កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ លើកទី១២ នៅសៀមរាប

(សៀមរាប) ៖ នៅសណ្ឋាគារសុខាអង្គរ ម្សិលមិញ មានរៀបចំកិច្ចប្រជុំលើកទី១២ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ ដែលត្រូវបានប្រារព្ធធ្វើនៅលើទឹកដីខេត្តសៀមរាប ក្រោមការដឹកនាំដោយ សហប្រធាន លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដោយយោងទៅតាមកិច្ចព្រមព្រៀងនៃការបង្កើតកិច្ចសហប្រតិបត្តិការព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ដើមី្បសន្តិភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន ក៏ដូចជាការពង្រឹងបន្ថែមទៀត នូវកិច្ចទំនាក់ទំនងរវាងកងទ័ព និងកងឯកភាពសន្តិសុខពាក់ព័ន្ធដ៏ទៃទៀតរបស់កម្ពុជា និង ថៃ។

ក្នុងនោះដែរកិច្ចប្រជុំបានបញ្ជាក់ អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រវាងកងទ័ពនៃប្រទេសទាំងពីរ នៅគ្រប់កម្រិតទាំងអស់ ដើមី្បបង្កើននូវសន្តិភាព សេ្ថរភាព និងសន្តិសុខតាមព្រំដែន ព្រមទាំងលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ឲ្យកាន់តែមានជីវភាពល្អប្រសើរទ្វេរឡើង ។  

កិច្ចប្រជុំក៏បានស្វាគមន៍ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការតំបន់ព្រំដែន ហើយភាគីទាំងពីរក៏បានធ្វើការត្រួតពិនិត្យឡើងវិញ នូវលទ្ធផលនៃការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការផ្សេងៗ ដែលបានដាក់ចេញ និងលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ លើកទី១១ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ រួមមានលើកិច្ចសហប្រតិបត្តិការលើការឆ្លងកាត់ព្រំដែន , បញ្ហាពលករ , ការទប់ស្កាត់ និងបង្រ្កាបការជួញដូរគ្រឿង ញៀន , បញ្ហាប្រឆាំងភេរវកម្ម , ការបង្រ្កាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរអាវុធជាតិផ្ទុះ , ការកាប់ព្រៃឈើ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងបណ្តា អង្គភាពយោធាកម្ពុជា ជាមួយបណ្តាអង្គ ភាពសន្តិសុខថៃតាមតំបន់ព្រំដែន ព្រមទាំងបញ្ហាកសិកម្ម បញ្ហាសុខភាព សាធារណៈ , ការអភិវឌ្ឍន៍ជីវ ភាពរស់នៅ និងការអប់រំ សាសនា និងវប្បធម៌ទៀតផង។ 

កិច្ចប្រជុំក៏បានឯកភាពជាឯកច្ឆ័ន រួមទាំងបន្តនូវភារកិច្ចក្នុងការថែរក្សាសន្តិភាព ស្ថេរភាពនៅតាមបណ្តោយព្រំដែន ស្របទៅតាមគោលការណ៍ និងវិធានការ ដែលភាគីទាំងពីរបានកំណត់ក្នុងកំណត់ហេតុ ព្រមព្រៀងនៃកិច្ចប្រជុំលើកទី១១ លើគ្រប់ទិដ្ឋភាព នាំមកនូវសន្តិភាព និងស្ថេរភាពនៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ។ 

ម៉្យាងទៀតក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ លើកទី១៣ ត្រូវភាគីថៃធ្វើជាម្ចាស់ផ្ទះ ។

ក្នុងការធ្វើសន្និសិទកាសែតជាមួយអ្នកសារព័ត៌មាននៃប្រទេសទាំងពីរ លោកសហប្រធានក៏បានសាទរផងដែរ អំពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃលើកទី១២ បានធ្វើឲ្យចំណងនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល ក៏ដូចកងទ័ពយើងទាំងពីរ កាន់តែមានភាពសិ្នតស្នាលល្អនឹងគ្នា ក្នុងនោះសហប្រធានទាំងពីរក៏បានធ្វើការបកស្រាយទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ដោយផ្តោតទៅលើការរៀបចំបើកច្រកអានសេះ ក្នុងស្រុកជាំសាន្ត ខេត្តព្រះវិហារ និងបញ្ហាការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរផងដែរ ។ 

តាមការបញ្ជាក់របស់លោកសហប្រធានទាំងពីរ បានឲ្យដឹងថា ចំពោះបញ្ហាការបើកច្រកនេះ គឺត្រូវបានកំពុងធ្វើ ការរៀបចំ ហើយបច្ចុប្បន្ននេះចំពោះការចាប់ឃាត់ប្រជាពលរដ្ឋកម្ពុជា គឺធ្វើឡើងចំពោះដែលពលរដ្ឋណាឆ្លងកាត់ដោយខុសច្បាប់តែប៉ុណ្ណោះ និងត្រូវបានបញ្ជូនមកកម្ពុជាវិញ ហើយភាគីថៃក៏មិនបានប្រើប្រាស់អាវុធទៅលើ ប្រជាពលរដ្ឋកម្ពុជាទៀតឡើយ ៕ (SN- រិទ្ធី)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com