លោក សុខ ឥសាន្ត ថាប្តឹង បើមិនប្តូរ លោក សុន ឆ័យ ថាប្តូរបើតុលាការថាខុស

(ភ្នំពេញ) ៖ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជកម្ពុជាបានលើកឡើងជាថ្មីពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិថា គណបក្សលោកនៅតែប្រកាន់ជំហរ ក្នុងការប្តឹងទៅកាន់តុលាការ ប្រសិនបើគណបក្សសង្គ្រោះជាតិនៅតែមិនព្រមបញ្ឈប់ការប្រើប្រាស់ពាក្រស្លោក «ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត»។

 

ក្នុងកិច្ចសម្ភាសជាមួយ Swift News លោក សុខ ឥសាន្ត បានបញ្ជាក់ដូច្នេះថា «ខ្ញុំទុកពេលឲ្យគាត់បន្តិចទៀត ប្រសិនជាគាត់មិនព្រមបញ្ឈប់ការប្រើពាក្យស្លោកនោះទេ យើងនៅតែបន្តប្តឹងទៅកាន់តុលាការ ដូចដែលអ្នកនាំពាក្យលើកឡើងក្នុងសេចក្តីថ្លែងការណ៍ចឹង។ តែយើងមិនទាន់ធ្វើពេលនេះទេ រង់ចាំមើលចំណាត់ការរបស់ក្រសួងមហាផ្ទៃ និង គ.ជ.ប សិន បើគេមិនមានចំណាត់ការរឿងនឹងទេ យើងប្តឹងទៅតុលាការហើយ។…. តែមិនដឹងថាពេលណាទេ»។

 

ពាក់ព័ន្ធនឹងការអះអាងនេះ តំណាងរាស្រ្តមណ្ឌលភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានបង្ហាញជំហររបស់គណបក្សពាក់ព័ន្ធទៅនឹងពាក្យស្លោកប្រចាំបក្សសម្រាប់ឆ្នាំ២០១៧នេះថា អាចផ្លាស់ប្តូរបាន គ្មានអ្វីពិបាកនោះទេ បើកាលណាតុលាការ ឬស្ថាប័នពាក់ព័ន្ធណាមួយដែលអះអាងថា វាខុសដោយប្រការណាមួយនោះ។

 

នៅចំពោះមុខអ្នកសារព័ត៌មាន ជិតពន្ធនាគារព្រៃស លោក សុន ឆ័យ បានលើកឡើងដូច្នេះថា «ពាក្យស្លោកមិនមានអ្វី ដែលពិបាកនឹងដោះស្រាយនោះទេ កាលណាតុលាការ ឬស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធនឹងពាក្យស្លោកថាវាមិនត្រឹមត្រូវ និងប៉ះពាល់ដល់អ្វីមួយនោះ គណបក្សសង្គ្រោះជាតិនឹងគិតទៅតាមហ្នឹង មិនហ៊ានរឹងទទឹងទេ»។

 

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ក្នុងកិច្ចសម្ភាសជាមួយ Swift News ពាក់ព័ន្ធនឹងពាក្យស្លោកដែលលោកឡើងថា «ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ត្រូវបានតំណាងរាស្រ្តមណ្ឌលភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិរូបនេះទទួលស្គាល់ថា កំពុងបានផ្សព្វផ្សាយស្ទើរទូទាំងប្រទេសទៅហើយ។

លោកបានបន្តថា យ៉ាងណាចំពោះការបោះពុម្ភផ្សាយនូវគោលនយោបាយទាំងប្រាំចំណុចរបស់គណបក្សសង្គ្រោះជាតិ ដើម្បីចូលរួមឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះ នឹងមិនបញ្ចូលពាក្យស្លោក «ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» នោះទេ។

លោក សុន ឆ័យ បានមានប្រសាសន៍ថា «ឥឡូវឲ្យទៅដកចេញមកវិញ កុំឲ្យប្រជាពលរដ្ឋឮពាក្យហ្នឹងក៏អត់កើតដែរ ប៉ុន្តែគណបក្សសង្រ្គោះជាតិ នឹងរៀបចំគោលនយោបាយទាំងប្រាំចំណុច ហើយចែកចាយជូនប្រជាពលរដ្ឋ ពុំមានពាក្យស្លោកនោះទេ»។

ក្រោយសមាជគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានសមាជជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិថ្មី ហើយលោកបានដាក់បង្ហាញនូវពាក្យស្លោកថា «ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» នៅចំពោះមុខសមាជិករបស់ខ្លួន ជាមួយនឹងគោលនយោបាយចំនួនប្រាំចំណុចផ្សេងទៀត។

ក្រោយសមាជនោះប៉ុន្មានថ្ងៃ គណបក្សប្រជាជនកម្ពុជាចេញសេចក្តីថ្លែងការណ៍ទាមទារឲ្យគណបក្សសង្គ្រោះជាតិ ផ្លាស់ប្តូរពាក្យស្លោករបស់ខ្លួនចេញ ហើយក៏បានគម្រាមថា បើមិនមានការផ្លាស់ប្តូរនោះទេ នឹងប្ដឹងឡើងទៅតុលាការ។ ដូចគ្នានេះដែរ ខាងសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក៏បានព្រមានប្តឹងទៅកាន់តុលាការដែរ ប្រសិនបើគណបក្សសង្គ្រោះជាតិមិនព្រមផ្លាស់ប្តូរពាក្សស្លោករបស់ខ្លួនចេញ។

ការព្រមានប្តឹងពីគណបក្សប្រជាជនកម្ពុជា ក៏ដូចពីខាងសាលារាជធានីភ្នំពេញ ទៅកាន់តុលាការពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យស្លោកខាងលើ ដោយសំអាងហេតុថា ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មេឃុំ និងចៅសង្កាត់ ដែលកំពុងអនុវត្តការងារជួយប្រជាពលរដ្ឋប្រចាំថ្ងៃ។ ស្របពេលដែលគណបក្សប្រជាជនកម្ពុជាចេញសេចក្តីថ្លែងការណ៍នេះ មេឃុំ និងចៅសង្កាត់មួយចំនួន បានធ្វើញត្តិថ្កោលទោសគណបក្សសង្គ្រោះជាតិបន្តបន្ទាប់  និងទាមទារឲ្យមានការថ្កោលទោសនូវទង្វើប្រមាថម៉ាក់ងាយខាងលើនោះទៅតាមផ្លូវច្បាប់។

ក្នុងកិច្ចសម្ភាសជាមួយលោក មាន សទិ សមាជិក គ.ជ.ប នាពេលកន្លងមកនេះ ពាក់ព័ន្ធនឹងពាក្យស្លោកខាងលើ លោកបានបញ្ជាក់ពីជំហរ គ.ជ.ប នោះមិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ។

លោកបានបន្តថា គ.ជ.ប មានសមត្ថកិច្ចតែក្នុងអំឡុងឃោសនាប៉ុណ្ណោះ ប៉ុន្តែក្នុងកំឡុងពេលនេះ មិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ឡើង៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង