សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាជំនួយជប៉ុនជាង១៤០លានដុល្លារ

 

(ភ្នំពេញ) ៖ រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាទទួលជំនួយ និងកម្ចីការប្រាក់ទាបសរុបជាង១៤០លានដុល្លារអាមេរិក ពីប្រទេសជប៉ុន ដើម្បីយកមកអភិវឌ្ឍន៍លើវិស័យសំខាន់ៗចំនួនបួនដូចជា ការពារទឹកជំនន់ សាងសង់ផ្លូវ ធ្វើមន្ទីរពេទ្យ និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។

 

ពិធីចុះហត្ថលេខាប្រគល់ និងទទួលនូវថវិកាទាំងអស់នេះ គឺបានចុះហត្ថលេខា ដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និង ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

 

ថវិកាជាជំនួយ និងជាកម្ចីការប្រាក់ទាប ចំនួនជាង១៤០លានដុល្លារអាមេរិកគឺនឹងយកទៅអភិវឌ្ឍន៍លើគម្រោងសំខាន់ៗចំនួន៤ រួមមាន៖ ១)ហិរញ្ញប្រទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១០៩លានយ៉េន ស្មើប្រមាណ ៩៤៩,៩៧៣ ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «ធ្វើឱ្យប្រសើរឡើងនូវការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤»។ ២)ហិរញ្ញប្រទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១,៤៥៣ លានយ៉េន ស្មើប្រមាណ ១២.៦៦លានដុល្លារ សម្រាប់អនុវត្តគម្រោង «ធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង»។ ៣)ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន ១១,១៣៦លានយ៉េន ស្មើប្រមាណ ៩៨លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «ការធ្វើឱ្យប្រសើរឡើង នូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (ក្រុងបាត់ដំបង-ក្រុងសិរីសោភ័ណ) ជំហានទី២»។ ៤)ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣,២៧១លានយ៉េន ស្មើប្រមាណ ២៨.៥លានដុល្លារ សម្រាប់អនុវត្តគម្រោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ»។

 

ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងហេដ្ឋារចនាសម្ព័ន្ធ ក្រោយពេលប្រទេសកម្ពុជា បានបញ្ចប់ភ្លើងសង្រ្គាមនាទសវត្សន៍ឆ្នាំ៩០។ គម្រោងទាំង៤ខាងលើនេះ ត្រូវបានរំពឹងថានឹងជួយកែលម្អដល់ការតភ្ជាប់តំបន់របស់កម្ពុជា ហើយក៏នឹងធ្វើឲ្យប្រសើរឡើងដល់ជីវភាព និងថែរក្សាសុខភាពរបស់ប្រជាជនផងដែរ៕

 

17458111_1285242268190934_1382296918098158565_n 17553495_1285242354857592_1624785946176529461_n 17554124_1285245481523946_5992602240724587244_n

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង