សាលាឧទ្ធណ៍នឹងជំនុំជំរះករណីលោក មាជ សុវណ្ណារ៉ា និងសកម្មជន១០នាក់នៅថ្ងៃទី២៦ មេសា

(ភ្នំពេញ) ៖ លោកមេធាវី សំ សុគង់ បានថ្លែងប្រាប់ Swift News តាមទូរស័ព្ទថានៅថ្ងែទី២៦ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ សាលាឧទ្ធណ៍នឹងលើកយកសំណុំរឿងលោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិជាង១០នាក់ផ្សេង ពាក់ព័ន្ធនឹងបញ្ហាព្រំដែនមកជំនុំជំរះ។

 

លោក មាជ សុវណ្ណារ៉ា គណៈកម្មការនាយកទទួលបន្ទុកព័ត៌មានវិទ្យារបស់ គណបក្សសង្គ្រោះជាតិ និងជាប្រធានសារព័ត៌មាន និងវិទ្យុខ្មែរប៉ុស្តិ៍ និងសកម្មជនទាំង១០នាក់ផ្សេងទៀតត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជាថ្មី និងបញ្ជូនទៅពន្ធនាគារព្រៃសរកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥។ សកម្មជនជាប់ចោទ គណបក្សសង្គ្រោះជាតិទាំង១១នាក់ ជាប់ចោទពីបទ «ដឹកនាំកុបកម្ម និងចូលរូមក្នុងអំពើកុបកម្ម» ពាក់ព័ន្ធនឹងអំពើហិង្សាដ៏ឃោរឃៅមួយនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

 

ក្នុងចំណោមសកម្មជនទាំង១១នាក់ ៨នាក់ត្រូវបានផ្តន្ទាទោសជាប់បន្ធនាគារប្រាំពីរឆ្នាំ ឯបីនាក់ផ្សេងទៀតមានលោក មាជ សុវណ្ណារ៉ា លោក អឿ ណារិន និង លោក ឃិន រឿន ត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ជាប់ពន្ធនាគារក្នុងម្នាក់ៗ២០ឆ្នាំ។

 

ជនជាប់ចោទទាំង១១នាក់ រួមមាន៖ ឈ្មោះ មាជ សុវណ្ណារ៉ា, ឈ្មោះ អឿ ណារិន, ឈ្មោះ ឃិន រឿន ហៅឃិន ចំរើន, ឈ្មោះ នាង សុឃុន, ឈ្មោះ សាន គឹមហេង, ឈ្មោះ ស៊ុ ពុទ្ធី, ឈ្មោះ កែ ឃីម ហៅ វិន ឌី, ឈ្មោះ ទេព ណារិន, ឈ្មោះ អាន បឋម ហៅ សុខុម, ឈ្មោះ សាន សីហៈ, ឈ្មោះ អ៊ុក ពេជ្រសំណាង៕(VRSN)

cnrp11activists855

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com