អាជ្ញាធរថៃ អនុញ្ញាតឲ្យអាជីវករខ្មែរនាំទំនិញរំលោភកម្មសិទ្ធិបញ្ញាមកកម្ពុជាវិញ

(បន្ទាយមានជ័យ) ៖ ទំនិញដែលអាជ្ញាធរថៃ ចោទថារំលោភកម្មសិទ្ធិបញ្ញា ដែលអាជីវករខ្មែរ ដាក់លក់នៅផ្សាររុងក្លឿ ក្នុងទឹកដីថៃ ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ឥឡូវត្រូវបានភាគីថៃអនុញ្ញាតឲ្យអាជីវករខ្មែរនាំទំនិញទាំងនេះមកក្នុងទឹកដីកម្ពុជាវិញហើយ។

 

អាជីវករខ្មែរបានឲ្យដឹងថា ការអនុញ្ញាតឲ្យនាំទំនិញដែលថៃចោទថាល្មើសច្បាប់ ហើយឲ្យនាំត្រឡប់មកវិញ គឺក្រោយជំនួបប្រជុំរវាង អាជ្ញាធរថៃ និងក្រុមអាជីវករខ្មែរ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅក្នុងទឹកដីថៃ ដោយកំណត់ឲ្យអាជីវករខ្មែរ ធ្វើយ៉ាងណាត្រូវប្រមូលដឹកចេញឲ្យអស់ពីតូបលក់ដូរត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ បើមិនដូច្នោះ ប្រសិនបើដឹងថា តូបណានៅតែបន្តដាក់លក់ ឬស្តុកទំនិញរំលោភកម្មសិទ្ធិបញ្ញានេះទៀត អាជ្ញាធរថៃ នឹងអនុវត្តច្បាប់ដោយមិនមានការអនុគ្រោះទៀតឡើយ។

 

គួររំឭថា កាលពីកន្លទៅនេះ អាជ្ញាធរថៃ បានចុះអនុវត្តច្បាប់ ចាប់ទំនិញរំលោភកម្មសិទ្ធិបញ្ញា និងឃាត់ខ្លួនអាជីវករខ្មែរណាដែលលក់ទំនិញទាំងនេះ ដែល ធ្វើឲ្យក្រុមអាជីវករខ្មែរភ័យខ្លាច រហូតនាំគ្នាបិតតូបលក់ដូរ ហើយនាំគ្នាតវ៉ាសុំការអន្តរាគមន៍ពីអាជ្ញាធរកម្ពុជាជាច្រើនលើកផងដែរ។

ទាក់ទង់នឹងបញ្ហាអាជ្ញាធរ និងសមត្ថកិច្ចថៃបើកភ្លើងខៀវឲ្យអាជីវករខ្មែរនាំទំនិញត្រឡប់មកក្នុងទឹកដីខ្លួនវិញ ត្រូវបានធ្វើឡើងស្របពេលដែលអាជីវករខ្មែរគ្រោងតវ៉ាបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី២៥ ខាងមុខនេះ។

ទោះបីជាថៃអាជ្ញាធរអនុញាតពិតមែន ប៉ុន្តែមកដល់ថ្ងៃនេះនៅមិនទាន់ឃើញមានអាជីវករខ្មែរណាម្នាក់ សម្រុកនាំទំនិញចេញទាំងនោះចូលមកក្នុងទឹកដីកម្ពុជាវិញនោះទេ៕

photo_2017-03-20_09-45-38 photo_2017-03-20_09-45-49 photo_2017-03-20_09-46-00 photo_2017-03-20_09-46-06

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com