សណ្ឋាគារ ណានហៃ បានសម្ពោធបើកដំណើរការអាជីវកម្មជាផ្លូវការហើយ!

(ព្រះសីហនុ)៖ សណ្ឋាគារ ណានហៃ នៃខេត្តព្រះសីហនុ  ត្រូវបានសម្ពោធបើកដាក់ឲ្យដំណើរការអាជីវកម្មជាផ្លូវការហើយនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា លោកឧកញ៉ា ឡាវ កាំង ប្រធានសភាពាណិជ្ចកម្មខេត្តព្រះសីហនុ​ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីបើក សម្ពោធជាផ្លូវការ សណ្ឋាគារ ណានហៃ ឯកឧត្តម ឬទ្ធី រស្មី តំណាងឲ្យ សណ្ឋាគារ ណានហៃ បានថ្លែងអំណគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសដ៏ឆ្នើម និងឈ្លាសវៃ ដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព ពេញលេញ និងរីកចំរើនគ្រប់វិស័យ។

ជាមួយគ្នានេះ តំណាងសណ្ឋាគារ ណានហៃ ក៏បានបញ្ជាក់ផងដែរថា ការសាងសង់សណ្ឋាគារ ណានហៃ នេះគឺជាការចូលរួមចំណែកជួយដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាឲ្យមានការងារធ្វើ បានជាង៣ពាន់កន្លែង និងក៏ជាការចូលរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលគ្រួសារ ជួយសម្រួលជីវភាពបងប្អូនប្រជាពលរដ្ឋ ដោយពុំចាំបាច់ធ្វើចំណាកស្រុក រកការងារធ្វើនៅក្រៅប្រទេសឡើយ។

លោកបន្តទៀតថា ការសាងសង់សណ្ឋាគារ ណានហៃ នេះ ក៏ជាការចូលរួមលើកមុខ លើកមាត់ខេត្តព្រះសីហនុមួយកម្រិត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនឡើងៗ។ លោកក៏បានបញ្ជាក់ផងដែរថា សណ្ឋាគារ​ ណានហៃ​ បានប្រើប្រាស់ថវិកាវិនិយោគប្រមាណ​ ១៥០​ លានដុល្លាអាមេរិច​ ដោយប្រើរយៈពេលសាងសង់ គឺ ១៥ខែ។

ថ្លែងក្នុងពិធីនោះ ប្រធានសភាពាណិជ្ចកម្មខេត្តព្រះសីហនុ​ លោក​ ឧកញ៉ា​ ឡាវ​ កាង បានបញ្ជាក់បន្ថែមថា សណ្ឋាគារនេះ​បានផ្តល់ ទីផ្សារការងារដល់ពលរដ្ឋខ្មែរ​ ប្រមាណជាង​៣ពាន់នាក់​ ព្រោះតែកក្តានយោបាយដ៏ល្អ​ ប្រទេសមានសន្តិភាព ដែលមានសម្តេចតេជោ​ ហ៊ុន សែន ជាប្រមុខ​ បង្កើតបាននូវសក្តានុពលដ៏សំបូរបែប ជាមួយនឹងការអភិវឌ្ឍគ្រប់វិស័យ​។

លោកក៏បានបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ​ ពីរឆ្នាំចុងក្រោយនេះ​ មានការរីកចំរើនយ៉ាងខ្លាំង​ ទាំងក្នុងនោះវិស័យទេចរណ៍​ វិស័យសំណង់​ ក៏ដូចជាវិស័យអចលនទ្រព្យជាដើម គឺមានអ្នកវិនិយោគទុនជាតិ​ និងអន្តរជាតិ​ បានចូលមកបោះទុនជាច្រើនពាន់លានដុល្លារ៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com