ម៉ាស៊ីនថតឆ្លុះស្បូន (Hysteroscopy) ស៊េរីទំនើបចុងក្រោយបំផុត២គ្រឿង មានតម្លៃជាង២សែនដុល្លារ ត្រូវបានប្រគល់ជូនដល់មន្ទីរចំនួន២ តាមរយៈសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា

(ភ្នំពេញ)៖  ម៉ាស៊ីនថតឆ្លុះស្បូន (Hysteroscopy) ស៊េរីទំនើបចុងក្រោយបំផុតចំនួន២គ្រឿង ដែលបច្ចុប្បន្នមន្ទីរពេទ្យធំៗនៅលើពិភពលោកបាននិងកំពុងប្រើប្រាស់មានតម្លៃជាង២សែនដុល្លារអាមេរិកដែលជាអំណោយដ៏ថ្តៃថ្លារបស់មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន តាមរយៈសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាត្រូវបានប្រគល់ ជូនមន្ទីរពេទ្យចំនួន២ គឺមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។

ពិធីប្រគល់ និងទទួលនេះបានប្រារព្វធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា អនុប្រធានស.ស.យ.ក និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក លោកបណ្ឌិត Billy Chan ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទីក្រុងម៉ាកាវ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងមានការចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងក្រុមគ្រួសារនៃស.ស.យ.ក និងសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជិត២០០នាក់។

ថ្លែងក្នុងឱកាសដ៏ប្រពៃនេះលោកនាយកមន្ទីរពេទ្យបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទីក្រុងម៉ាកាវ និងសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានផ្តល់នូវម៉ាស៊ីនឆ្លុះស្បូននេះដល់មន្ទីរពេទ្យរបស់លោកព្រោះម៉ាស៊ីននេះមានប្រសិទ្ធភាពខ្ពស់ណាស់សម្រាប់ថតឆ្លុះរកនូវអាការមិនប្រក្រតី និងជំងឺនានាដែលពាក់ព័ន្ធនឹងស្បូនរបស់ស្ត្រី ដូចជាដុំពក គីស ភាពកន្រ្តាក់ខុសប្រក្រតីនៃស្បូន និងមហារីកមាត់ស្បូនជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ហេង សុខគង់ ក្នុងនាមលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានថ្លែងកោតសរសើរ និងអំណរគុណដល់មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជានិច្ចកាលបានសហការល្អ និងផ្តល់ក្រុមគ្រូពេទ្យល្អៗ និងពូកែៗដើម្បីចូលរួមការងារបេសកកម្មពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មារិនី ព្រះសង្ឃ និងបងប្អូនខ្មែរអ៊ិស្លាមដែលនៅឆ្ងាយពីសេវាសុខាភិបាលដោយឥតគិតថ្លៃនារយៈកាលកន្លងមក ក៏ដូចជាក្នុងការជួយសម្របសម្រួលដល់អ្នកជំងឺក្រីក្រដែលមកពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យតាមរយៈសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក។

ឯកឧត្តមក៏បានរំលឹកផងដែរថា សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងដែលមានលោកជំទាវ យឹម ឆៃលីន ជាប្រធានកិត្តិយស។

ក្នុងរយៈពេលជិត៤ឆ្នាំនេះសម្ព័ន្ធគ្រូពេទ្យបានពង្រីកសមាជិករបស់ខ្លួនបានគ្រប់ជំនាញវេជ្ជសាស្ត្រ ព្រមទាំងមានសាខានៅតាមបណ្តាខេត្ត សាកលវិទ្យាល័យ និងមន្ទីរពេទ្យនានាសរុប៤.៦៨៨នាក់ ដោយបានចុះពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋសរុបបាន១៣៨.៥៦៨នាក់ ក្នុង២០រាជធានី ខេត្ត ក្នុងនោះព្រះសង្ឃបាន៦៩៨អង្គ កម្មករ កម្មារិនីបាន២២.៨៦៩នាក់ និងបងប្អូនខ្មែរអ៊ិស្លាម៣.៦៣៥នាក់ វះកាត់បានចំនួន១.០៨៨ករណី ចាក់វ៉ាក់សាំងការពារជំងឺថ្លើមប្រភេទបេបាន៧៤០នាក់ បន្តក់ថ្នាំវីតាមីនការពារជំងឺងងឹតមាន់ និងជំងឺគ្រុនស្វិតដៃជើងបាន១.២១១នាក់ ព្រមទាំងការអប់រំសុខភាពមាត់ធ្មេញ និងចែកថ្នាំដុសធ្មេញ និងច្រាស់ដុសធ្មេញដល់កុមារបាន២.១៨៩នាក់ផងដែរ។

ថ្លែងក្នុងឱកាសដ៏ប្រពៃលោកបណ្ឌិត Billy Chan ក្នុងនាមលោកបណ្ឌិត Manson Fok ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៃទីក្រុងម៉ាកាវបានថ្លែងអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា ហើយគាំទ្រចំពោះសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបន្តទៀត ។ លោកបណ្ឌិតក៏បានលើកឡើងពីកិច្ចសហការល្អរវាងមហាវិទ្យាល័យរបស់លោក និងសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក តាំងពីការចុះអនុស្សរណៈនៃការយោគយល់គ្នានាឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ។

លោកបានសន្យានៅក្នុងការបន្តជួយឧបត្ថម្ភគាំទ្រទាំងផ្នែកសម្ភារ និងការបណ្តុះបណ្តាលធនធានមនុស្សដល់វេជ្ជបណ្ឌិតកម្ពុជាតាមរយៈសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក។

ជាមួយនឹងអំណរសាទរនេះដែរ ឯកឧត្តម សុះ មុះសិន ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក នារយៈកាលកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់លោកបណ្ឌិត Billy Chan និងសហការីដែលជានិច្ចកាលជួយឧបត្ថម្ភគាំទ្រដល់វិស័យវេជ្ជសាស្ត្រនៅកម្ពុជា ជាក់ស្តែងការឧបត្ថម្ភនូវម៉ាស៊ីនថតឆ្លុះស្បូនដ៏ទំនើប និងជាបច្ចេកវិទ្យាចុងក្រោយនាឱកាសនេះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង