ទំនាស់ក្នុងវង់ផឹកស៊ីផ្ទុះអំពើហឹង្សារកាប់មួយពូថៅចំក្បាលបណ្តាលឱ្យស្លាប់ម្នាក់

កំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានមិត្តភក្តិផឹកស៊ីជាមួយគ្នាកាប់មួយពូថៅ ចំក្បាលបណ្តាលឱ្យដួលស្លាប់ភ្លាមៗ ក្នុងថ្លុងឈាម បន្ទាប់ពីពួកគេបានផឹកស្រាស្រវឹងហើយមានទំនាស់ពាក្យសម្តីឈានដល់ការវាយតប់គ្នា ប៉ុន្តែត្រូវបានអ្នកភូមិឃាត់ក៏បានបែកផ្លូវគ្នារៀងៗខ្លួន ដោយមិនអស់ចិត្តជនរង​គ្រោះបានដើរទៅសុំទោសជនដៃដល់ ទើបទទួលបានការឆ្លើយតបវិញមួយពូថៅត្រង់ក្បាល់ស្លាប់យ៉ាងអាណោច​អាធម្ម។

ករណីអំពើឃាតកម្មខាងលើនេះ បានកើតមានឡើង នៅវេលាម៉ោង ១៨និង៤០នាទីយប់ថ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 
មន្ត្រីនគរបាលផ្នែកបច្ចេកទេស នៃអធិការនគរបាល ស្រុកគងពិសី បានប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី៥ ខែមេសានេះថា ជនរងគ្រោះសំ នួន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវជនដៃដល់ឈ្មោះង៉ែត សុវណ្ណ ហៅនិត ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិស្លាជល់ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សព្វថ្ងៃមានប្រពន្ធកូនក្នុងភូមិជាមួយគ្នា។
  តាមសាក្សីនិយាយថា មុនពេលកើតហេតុ នៅវេលាម៉ោង ១៦និង៤០នាទីល្ងាចជនរងគ្រោះឈ្មោះ សំ នួន និងឃាតករឈ្មោះង៉ែត សុវណ្ណ ហៅនិត បាននាំគ្នាផឹកស៊ីនៅផ្ទះរបស់ឈ្មោះនួន សំអាង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិស រហូតដល់ពួកគេស្រវឹងធ្លាក់ភ្នែក។ ប្រភពបន្តថា បន្ទាប់ពីស្រវឹងអ្នកទាំងពីរនាក់ ទំនាស់ពាក្យក្នុងវង់ផឹកស៊ីនិយាយលេងស្តាបគ្នា ទើបឈានដល់ប្រើអំពើហឹង្សារវាយតប់គ្នាទៅវិញទៅមក ប៉ុន្តែអ្នកភូមិជួយឃាត់ក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។
សាក្សីបន្តថា ក្រោយពីអ្នកទាំងពីរបែកផ្លូវគ្នា អស់នោះ នៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី៤ ខែមេសា ជនរងគ្រោះឈ្មោះសំ នួន បានដើរទៅរកឈ្មោះង៉ែត សុវណ្ណ ដើម្បីសុំទោសរឿងរ៉ាងដែលកើតមានក្នុងវង់ផឹកព្រោះពួកគេជាមិត្តភក្តិផឹកស៊ីជាមួយគ្នាញឹកញាប់ ប៉ុន្តែដោយសារឥទ្ធិពលស្រា និងកំហឹងមិនទាន់រសាយផងនោះ ជនដៃដល់មិនទទួលយកការសុំទោសទេ ដោយទាញពូថៅមកកាប់ចំក្បាលចំហៀងខាងឆ្វេងបណ្តាលឱ្យដួលប្រកាច់ស្លាប់ក្នុងថ្លុកឈាម។ បន្ទាប់ពីកាប់ជនរងគ្រោះស្លាប់ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។
 សពក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួចរាល់បានប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែកបុរសជាឃាតកកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមប្រមាញឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង