(ភ្នំពេញ)៖ ក្នុងពេលឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋនឹងអស់ភាពស្មុគ្រស្មាញលើការផ្ទេរកម្មសិទ្ធិយានយន្ត ខណៈដែលក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងរៀបចំនីតិវិធីថ្មីតាមបច្ចេកវិទ្យាទំនើប។ នីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តថ្មីតាមបច្ចេកវិទ្យាទំនើប ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសម្រួលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអស់ភាពស្មុគ្រស្មាញ និងកាន់តែងាយស្រួលជាមុន។
បើតាមក្រសួងសាធារណការ ប្រជាពលរដ្ឋគ្រាន់តែទៅកន្លែងផ្តល់សេវាតែមួយ (ឬចូលទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ONLINE) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួចបំពេញទម្រង់បែបបទពាក្យស្នើសុំតែមួយ បង់សេវាផ្ទេរកម្មសិទ្ធិ និងពន្ធប្រថាប់ត្រា ក្នុងវិក្កយបត្រតែមួយ នឹងទទួលបាននូវប័ណ្ណសម្គាល់យានយន្ត ជាមួយនឹងព័ត៌មានកម្មសិទ្ធិករថ្មី ដោយស្របច្បាប់យ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។
គួរជម្រាបថា នៅក្នុងកិច្ចប្រជុំពិភាក្សាទៅលើខ្លឹមសារនៃសេចក្តីព្រាង “ប្រកាសអន្តរក្រសួង ស្តីពីបែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត” កាលពីពេលថ្មីៗនេះ មានការចូលរួមពិភាក្សារវាងថ្នាក់ដឹកនាំក្រសួងសាធារណការ និងមន្ត្រីពាក់ព័ន្ធ ជាមួយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អង្គប្រជុំនេះ បានសម្រេច ឯកភាពលើសេចក្តីព្រាង និងបានជំរុញឲ្យជំនាញនៃក្រសួងទាំងពីរ បញ្ចប់ការងារបច្ចេកទេសដែលនៅសេសសល់ ដើម្បីអាចឈានទៅរកការដាក់ស្នើទៅរដ្ឋមន្ត្រីនៃក្រសួងទាំងពីផ្តល់សុពលភាព និង ដាក់ដំណើរការប្រព័ន្ធបច្ចេកវិទ្យា ជាមួយនីតិវិធីថ្មីនាពេលឆាប់ៗខាងមុខនេះ៕
មតិយោបល់