អគ្គស្នងការរងនគរបាលជាតិ ចេញបញ្ជាបំពានប្រសាសន៍សម្តេចតេជោ រឿងកាត់ឈ្មោះផ្ទេរកម្មសិទ្ធិយានយន្ត

 

(ភ្នំពេញ) ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ជូនពលរដ្ឋទូទៅថា សម្តេចនឹងផ្តល់ការអនុគ្រោះឲ្យបងប្អូនប្រជាពលរដ្ធ បានប្រើប្រាស់ស្លាកលេខយានយន្ត ដោយមិនចាំបាច់កាត់ឈ្មោះ ឯ លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ម្ចាស់យានយន្តទាំងអស់ ត្រូវផ្ទេរកម្មសិទ្ធិ នឹងផាកពិន័យ ហើយបញ្ជូនទៅតុលាការ។

 

កាលពីថ្មីៗនេះ ផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ (Samdech Hun Sen Cambodia Prime Minister) បានសរសេរឆ្លើយតបទៅនឹងចម្ងល់ប្រជាពលរដ្ឋថា «នៅមានចម្ងល់ខ្លះៗ អំពីការផ្ទេរឈ្មោះយានយន្ត។ ខ្ញុំសូមឆ្លើយបញ្ជាក់បន្ថែមលើសំនួររបស់បងប្អូនជាលើកចុងក្រោយ លើការផ្ទេរឈ្មោះយានយន្ត។ ក្នុងសេចក្តីប្រកាសរបស់ សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ច្បាស់ហើយ គឺ ទទួលស្គាល់ការកាន់កាប់ជាក់ស្ដែង ដោយមិនតម្រូវឲ្យមានការបញ្ជាក់ពីម្ចាស់ដើមនោះឡើយ។ ពាក្យនេះមានន័យថា បងប្អូនដែលបាននឹងកំពុងប្រើប្រាស់យានយន្ត ដែលទិញតពីគេ មិនបាច់កាត់ឈ្មោះ និង មិនត្រូវបង់សេវាអ្វីទាំងអស់។»

 

សម្តេចបានសរសេរបន្តថា «បងប្អូនបន្តប្រើឯកសារ និងផ្លាកលេខយានយន្ត ដែលកំពុងមានស្រាប់ជាបន្តទៅទៀត។ កិច្ចការដែលនៅសេសសល់ គឺ បងប្អូនត្រូវទៅបង់ពន្ធផ្លូវ ប្រចាំឆ្នាំ តាមច្បាប់កំណត់ និងបើកបរត្រូវតែត្រូវគោរពច្បាប់ចរាចរណ៍។ សំរាប់យានយន្ត ដែលមិនទាន់បង់ពន្ធ និងមិនទាន់មានផ្លាកលេខ គឺ ត្រូវទៅបង់ពន្ធ និងត្រូវធ្វើផ្លាកលេខឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានសិទិ្ធស្រប ច្បាប់ក្នុងការធ្វើចរាចរ។ ខ្ញុំសង្ឃឹមថា ការបំភ្លឺរបស់ខ្ញុំ លើកនេះ គឺ នឹងបានជាប្រយោជន៍ដល់ការយល់ដឹងកាន់តែច្បាស់ចំពោះបងប្អូនម្ចាស់យានយន្តទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅ»។

 

ដោយឡែក កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បែរជាលើកឡើងថា ក្នុងពេលឆាប់ៗខាងមុខនេះ លោកនឹងឲ្យគ្រប់ម្ចាស់យានយន្តទាំងអស់ត្រូវនាំគ្នាទៅកាត់ឈ្មោះផ្ទេរកម្មសិទ្ធិ បើមិនដូច្នោះទេ នឹងត្រូវផាកពិន័យ ហើយបញ្ជូនទៅតុលាការដើម្បីចោទប្រកាន់តាមផ្លូវច្បាប់។

 

បើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ប្រធានគណកម្មាធិការជាតិ សុវត្តិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីជូនដំណឹង ស្តីពី ការផ្ទេរកម្មសិទ្ទិយានយន្ត កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ បានសរសេរថា «រាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ ការកាន់កាប់ជាក់ស្តែង ដោយមិនតម្រូវឲ្យមានការបញ្ជាក់ពីម្ចាស់ដើមឡើយ ដើម្បីឲ្យការកាន់កាប់ និងការធ្វើចរាចរណ៍មានភាពស្របច្បាប់ ម្ចាស់យាន្តយន្តត្រូវទៅបង់ពន្ធ និងធ្វើស្លាកលេខ ក្នុងករណីមិនទាន់បង់ពន្ធ និងមិនទាន់ធ្វើស្លាកលេខ»៕ (VRSN)

 

17630022_1880918538798506_6617870731503487870_n

17553855_759676680851099_8698458791866685107_n 17553997_1880616692162024_3258426985201367405_n  image T-01-13-17-w-full-700x400

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com