កម្ពុជា បញ្ជូន​កងវិស្វកម្ម​ក​ម្លាំ​ង​មួក​ខៀវ​លេខ​៦៩៣ ចំនួន ១៨៤ នាក់ ចេញទៅ​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​លី​បង់

(​ភ្នំពេញ​)៖ កម្ពុជា បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​លេខ​៦៩៣ ផ្នែក​វិស្វកម្ម ចំនួន ១៨៤ នាក់ ចេញទៅ​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណៈរដ្ឋ​លី​បង់ កាលពី​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩​។ កងកម្លាំង​មួក​ខៀវ​កម្ពុជា​ទាំងនេះ ទៅ​ប្តូរ​វេន​កម្លាំង​វិស្វកម្ម​លេខ ៩៦៣ ចំនួន ១៨៤ នាក់ ដែល​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ បន្ទាប់ពី​បានបញ្ចប់​អាណត្តិ​បេសកកម្ម​រយៈពេល​មួយឆ្នាំ​របស់ខ្លួន ក្នុង​បំណង​ស្វែងរក​សន្តិភាព សម្រាប់​ប្រទេស​លី​បង់​។​

​ក្នុង​ពិធី​ជូន​ដំណើរ​កងកម្លាំង​វិស្វកម្ម​លេខ​៦៩៣ នា​រាត្រី​ថ្ងៃទី​២៧ ខែមករា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ថ្លែងថា​៖ “​នេះ​ជា​លើក​ទី​៤០ ហើយ ដែល​កម្ពុជា​បញ្ជូន​កង​កម្លាំង ទៅ​ចូលរួម​បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ អង្គការសហប្រជាជាតិ និង​ជា​លើក​ទី​៩ ចូលរួម​បេសកកម្ម​នៅ​សាធារណៈរដ្ឋ​លី​បង់ ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​នេះ​។

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ បញ្ជាក់ថា ក្នុងចំណោម​កងវិស្វកម្ម​ទាំង ១៨៤​នាក់ ដែល​ត្រូវ​ចេញទៅ​បំពេញបេសកកម្ម ពេលនេះ ក៏មាន​អមដោយ​កម្លាំង​ដោះមីន គឺជា​កម្លាំង​បានទទួល​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ត្រឹមត្រូវ តាម​ស្តង់ដារ​បស់​អង្គការសហប្រជាជាតិ ដែល​កម្លាំង​ទាំងនោះ បានមកពី​ស្ថាប័ន ចំណុះ​ក្រសួងការពារជាតិ មជ្ឈមណ្ឌល​ជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​ទ័ពជើងទឹក បញ្ជាការដ្ឋាន​កងទ័ព​អាកាស បញ្ជាការដ្ឋាន​ជាតិ​ប្រឆាំង​ភេ​វរ​កម្ម និង​ពី​ស្ថាប័ន​ទ័ព​មួយចំនួនទៀត​។​

​លោក សែម សុវណ្ណនី បន្តថា កម្លាំង​មួក​ខៀវ ដែល​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​លី​បង់ ចំនួន ១៨៤​នាក់ មាន​ទាំង​កម្លាំង​វិស្វក​កម្ម និង​កម្លាំង​ដោះមីន​។ ប្រតិបត្តិការ​រាល់ថ្ងៃ គឺ​ដោះមីន ដើម្បី​សាងសង់​ព្រំដែន​សីមា រវាង​ប្រទេស​អ៊ីស្រាអែល និង​លី​បង់​។

​លោក Hubert Staberhoter តំណាង​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ ប្រចាំ​កម្ពុជា បាន​លើកឡើងថា កម្ពុជា​បាន​បញ្ជូន​កម្លាំង​ទាំង ១៨៤​នាក់ ទៅកាន់​ប្រទេស​លី​បង់ គឺ​កម្ពុជា​បានបង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់ខ្លួន ក្នុងការ​គាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព របស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ ដ៏​ស្មុគស្មាញ និង​ការពារ​ជន​ស៊ីវិល ដែលជា​ភារកិច្ច​ដ៏​សំខាន់បំផុត និង​ជា​សក្ខីភាព​ជាក់ស្តែង​ផងដែរ​។

​លោក​បាន​បន្ថែមថា ព្រឹ​តិ្ត​ការណ៍​ប្រមាណ ២៣​ឆ្នាំមុន កង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​បញ្ជូន​មកកាន់​កម្ពុជា​។ តែ​បច្ចុប្បន្ន កម្ពុជា បាន​ប្រែក្លាយជា​ប្រទេសមួយ​បញ្ជូន​កងកម្លាំង និង​ក្រុម​ជំនាញ​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព ក្នុងនាម​មនុស្សធម៌ ទៅកាន់​ប្រទេស​ចំនួន ៨​រួចមកហើយ​។

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង ចំនួន​សរុប​ជាង​៥៧០០ នាក់ ក្នុងនោះ មាន​ស្ត្រី​ចំនួន​ជាង ២៦០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។

បច្ចុប្បន្ន កម្ពុជា មាន​កម្លាំង​ចំនួន​ជិត ១០០០​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ាលី​។ កងកម្លាំង​មួក​ខៀវ​ទាំងអស់នេះ ធ្វើអោយ​ប្រទេស​កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេ​លំដាប់​ទី​២ នៅក្នុង​តំបន់​អាស៊ាន​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com