១០ឆ្នាំមុនឥណ្ឌាឈ្នះកម្ពុជា៦ទល់០ក្នុងដី, ចុះល្ងាចនេះក្នុងដី កម្ពុជាអាចសងសឹកបានទេ?

ភ្នំពេញ៖ ម៉ោង៦និង៣០នាទីល្ងាចនេះ ក្រុមគោព្រៃកម្ពុជា បើកពហុកីឡដ្ឋានជាតិរបស់ខ្លូនទទួលក្រុមខ្លាខៀវឥណ្ឌា ក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្តៅ សាច់ដុំត្រៀមការប្រកួតជម្រុះជើងឯកអាស៊ី២០១៩។
នេះជាលើកទី២ដែលក្រុមទាំងពីរជួបគ្នាក្នុងប្រវត្តិបាល់ទាត់។ កម្ពុជា និងឥណ្ឌាជួបគ្នាគ្រាដំបូងនៅថ្ងៃទី១៧សីហា ឆ្នាំ២០០៧ ការប្រកួតមិត្តភាពដែរ ដែលកាលនោះលេងនៅពហុកីឡដ្ឋានបណ្ឌិត Ambedkar ទីក្រុងញ៉ូដេលី ហើយឥណ្ឌាក្នុងនាមម្ចាស់ផ្ទះបានយកឈ្នះកម្ពុជា ៦ទល់នឹង០ ដែលក្នុងនោះតង់ទី១ ឥណ្ឌានាំមុខ២ទល់នឹង០។

 

ចាំមើលថាតើល្ងាចនេះកម្រិតបច្ចេកទេសក្រុមទាំងពីរដល់កម្រិតណា ឥណ្ឌាបន្តឈ្នះ រឺការប្រកួតមានការប្រែប្រួល? ចង់ជ្រាបកុំភ្លេចចូលរូមទស្សនាអោយ បានច្រើនកុះករ ប៉ុន្តែសំបុត្រប្រភេទទី១តម្លៃ១០០០០រៀលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសថាលក់អស់ ឯប្រភេទទី២អាចរកទិញបាន។

 

ជាការពិត អ្នកគាំទ្របាល់ទាត់កម្ពុជាដឹងច្បាស់ណាស់ថាលទ្ធផលយ៉ាងណា ប៉ុន្តែពូកគាត់មិនអាចបោះបង់ក្រុមជម្រើសជាតិដែលកំពុងមានប្រជាប្រិយនេះ បានឡើយក្នុងនាមជនជាតិកម្ពុជា។ ឥណ្ឌាមកលេងជាមួយកម្ពុជាដោយមានទំនុកចិត្តខ្ពស់ ជាក់ស្តែងគ្រូបង្វឹក លោក Stephen Constantineលើកឡើងក្នុងសន្និសិទមុនការប្រកួតថាឥណ្ឌាមកទីនេះដើម្បីឈ្នះ មិនមែនដើម្បីចាញ់ទេ។ ឯគ្រូបង្វឹកថ្មីសញ្ជាតិប្រេស៊ីស លោក Leonardo Luis គ្រាន់តែលើកឡើងថានឹងប្រើលក្ខណៈពិសេសប្រកួតជាមួយឥណ្ឌាដើម្បីអ្នកគាំទ្រកម្ពុជា។

 

និយាយដោយត្រង់ អ្វីៗកម្ពុជាចាញ់ប្រៀបឥណ្ឌាទាំងអស់តួយ៉ាងដូចជាកាយសម្បទាកីឡាករ (កីឡាករកម្ពុជា តូចជាងឥណ្ឌា) ចំណាត់ថ្នាក់លើពិភពលោក ឥណ្ឌាឈរនៅលំដាប់ទី១៣២ (គិតត្រឹមថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧) ឯកម្ពុជាឈរនៅលំដាប់ទី១៧៣ (គិតត្រឹមថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧)​ ខុសគ្នា៤១លេខ។ បើនិយាយពីការប្រកួតវិញ ៥ប្រកួតចុងក្រោយឥណ្ឌាចាញ់តែមួយប្រកួតទេ គឺចាញ់ ទែកមីនីស្ថាន ១ទល់នឹង២ ក្រៅពីនោះឥណ្ឌា បានយកឈ្នះ ឡាវ ៧ទល់នឹង១ ទាំងពីរជើង ឈ្នះប៊ុយតង់ ៣ទល់នឹង០ និងចុងក្រោយឈ្នះPuerto Rico ៤ទល់នឹង១ ចំនែកកម្ពុជា ៥ប្រកួតចុង ក្រោយចាញ់ទាំងប្រាំគឺចាញ់ សិង្ហបូរី១ទល់០ ចាញ់ម៉ាឡេស៊ី ២ទល់៣ ចាញ់សហភាពមីយ៉ាន់ម៉ា ១ទល់៣ ចាញ់វៀតណាម ១ទល់២ និងចុងក្រោយ ចាញ់អារ៉ាប៊ីសាអូឌីត ១ទល់នឹង៧។

 

តាមរយៈការវិភាគនេះ សម្រាប់កម្ពុជាមានលទ្ធភាពតិចតួចក្នុងការយកឈ្នះឥណ្ឌា ប៉ុន្តែឥណ្ឌាទំនងជាមិនអាចឈ្នះដោយងាយស្រួលបានទេនៅល្ងាចនេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com