ផ្ទះមន្ត្រីយោធាម្នាក់លបៗលួចសាងសង់វិញ បន្ទាប់ពីអាជ្ញាធរបញ្ជាឲ្យផ្អាកមួយរយៈ

(បាត់ដំបង) ៖ សំណង់រឹងមួយកន្លែង  ដែលជាកម្មសិទ្ធិរបស់មន្ត្រីយោធាមួយរូប  ថ្នាក់ឧត្តមសេនីយ៍  ហើយបានសាងសង់ឡើងដោយបំពានលើផ្លូវដែក  បាននិងកំពុងលបៗសាងសង់ឡើងវិញហើយ  បន្ទាប់ពីអាជ្ញាធរ  ក៏ដូចជាអង្គភាពជំនាញ  បានចុះទៅបញ្ជាអោយធ្វើការផ្អាកការសាងសង់អស់មួយរយៈ  កាលពីអំឡុងឆ្នាំ២០១៦  គឺក្រោយពីសារព័ត៌មានក្នុងស្រុកបានចុះផ្សាយម្តងរួចមក ។

 

 

គួរបញ្ជាក់ដែរថា  ទីតាំងសំណង់រឹងដែលបំពាននឹងផ្លូវច្បាប់នេះ  មានទីតាំងស្ថិតក្នុងភូមិអណ្តូងចេញ  សង្កាត់អូរចារ  ក្រុងបាត់ដំបង  ខេត្តបាត់ដំបង  ជាកម្មសិទ្ធិរបស់លោកឧត្តមសេនីយ៍ សុខ ឈាន  មេបញ្ជាការរង  កងទ័ពជើងគោក  ប្រចាំទិសពាយ័ព្យដោយសំណង់រឹងនេះបានសង់ឡើងនៅជាប់នឹងផ្លូវដែកតែម្តង  គឺមានន័យថា  ខាងក្រោយផ្ទះគ្មានគម្លាតអ្វីបន្តិចសោះពីខ្សែផ្លូវរថភ្លើង  ដែលបញ្ហានេះគឺបានបំពានទាំងស្រុង  ទៅលើដីចំណីផ្លូវរថភ្លើង ។

 

ក្រោយពីមានការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករួចមក  គេសង្កេតឃើញថាទាំងភូមិបាលក្រុង  ក៏ដូចជាអាជ្ញាធរក្រុង  បានចុះទៅបញ្ជាឲ្យផ្អាកការសាងសង់ដោយចាប់តាំងពីពេលនោះមក  ទីតាំងនេះបានផ្អាកជារៀងរហូត ដោយគេបានទុកចោលសឹងតែវល្លិរុំព័ទ្ធជុំជិតទៅហើយ ។

 

ផ្ទុយទៅវិញ  នៅពេលថ្មីៗនេះ  ស្រាប់តែទីតាំងនេះបានចាប់ផ្តើមកម្រើកឡើងវិញយ៉ាងស្ងាត់ៗដោយបានកែប្រែទៅជាស្ថានីយប្រេងឥន្ធនៈទៅវិញ  ចំណែកផ្នែកខាងក្រោយផ្ទះដែលស្ថិតនៅជាប់នឹងផ្លូវដែក  ក៏គេកំពុងធ្វើការជួសជុលបន្ថែមផងដែរ  ដែលមើលទៅហាក់បីដូចជាការសាងសង់នេះមានច្បាប់យ៉ាងដូច្នេះដែរ ។

 

 
តាមរយៈទូរសព្ទ  នៅវេលាម៉ោង ១០ និង៤៣ នាទី  ព្រឹកថ្ងៃទី ២៨  ខែមីនា  ឆ្នាំ២០១៧ កញ្ញា សុខ គីណា  ប្រធានភូមិបាលក្រុងបាត់ដំបង  បានលើកឡើងថា  កាលណោះកម្លាំងជំនាញ  បានសហការជាមួយនឹងអាជ្ញាធរក្រុង  បានចុះធ្វើការបញ្ជាអោយផ្អាកការសាងសង់  ដោយមិនអនុញ្ញាតបន្តការសាងសង់នេះទៀតឡើង  ព្រោះវាខុសនឹងផ្លូវច្បាប់ទាំងស្រុង  ដោយនៅពេលនេះដែរ  កញ្ញាក៏មិនបានដឹងថាមានការលបលួចសាងសង់ឡើងវិញបែបនេះសោះ ។

 

ដោយឡែកនៅព្រឹកថ្ងៃដដែលនោះដែរ លោក សៀងឯម វូនស្ហ៊ី អភិបាលក្រុងបាត់ដំបងបានមានប្រសាសន៍ដោយបានសង្កត់ធ្ងន់ថា  បញ្ហានេះលោកក៏សូមអរគុណផងដែរដល់សារព័ត៌មានដែលបានផ្តល់ដំណឹងដល់លោកអោយបានដឹង  ហើយលោកនឹងចាត់កំលាំងមន្ត្រីជំនាញឲ្យចុះទៅពិនិត្យឡើងវិញ  ព្រោះមិនអាចបន្តការសាងសង់បាននោះឡើយ ។

 

រាល់បញ្ហាខាងលើនេះក៏មានប្រភពជាច្រើនកំពុងរង់ចាំមើលអំពីចំណាត់ការរបស់អាជ្ញាធរព្រោះបើមិនដូច្នោះទេ  ប្រាកដជាផ្ទះនេះអាចធ្វើជាគំរូដ៏អាក្រក់ដល់អ្នកដទៃហើយថែមទាំងបង្កនូវបញ្ហាជាច្រើនទៀត  ស្របពេលដែលបច្ចុប្បន្នផ្លូវដែកកំពុងចាប់ផ្តើមសាងសង់ប្រដេញពីខេត្តបន្ទាយមានជ័យមកជាបណ្តើរៗផងនោះ ៕

B BB

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង