អ្នកភូមិក្ដុរលើ ឃុំទ្រា ជាង៩០ភាគរយចាប់យករបរ«ពុះឫស្សីលក់» ជំនួសឲ្យការធ្វើចំណាកស្រុក!

(ត្បូងឃ្មុំ)៖ (ត្បូងឃ្មុំ)៖ នៅភូមិក្ដុរលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ ប្រកបរបរ «ពុះឬស្សី» ធ្វើរនាបលក់ ដើម្បីទទួលបានប្រាក់កម្រៃ ផ្គត់ផ្គង់ជីភាពឲ្យបានធូរធារ។

ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិក្ដុរលើ ឃុំទ្រា លោក អុល អឿន បានលើកឡើងថា គ្រួសារលោក បានប្រកបរបរពុះឬស្សី ធ្វើរនាបលក់នេះអស់រយៈពេលជាង៧ឆ្នាំមកហើយៗ។ លោកបន្តថា  ឬស្សី អាចជួយឱ្យជីវភាពរស់នៅរបស់គ្រួសារគាត់ មានភាពសមរម្យនឹងគេ ហើយក៏សល់លុយកាក់មួយចំនួនសម្រាប់ចាយវាយដោះស្រាយក្នុងគ្រួសារបានស្រួលបួលគួរសមដែរ។

លោកបានបន្តទៀតថា ឬស្សីទាំងនោះ គឺគាត់ដើរទិញពីប្រជាពលរដ្ឋនៅជិតៗភូមិ និងភូមិផ្សេងៗ ជួនកាលទៅទិញដល់ខេត្តក្រចេះក៏មាន។

លោកបន្តថា ឬស្សី ១ដើមមានតម្លៃ ៤.០០០ ៛ ហើយយកមកពុះក្នុងឬស្សី១ដើម ពុះបានចាប់ពី ៦ ទៅ ៨សន្លឹក។ តែបើជួលគេពុះក្នុង១០០សន្លឹក តម្លៃ២០.០០០ ៛ (២ម៉ឺនរៀល)។ ពេលពុះរួចត្រូវយកទៅត្រាំទឹករយៈពេលពី១សប្តាហ៍ ទៅកន្លះខែ ទើបស្រង់មកហាលដាក់លក់ ធ្វើដូចនេះ ​គឺការពារកុំឱ្យមេស៊ី និង ប្រើប្រាស់បានយូរឆ្នាំ មានគុណភាពរនាបល្អជាងគេគឺ លេខ១-រនាបឬស្សីស្រុកចិន លេខ២- គឺឬស្សីព្រៃ និងលេខ៣-គឺឬស្សីស្រុក។

លោក អុល អឿន បានបន្ថែមទៀតថា ចំពោះទីផ្សាររនាប មានបងប្អូនក្នុងស្រុក និងក្រៅស្រុកមកកម្មង់ទិញយកទៅប្រើប្រាស់ជាលក្ខណៈគ្រួសារ និងមានឈ្មួញកណ្ដាលមកទទួលទិញដល់ផ្ទះតែម្ដងយកទៅលក់ចែកចាយបន្តក៏មាន។

ឯរនាប ១បាច់មានចំនួន ៥០សន្លឹក ប្រវែង ៩ ម៉ែត្រ តម្លៃ ៧ ម៉ឺនរៀល តាមវែង ឬខ្លី ។ ទីផ្សាររនាបល្អមិនចុះឡើង ដូចទីផ្សារពោត និងដំឡូងទេ បើប្រៀបធៀបឆ្នាំទៅ និងឆ្នាំនេះ តម្លៃនៅតែថេរដដែល ។

លោក សេះ ហ៊ីម មេឃុំទ្រា បានឲ្យយដឹងថា នៅក្នុងភូមិក្ដុរលើនេះមានប្រជាពលរដ្ឋ១៧៨ គ្រួសារ ហើយអ្នកប្រកបរបរពុះឬស្សីលក់ មានរហូតដល់៩០ភាគរយនៃប្រជាជនសរុប ហើយសុទ្ធតែមានជីវភាពសមរម្យល្អ។ ជាងនេះទៀតភូមិនេះ ក៏គ្មានអ្នកធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេសនោះដែរ៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com