កុមារច្រើនជាង៥០ភាគរយ ស្ថិតក្នុងស្រុកពីររបស់ខេត្តស្ទឹងត្រែង នឹងស្ថិតក្រោមកិច្ចការពារ

(ស្ទឹងត្រែង) ៖ តាមការស្រាវជ្រាវរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាបានបង្ហាញថា កុមារច្រើនជាង៥០ភាគរយស្ថិតនៅស្រុកចំនួនប្រាំនៅខេត្តស្ទឹងត្រែងកំពុងប្រឈមខ្ពស់នឹងការបាត់បង់សិទ្ធិទទួលបានសកម្មភាពបង្ការ និងឆ្លើយតបចំពោះអំពើហិង្សា ដែលក្នុងនោះមានស្រុកចំនួនពីរ ក្នុងចំណោមស្រុកចំនួនបួន ត្រូវបានជ្រើសរើសជាស្រុកគោលដៅ សម្រាប់គម្រោងកិច្ចការពារកុមារ និងគាំពារអភិវឌ្ឍន៍កុមារតូចរបស់អង្គការ។

គម្រោងនេះបានយកស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់ ដើម្បីផ្តោតលើគម្រោងកិច្ចការពារកុមារ និងគាំពារអភិវឌ្ឍន៍កុមារតូច ដោយមានផែនការលើស្ទួយដល់ការអភិវឌ្ឍន៍កុមារ ហើយពួកគាត់អាចធ្វើសកម្មភាពបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាផងដែរ។
លោក យី គឹមថាន់ ប្រធានកម្មវិធីថ្នាក់ជាតិនៃអង្គការភ្លែនអន្តរជាតិកម្ពុជា គ្រាបើកពិធីសម្ភោធគម្រោងកិច្ចការពារកុមារ កាលពីព្រឹកថ្ងៃទី១៧ មីនា២០១៧ ស្ថិតនៅសាលសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីលោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង លោកព្រះរាជ្ញារងអមខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរភូមិឃុំ និងតំណាងសហគមន៍ផងដែរ។ 
លោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងក្នុងឱកាសនេះថា រដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិតបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាស្ត្រី និងកុមារ។
ជាពិសេស រាជរដ្ឋាភិបាលក៏បានរៀបចំគោលនយោបាយជាច្រើន ដើម្បីការពារដល់ស្ត្រីនិងកុមារ រួមមានបទដ្ឋានគតិយុត្តិ និងច្បាប់ជាច្រើនដូចជាច្បាប់ការពារអនីតិជន ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដែលច្បាប់ទាំងនោះមានគោលបំណងលើកកម្ពស់ការពារសិទ្ធិស្ត្រី និងកុមារ ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀង អន្តរជាតិនានា ដែលពាក់ព័ន្ធនឹងសិទ្ធិរបស់ស្ត្រី និងកុមារ។
លោក យី គឹមថាន់ ប្រធានកម្មវិធីថ្នាក់ជាតិនៃអង្គការភ្លែនអន្តរជាតិ បានបញ្ជាក់បន្ថែមថា អង្គការភ្លែនមានគោលដៅសំខាន់ៗប្រាំ ដែលត្រូវអនុវត្តន៍រួមមានគម្រោងកិច្ចការពារកុមារ កម្មវិធីគាំពារ និងអភិវឌ្ឍន៍កុមាតូច កម្មវិធីអាហារូបត្ថម កម្មវិធីទឹកស្អាតនិងអនាម័យ និងកម្មវិធីអប់រំថ្នាក់បឋមសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដោយមានផែនការយុទ្ធសាស្ត្រប្រចាំប្រទេស រយៈពេលប្រាំឆ្នាំ។
លោកបន្តថា កុមារនឹងអាចចេះការពារខ្លួនពីកុមារដទៃទៀត ហើយពួកគាត់អាចធ្វើសកម្មភាពបង្ការ និងឆ្លើយតបចំពោះអំពើហិង្សា។ ចំណែកឪពុកម្តាយអាណាព្យាបាល និងសហគមន៍ក្នុងតំបន់គោលដៅអាចថែរក្សា និងចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជមាន និងគ្មានអំពើហិង្សា។ រីឯ យន្តការរបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងកុមារអាចបង្ការ និងសហការក្នុងការផ្តល់សេវាបញ្ជូន និងឆ្លើយតបចំពោះកិច្ចការកុមារ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង