សម្តេចតេជោ ហ៊ុន សែន៖ អ្នកវិនិយោគទុនទាំងខ្មែរ និងបរទេសមានជំនឿជឿជាក់លើស្ថិរភាពនយោបាយនៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «ដូចយើងបានឃើញស្រាប់នឹងភ្នែក គឺកម្ពុជាយើងកំពុងតែបោះជំហានទៅរកភាពរីកចម្រើនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមទៀតថា ទេសចរបរទេសក៏កាន់តែកើនឡើងមកទស្សនាកម្ពុជា រីឯអ្នកវិនិយោគទុនវិញក៏កាន់តែមានជំនឿជឿជាក់លើស្ថិរភាពនយោបាយ និងសង្គមដែលកំពុងអំណោយផលយ៉ាងល្អប្រសើរដល់ការបណ្តាក់ទុនតូចធំនៅក្នុងប្រទេសយើង។

«ទោះបីយើងខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏គង់តែនៅមានព័ត៌មានភូតកុហក់អំពីប្រទេសយើង។ ប៉ុន្តែជាក់ស្តែង នៅពេលដែលទេសចរនិងវិនិយោគគិនបានមកដល់ គឺពួកគេមានការកោតសរសើរកម្ពុជាអំពីការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោយពីបានរួចផុតពីរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥ -១៩៧៩)។ ការរីកចម្រើនរបស់ប្រទេសជាតិសព្វថ្ងៃ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជនបានឡើយ។

«អរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជនដែលបានចូលរួមបន្សាបព័ត៌មានមិនពិតទាំងនោះ និងបានចូលរួមថែរក្សាការពារសន្តិភាព ដើម្បីយើងទាំងអស់គ្នាកាន់តែមានឱកាសអភិវឌ្ឍប្រទេសជាតិអោយកាន់តែរុងរឿង!»៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com