្ថិតនៅក្នុងសាលប្រជុំធំនៃ ប.ស.ស ផ្ទាល់។

ឯកឧត្តប្រតិភូ បានថ្លែងបន្តទៀតថា នារីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ជួយនារី គឺជួយខ្លួនឯង ។ ការធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយ និងវិស័យសាធារណៈ ក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល នីតិកាល៦នេះ កំពុងត្រូវបានយកចិត្តទុកដាក់លើកកម្ពស់នារីឱ្យមានសមត្ថភាពកាន់តែច្រើនឡើងៗក្នុងសង្គម។

ឯកឧត្តប្រតិភូ បានថ្លែងបន្តទៀតថា៖ ស្ថិតក្រោមប្រធានបទជាសាកល  នារីមិនត្រឹមតែផ្ដោតសំខាន់លើការប្រគល់សិទ្ធិអំណាច សិទ្ធិសេរីភាពពេញលេញរបស់នារីក្នុងការសំរេចចិត្ត ការទទួលបានសុភមង្គល និងការលុបបំបាត់ចោលនៃភាពក្រីក្រប៉ុណ្ណោះទេ   ប៉ុន្តែក៍សង្កត់ផងដែរលើតួនាទីដ៏សំខាន់ក្នុងការដឹកនាំកិច្ចការធំៗរបស់ប្រទេសថែមទៀតផង។

ដើម្បីសំរេចបាននូវភារកិច្ចនេះ ឯកឧត្ដមប្រតិភូ ក៍បានផ្ដល់អនុសាសន៍លើកទឹកចិត្តដល់នារីរបស់ ប.ស.ស ឱ្យមានភាពក្លាហាន ខិតខំរៀនសូត្របង្កើនចំណេះដឹងអភិវឌ្ឍន៍សមត្ថភាពជំនាញរបស់ខ្លួនឱ្យបានពេញលេញ ដើម្បីក្លាយជាអ្នកដឹកនាំដ៍ល្អ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងរបបសន្តិសុខសង្គម ជាមួយរាជរដ្ឋាភិបាលកម្ពុជានៃនីតិកាលទី៦ នេះ ឱ្យកាន់តែមានភាពប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com