ប៉ូលិសអន្តោប្រវេសន៍ បណ្តេញ​ជនជាតិ​ចិន ៦៩​នាក់

(ភ្នំពេញ)៖ ជនជាតិចិន ទាំង ៦៩នាក់នោះ ត្រូវបានចាប់ខ្លួន នៅខេត្តស្វាយរៀង ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទ ដើម្បីជំរិតទារប្រាក់។ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ប៉ូលិសអន្តោប្រវេសន៍ បានបណ្តេញជនជាតិចិនទាំងនោះ ចេញពីកម្ពុជា។

ចិន បានប្រើប្រាស់យន្តហោះ ២គ្រឿង មកទទួលយកជនជាតិចិនទាំង ៦៩ នាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោកឧត្ដមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ឲ្យដឹងថា ជនជាតិចិនប្រុសស្រីទាំង ៦៩នាក់ ដែលត្រូវបានបញ្ជូនចេញទៅប្រទេសដើមវិញ នៅព្រឹកនេះ គឺពាក់ព័ន្ធករណីក្លែងបន្លំ តាមប្រព័ន្ធទូរគមនាគមន៍ ដោយពួកគេយកកម្ពុជា ជាទីជម្រកលួចលាក់ជ្រកកោន ហើយប្រព្រឹត្តិបទល្មើសក្លែងបន្លំ ដោយខុសច្បាប់ លើប្រជាជនចិនដូចគ្នា។

គួរបញ្ជាក់ថា ជនជាតិចិនប្រុសស្រីទាំង ៦៩នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com