ស្ថានីយប្រេងឥន្ធនៈ៣ទីតាំងលក់ប្រេងធម្មតាធ្វើជាប្រេងស៊ុបពែ និងខ្វះលីត្រត្រូវបានមន្ត្រីជំនាញកាំកុងត្រូលកសាងសំណុំរឿងបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ) ៖ ដេប៉ូ និងស្ថានីយប្រេងឥន្ធនៈ៣ក្នុងចំណោម១០កន្លែង ត្រូវបានមន្ត្រីជំនាញកាំកុងត្រូល កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយរកឃើញថា បានក្លែងបន្លំយកសាំងធម្មតាលក់ធ្វើជាសាំងស៊ុបពែ និងលក់មិនគ្រប់លីត្រ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ។

បើតាមការបញ្ជាក់ពីលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្នុងប្រតិបត្តិការដឹកនាំរថយន្តរបស់អគ្គនាយកដ្ឋាកាំកុងត្រូល ចុះត្រួតពិនិត្យបទដ្ឋានល្មើសច្បាប់ លើផលិតផល ទំនិញ និងសេវា នៅពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ដោយបានចុះត្រួតពិនិត្យ ប្រេងសាំង តាមដេប៉ូ និងស្ថានីយ៍ប្រេងឥន្ធនៈ ចំនួន១០ កន្លែង ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក សាន វិជ្ជាសារ៉ាវុធ ឲ្យដឹងទៀតថា ដេប៉ូ និងស្ថានីយប្រេងឥន្ធនៈ៣កន្លែង ដែលនឹងត្រូវបានមន្ត្រីជំនាញសាខាកាំកុងត្រូលកសាងសំណុំរឿងបញ្ជូនទៅតុលាការនេះ រួមមាន៖

១. ដេប៉ូតេលា កែវ គន្ធាស៊ូលីង រកឃើញថា ក្នុងចំណុះប្រេងសាំង១០០លីត្រ ខ្វះ១,៧លីត្រ និងបានក្លែងបន្លំគុណភាពសាំងដោយយកសាំងធម្មតាធ្វើជាសាំងស៊ុបពែ។

២. ដេប៉ូ LHR Power For Energy រកឃើញថា ក្នុងចំណុះប្រេងសាំង១០០លីត្រ ខ្វះ៤,៦លីត្រ និងបានក្លែងបន្លំគុណភាពសាំងដោយយកសាំងធម្មតាធ្វើជាសាំងស៊ុបពែ។

៣. ដេប៉ូតេលា មករាលីលី រកឃើញថា ចំណុះប្រេងសាំងខ្វះតិចតួចអាចទទួលយកបាន តែបានក្លែងបន្លំគុណភាពសាំងដោយយកសាំងធម្មតាធ្វើជាសាំងស៊ុបពែ។

ដេប៉ូទាំង៣នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងលិច និងខាងកើតស្ពានទី១ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ដោយឡែកចំពោះ ដេប៉ូ និងស្ថានីយ៍ប្រេងឥន្ធនៈ ចំនួន០៧កន្លែងផ្សេងទៀត ដែលមន្ត្រីជំនាញធ្វើការត្រួតពិនិត្យ រកឃើញថា មានការខ្វះបរិមាណតិចតួចដែលអាចទទួលយកបាន ពោលគឺខ្វះមិនឲ្យលើសពី១លីត្រ ក្នុងចំណុះប្រេងសាំង១០០លីត្រ ដែលក្រសួងពាណិជ្ជកម្មបានកំណត់ ។

លោកបញ្ចាក់ថា ទោសប្បញ្ញត្តិ មាត្រា៦៣ របស់ក្រសួងពាណិជ្ជកម្ម បានចែងថា «ជនណាដែលប្រព្រឹត្តល្មើសនិងមាត្រា ១៧ (ត្រូវហាមឃាត់ជាដាច់ខាតការក្លែងផលិតផលទំនិញដែលជាកម្មវត្ថុធ្វើពាណិជ្ជកម្ម ឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម ដោយធ្វើការកែច្នៃផលិតផលទំនិញ តាមរបៀបណាមួយ ដោយធ្វើការបញ្ចូលបន្ថែម ការដកចេញ ឬការប្តូរជំនួសនៃភាគណាមួយ ឬភាគទាំងមូល ដែលពុំត្រូវអនុញ្ញាតឲ្យធ្វើដោយបទប្បញ្ញត្តិ  ឬដោយទំលាប់ បើពុំមានបទប្បញ្ញត្តិ  ឬដែលមិនសមស្របទៅនឹងបទប្បញ្ញត្តិ) នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ដល់ ១០លានរៀល ឬទោសណាមួយនៃទោសទាំងពីរនេះ» ។

គួរបញ្ចាក់ថា នេះជាលើកទី៣ហើយ ដែលមន្ត្រីជំនាញកាំកុងត្រូលត្រួតពិនិត្យ មាឌ គុណភាព និងតម្លៃប្រេងសាំង ក្នុងខេត្តបន្ទាយមានជ័យ ហើយក៏ជាលើកទី២ ដែរ ដែលមន្ត្រីជំនាញ អនុវត្តការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំពោះដេប៉ូ និងស្ថានីយ៍ប្រេងឥន្ធនៈ ដែលលក់មិនគ្រប់លីត្រ ក្លែងបន្លំគុណភាពប្រេងសាំង និងខុសពីតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់ ៕ (SN-ចេស្តា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com