ក្រសួងការបរទេស នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​។ កិច្ចប្រជុំ នឹង​ដឹកនាំ​ដោយ​លោក​រដ្ឋលេខាធិការ លុយ ដា​វីត​។ រីឯ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​ពិធី​នេះ​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាសថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​​អន្តរជាតិ នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នេះ​។ ឯកឧត្តម នឹង​ថ្លែង​សុន្ទរកថា​បើក ដោយ​ផ្តោត​ទាំងស្រុង​លើ​វត្តមាន និង​ការរួមចំណែក​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ក្នុងស្រុក នៅក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ព្រមទាំង​សិទ្ធិ និង​កាតព្វកិច្ច​របស់​ពួកគេ ក្រោម​ច្បាប់ ស្តីពី សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។
​ ​
​សេចក្តីប្រកាស​បន្តថា អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ រួមមាន តំណាង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​សរុប​ទាំងអស់​ប្រមាណ​៣០០​នាក់​។​
​ ​
​គួរ​កត់សម្គាល់ថា នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី​១ ដែល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​រៀបចំឡើង ក្នុង​គោលបំណង​ផ្លាស់ប្តូរ​ទស្សនទាន​ដោយស្មោះ​ត្រង់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​។​

​ដោយឡែក ក្រសួងមហាផ្ទៃ បានរៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល រៀងរាល់ ៦​ខែម្តង ហើយ​វេទិកា​ជួបជុំ​លើក​ទី​២ បានធ្វើ​ឡើង កាលពីដើម​ខែមករា ឆ្នាំ​២០១៩៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com