អ្នកខេត្តព្រៃវែង ប្រកបមុខរបរដាំអំពៅអះអាងថា ឆ្នាំនេះតម្លៃអំពៅមានភាពប្រសើរឡើង!

(ព្រៃវែង)៖ «អំពៅ» ជាដំណាំចិញ្ចឹមជីវិត របស់អ្នកឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង អះអាងថា ឆ្នាំនេះ តម្លៃអំពៅមានភាពប្រសើរឡើង។ ពោល គឺទទួលយកបាន និងបានចំណេញច្រើនជាងឆ្នាំមុនៗ។

ប្រជាពលរដ្ឋ ដែលប្រកបមុខរបរដាំអំពៅ នេះពោពេញទៅដោយទឹកមុខញញឹមញញែម និងសប្បាយរីករាយគ្រប់ៗគ្នា ព្រោះតែឆ្នាំនេះ អំពៅដែលពួកគាត់បានដាំដុះ ទទួលបានទិន្និផលខ្ពស់ និងលក់បានថ្លៃ គួរសម ពោលអាចទទួលយកបាន។

បច្ចុប្បន្ននេះ ក្រោយពីទទួលផលពីអំពៅចាស់ ពួកគាត់ក៏កំពុងចាប់ផ្តើមដាំអំពៅថ្មីជាបន្តទៀត។ លោក ភាន គឿន រស់នៅភូមិជាខ្លាង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានឲ្យដឹងថា ដំណាំអំពៅឆ្នាំនេះ គ្រប់ៗគ្នាទទួលបានទិន្នផលខ្ពស់ ហើយតម្លៃក៏ថ្លៃ។

លោកបន្តថា «តម្លៃនេះ គឺ កសិករ អាចទទួលយកបាន មិនតែប៉ុណ្ណោះឆ្នាំនេះ ឈ្មួញមិនសាំញ៉ាំច្រើនដូចឆ្នាំមុនទេ មកទិញដល់ កន្លែង ដឹកតាមរថយន្ត យកទៅលក់នៅភ្នំពេញតែម្តង»។

ចំពោះតម្លៃអំពៅសម្រាប់ឆ្នាំនេះវិញ លោកបន្តថា អំពៅ១ដើម លក់បានពី៦០០ទៅ៧០០ រៀល ហើយក្នុង១ហិកតា អាចលក់បានចាប់ពី២៨លាន ទៅ៣០លានរៀល បានថ្លៃជាង ឆ្នាំមុនជិតពីរដង ដែលឆ្នាំមុនក្នុង១ដើម លក់បានត្រឹមតែ៤០០ ទៅ៤៥០រៀល ប៉ុណ្ណោះ។

«ការចំណាយដើមទុនលើការដាំដុះវិញ គឺអស់ត្រឹមតែប្រមាណ ពី១៣លាន ទៅ១៥ លានរៀលទេ។ អំពៅបើចុះថ្លៃបំផុត ក៍អាចលក់បានរួចថ្លៃដើមដែរ»។

លោក ភាន គឿន បន្តថា ចំពោះពេលវេលា និងបរិមាណ នៃការដាំដុះវិញ ជាទូទៅ ផ្ទៃដី១ហិកតា អាចដាំអំពៅបានចន្លោះពី ៦ម៉ឺនទៅ ៦ម៉ឺន៥ពាន់ដើម ដោយចាប់ផ្តើម ដាំដុះ ចាប់ពីចុងខែ១២នេះទៅ ហើយចាប់ផ្តើមប្រមូលផលមកវិញ នៅចន្លោះចាប់ពីខែ៧ ទៅខែ៨ រៀងរាល់ឆ្នាំ ឬអាចយូរជាងនេះ ដោយផ្អែកទៅលើបច្ចេកទេស និងអាកាសធាតុអំណោយផល ឬអត់ ។

លោក ភាន គឿន បានបន្ថែមថា បន្ទាប់ពីប្រមូលផលអំពៅរួច ផ្ទៃដីដាំអំពៅ នៅរដូវវស្សាបានដាំដំណាំស្រូវជំនួសវិញ ហើយការដាំស្រូវមិនប្រើជីច្រើនទេ ដោយឬសអំពៅ និងគល់អំពៅបានរលួយក្លាយជាជីធម្មជាតិធ្វើអោយស្រូវលូតលាស់បានល្អ ទទួលបានទិន្នផលខ្ពស់។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ធ្លាប់លើកឡើងថានៅទូទាំងខេត្តព្រៃវែង មានកសិករប្រកបមុខរបរដាំ អំពៅសរុប ប្រមាណជាង ៣០០គ្រួសារ នៅលើផ្ទះដីជាង៥០០ហិកតា ក្នុងនោះ ស្រុកស្វាយ អន្ទរ មានអ្នកដាំច្រើនជាងគេ។ ដោយឡែកស្រុកបាភ្នំ និងស្រុកព្រះស្តេច ក៏មានអ្នកដាំដែរ ប៉ុន្តែក្នុងទ្រង់ទ្រាយតូច ជាលក្ខណៈគ្រួសារ ដោយសារពួកគាត់ ទើបតែចាប់ផ្តើមសាកល្បង ដាំដុះ៕ (Swift News)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង