មូលនិធិកូហ្វីអាណាន់ ៖ ការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខសង្ឃឹមមានសុច្ចរិតភាព (វីដេអូ)
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជួបពិភាក្សាជាមួយគណៈប្រតិភូមូលនិធិកូហ្វីអាណាន់ អំពីការរៀបចំ និងដំណើរការរបស់ស្ថាប័នមួយនេះនាពេលកន្លកមក និងទៅអនាគត។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អមដោយអ្នកបកប្រៃជាភាសាខ្មែរ តំណាងមូលនិធិកូហ្វីអាណាន់បានលើកឡើងថា មូលនិធិ កូហ្វី អាណាន់ ចង់ឃើញការរៀបចំការបោះឆ្នោតមួយដែលមានសុច្ចរិតភាព។
ដោយឡែកសម្រាប់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា មូលនិធិ កូហ្វី អាណាន់ ដែលចង់បាន និងចង់ឃើញការបោះឆ្នោតមួយប្រកបសុច្ចរិតភាព វាពិតជាមានអត្ថប្រយោជន៍ និងប្រយោជន៍ណាស់សម្រាប់ខ្មែរ។
លោកបានបញ្ជាក់ថា នេះជាលើកទីពីហើយ ដែលគណៈប្រតិភូមូលនិធិបកូហ្វី អាណាន់ បានមកដល់កម្ពុជា។
តំណាងមូលនិធិបានមានប្រសាសន៍ថា «យើងចង់បាននូវការបោះឆ្នោតមួយដែលមានសុច្ចរិភាព។ …ខ្ញុំក៏អាចរំពឹងទុកថា ការបោះឆ្នោតនាពេលខាងមុននឹងដំណើរការបានល្អជាងអ្វីដែលយើងធ្លាប់បានឃើញកន្លងមក»។
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ជាថ្ងៃដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយមានការគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជា សហគមន៍អឺរ៉ុប ជប៉ុន និងប្រទេសចិនជាដើម។ តាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នាពេលកន្លងមក បានបញ្ជាក់ថាគណបក្សដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងមានចំនួន១២ គណបក្សនយោបាយ ក្នុងនោះមាន បេក្ខភាពសរុបប្រមាណជាងប្រាំបួនពាន់នាក់ ហើយបានឈរឈ្មោះបោះឆ្នោតចំនួន១៦៤៦ឃុំ-សង្កាត់នៅទូទាំងប្រទេស៕

