៥​​ ចំណុចដែលធ្វើឲ្យ Ford Ranger ២០១៨ កាន់តែលេចធ្លោក្នុងទីផ្សាររថយន្ត Pickup!

(ភ្នំពេញ) ៖ ថ្មីៗនេះក្រុមហ៊ុន Ford បានធ្វើការបង្ហាញនូវរូបរាងពិតរបស់រថយន្ត Pickup  Ford Ranger​ស៊េរីថ្មីឆ្នាំ ២០១៩ ​នៅក្នុងកម្មវិធីសម្ភោធជាផ្លូវការរបស់ខ្លួនក្នុងទីផ្សារប្រទេសថៃ។​ ក្នុងនោះគេសង្កេតឃើញថា​ រថយន្តម៉ូដែល Pickup ជំនាន់ថ្មីនេះ បានធ្វើការកំណែប្រែថ្មីទៅលើការរចនាម៉ូដផ្ទៃខាងមុខថ្មីទាំងស្រុង ដែលធ្វើឲ្យរថយន្ត Ford Ranger ២០១៩ នេះមើលទៅកាន់តែកាច កាន់តែខ្លាំង កាន់តែរឹងមាំ និងកាន់តែទាក់ទាញជាងមុនទៅទៀត។

រថយន្ត Ford Ranger២០១៩ គឺជាកំពូលរថយន្ត Pickup ដែលរចនាឡើងសំរាប់ជំនះគ្រប់ឧបសគ្គនៃការការបើកបរគ្រប់ស្ថានភាពផ្លូវ​  ដែលផ្តល់នូវភាពបត់បែនទៅតាមគ្រប់តម្រូវការរបស់អតិថិជន មិនថាសម្រាប់បើកបរក្នុងទីក្រុង តាមខេត្ត ផ្លូវភ្នំ ផ្លូវថ្មគ្រួស ភក់ ឬផ្លូវខ្សាច់ទេ ។​

ជាមួយគ្នានេះផងដែរ គេសង្កេតឃើញមានបច្ចេកវិទ្យាថ្មីចំនួន៥ ចំណុច ដែលបានធ្វើកំណែប្រែថ្មី ដោយផ្តោតជាសំខាន់ទៅលើការធ្វើឲ្យប្រសើរឡើងនូវបទពិសោធនៃការប្រើប្រាស់ និងផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ ដែលធ្វើឲ្យរថយន្ត Ford Ranger ២០១៩ នេះកាន់តែអស្ចារ្យជាងមុនរួមមានដូចជា៖

ប្រព័ន្ធ Lock និង​បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Passive Entry Passive Start)គឺជាបច្ចេកវិទ្យាថ្មីមួយ​ ដែលបានបំពាក់ទៅលើរថយន្ត Ford Ranger ២០១៩។​ អ្នកគ្រាន់តែទុកសោរ   រថយន្តជាប់នឹងខ្លួនរួចចុចទៅលើប៊ូតុងមួយនៅលើដៃទ្វារ នោះទ្វារនឹង Unlock ដោយខ្លួនឯង។ បន្ទាប់មកទៀតអ្នកអាចចូលទៅក្នុងរថយន្តនិងបញ្ឆេះរថយន្តដោយគ្រាន់តែយកជើងគងហ្វ្រាំង​ រួចចុចប៊ូតុងបញ្ឆេះរថយន្តជាការស្រេច។ ការប្រើ Smart Key បែបនេះមិនត្រឹមតែផ្ដល់ភាពងាយស្រួលអ្នកបើកបរនោះទេ វាក៏ផ្ដល់សុវត្ថិភាពដល់ម្ចាស់រថយន្តផងដែរ។​

Ford Ranger២០១៩ បានធ្វើការផ្លាស់ប្ដូរចង្កៀងខាងដោយមានបំពាក់ភ្លើង LED បំភ្លឺពេលថ្ងៃ និងចង្កៀងគុជ HID ភ្លឺច្បាស់ជាងមុន ជួយសម្រួលការបើកបរនៅពេលយប់បានច្រើន ធ្វើឲ្យការបើកបរនៅពេលយប់មានសុវត្ថិភាពជាងមុន ដោយសារចង្កៀងមុខបានកែប្រែកាន់តែប្រសើរជាងមុននិងមិនធ្វើឲ្យឈឺភ្នែក ព្រោះអ្នកបើកបរមិនចាំបាច់ប្រឹងមើលផ្លូវខ្លាំងពេលបើកបរយប់ ។​

រថយន្តនេះក៏បានបំពាក់នូវប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ។​ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បីចាប់ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។

បច្ចេកវិទ្យានេះជួយកាត់បន្ថយការប៉ះទង្គិចផ្នែកខាងមុខនិងខាងក្រោយបានមួយចំនួនធំ ក៏ដូចជាប្រាប់អ្នកបើកបរនៅពេលមានអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ និងជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខផងដែរ។​

Ford Ranger ២០១៩ គឺជា​រថយន្ត Pick-up ទីមួយដែលមានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិដែលធ្វើឲ្យកាន់តែមានភាពងាយស្រួល​ ដោយតម្រូវឲ្យអ្នកបើកបរគ្រាន់តែយកជើងអបហ្រ្វាំង និងពុំចាំបាច់កាន់ចង្កូតនោះទេនៅពេលចូលចត។ រថយន្តនេះប្រើឧបករណ៍ចាប់សញ្ញា​ Ultrasonic ដើម្បីស្វែងរកកន្លែងដែលធំល្មមអាចចតឡានបាន ឧបករណ៍ចាប់សញ្ញាដំណើរការគ្រប់ពេល តែបានត្រឹមល្បឿនក្រោម 30km/h ប៉ុណ្ណោះ។ នៅពេលវាចាប់កន្លែងដែលអាចចតរថយន្តបានហើយ វានឹងឲ្យសញ្ញាទៅអ្នកបើកបរនូវរបៀបចូលចត។ ប្រព័ន្ធជំនួយចូលចតអាចប្រាប់ពីទំហំនៃកន្លែងណាដែលគួរនិងមិនគួរចតដែលអាចធ្វើឲ្យប៉ះពាល់រថយន្តដទៃ។

នៅពេលកំពុងចូលចត រថយន្តនឹងរក្សាល្បឿនក្រោម 10km/h ជានិច្ចដើម្បីការពារការប៉ះរថយន្តដទៃ ក្នុងខណៈនេះអ្នកពុំចាំបាច់កាន់ចង្កូតទៅនោះទេ អ្នកគ្រាន់តែដាក់លេខ យកជើងអបហ្រ្វាំងនិងហ្គាតែប៉ណ្ណោះ។ ម្យ៉ាងទៀតប្រព័ន្ធនេះនឹងបិទដោយស្វ័យប្រវត្តិនៅពេលអ្នកយកដៃទៅកាន់ចង្កូតម្ដងទៀត។​​ បច្ចេកវិទ្យានេះជួយសម្រួលដល់ការ​ចូលចត ជាពិសេសនៅពេលចូលចតកន្លែងចង្អៀត ផ្ដល់ភាពងាយស្រួលអ្នកមិនចាំបាច់ចំនាយពេលយូរ ផ្ដល់សុវត្ថិភាពនិងកាត់បន្ថយការភាពស្ត្រេសនិងកាត់បន្ថយការប៉ះទង្គិចនៅពេលចូលចតផងដែរ។

សម្បីតែផ្នែកខាងក្រោយក៏បានធ្វើការរចនាជាថ្មី ធ្វើឲ្យការលើកដាក់ឥវ៉ាន់កាន់តែងាយស្រួលព្រោះទ្វារខាងក្រោយមានភាពស្រាលជាងមុន និងបានបំពាក់ទៅដោយបូម ខុសពីរថយន្តម៉ូដែលមុនៗ ដែលតម្រូវឲ្យប្រើកម្លាំងខ្លាំងនៅពេលបើកម្ដងៗ។ ជាមួយការកែច្នៃថ្មីនេះនៅពេលអ្នកបើកឬបិទទ្វារខាងក្រោយទុកដាក់ឥវ៉ាន់ អ្នកពុំចាំបាច់ប្រើកម្លាំងខ្លាំងដូចមុនទៀតនោះទេ។

មិនតែប៉ុណ្ណោះ សមត្ថភាព​ជើងក្រោមរបស់ Ford Ranger 2019 ត្រូវបានកែច្នៃបន្ថែម ដែលប្រកបដោយភាពធន់រឹងមាំជាងមុន គឺសំដៅទៅលើសុវត្ថិភាពជាពិសេសដល់ការទប់លំនឹងដោយមានភាពហាប់ណែនជាងមុន​ ធ្វើឲ្យការផ្ទុកទំងន់ អូស​ សណ្ដោងក្នុងស្ថានភាពផ្លូវលំបាកក៏ដូចជានៅពេលបត់បែនប្រកបដោយសុវត្ថិភាព និងជួយកាត់បន្ថយសម្លេងកង់ពេលបើកបរលើផ្លូវរាបផងដែរ។​ ការកែច្នៃចុងក្រោយនេះនឹងធ្វើឲ្យសមត្ថភាពនៃការបើកបររបស់ Ford Ranger ២០១៩ កាន់តែប្រសើរ និងមានផាសុកភាពជាងមុនដូចជាការកាត់បន្ថយសម្លេង​ ភាពញ័រ បង្កើនភាពទន់ភ្លន់មិនរលាក់ខ្លាំងដូចមុន។ ទាំងនេះដោយសារប្រព័ន្ធជើងក្រោមបានកែច្នៃបន្ថែម ដោយការផ្លាស់ប្ដូរទីតាំងរបស់ដៃទប់ឃ្លោងផ្នែកខាងមុខផ្ទុយពីទិសដៅចាស់ ការប្ដូរទីតាំងកៅស៊ូទប់អុកមកទីតាំងដែលមានសមត្ថភាពខ្លាំងជាងមុន និងការរៀបចំឲ្យមានចលនាមុំរបស់កៅស៊ូទប់ស្លាបប្រចៀវក្រោមឲ្យកាន់តែមានសុពលភាពក្នុងការទប់។

ការផ្លាស់ប្ដូរខាងលើនេះផ្ដល់អត្ថប្រយោជន៍ដូចជា ចង្កូតងាយស្រួលបត់បែនជាងមុន បង្កើន

ផាសុកភាពពេលបើកបរ បង្កើនសមត្ថភាពទប់លំនឹងរថយន្តពេលបើកបរផ្លូវរអិលឬផ្លូវលំបាក ជាពិសេសកាត់បន្ថយសម្លេងកកិតរបស់កង់ដែលតែងរំខានអ្នកពេលបើកបរលើផ្លូវរាប។សរុបមកការផ្លាស់ប្រព័ន្ធជើងក្រោមថ្មីនេះ​នឹងជួយសម្រួលបន្ថែមឲ្យកាន់តែប្រសើរថែមទៀតដល់បទពិសោធន៍ក្នុងការបើកបរគ្រប់កាលៈទេសៈ៕

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង